អានតួអត្ថបទ
កម្ពុជា

ទំនាស់​ដី​ធ្លី​មួយ​កន្លែង​នៅ​ខេត្ត​រតន​គីរី​ឈាន​ដល់​ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​

ដីចម្ការ​កៅស៊ូ​នៅ​ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី ទំហំ​ប្រមាណ​ជា២ពាន់​ហិកតា ធ្វើឱ្យមាន​ការ​ប្រឈម​មុខ​ដាក់គ្នា រវាង​ប្រជាពលរដ្ឋ​៣០០គ្រួសារ នៅ​ឃុំ​អូរ​ជុំ និង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហ្វីល រ៉ាប់​ប៊ើ លី​មី​ធី​ត។ ការ​ប្រឈមមុខ ដែល​ឈានដល់​ការប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ ដើម្បី​រុះរើ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ តាម​អំណាច​សាលក្រម​តុលាការខេត្ត ត្រូវបាន​រម្ងាប់​ទៅវិញ បន្ទាប់ពី​ប្រជាពលរដ្ឋ​ប្រឆាំង​តបត ហើយ​អាជ្ញាធរ​មូលដ្ឋាន​សន្យា​ដោះស្រាយ​វិវាទ​នោះ​ដោយ​សន្តិវិធី។

ប្រជាពលរដ្ឋនៅក្នុងស្រុកអូរជុំរារាំងអាជ្ញាធរមិនឲ្យរុះរើលំនៅដ្ឋានរបស់ពួកគេ។
ប្រជាពលរដ្ឋនៅក្នុងស្រុកអូរជុំរារាំងអាជ្ញាធរមិនឲ្យរុះរើលំនៅដ្ឋានរបស់ពួកគេ។ @Adhoc
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ប្រហែល៧០០នាក់ នៅ​ខេត្ត​រតនគីរី បាន​លើកគ្នា​ប្រឆាំងនឹង​ការចុះ​រុះរើ​លំនៅដ្ឋាន​របស់ខ្លួន ដែល​ស្ថិតក្នុង​ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ដោយ​កងកម្លាំងប្រដាប់អាវុធ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២២ ខែឧសភា។ នេះ​ជាការ​ប្រឈមមុខ​ដាក់គ្នា ដែល​ហៀបនឹង​ផ្ទុះ​អំពើហិង្សា នៅក្នុង​ការអនុវត្ត​សាលក្រមរបស់​តុលាការខេត្ត​រតនគីរី ដែល​បានសម្រេច​ប្រគល់​ដីចម្ការ​កៅស៊ូ​ទំហំ​ប្រមាណ​ជា២ពាន់​ហិកតា ទៅឱ្យ​ក្រុមហ៊ុន ហ្វីល ​រ៉ាប់​ប៊ើ លី​មី​ធី​ត។

ការអនុវត្ត​សាលក្រម ដោយ​កម្លាំងប្រដាប់អាវុធ ត្រូវបាន​អាក់ខាន​ទៅវិញ ដោយសារ​ប្រជាពលរដ្ឋ ប្រហែល១០២គ្រួសារ ដែល​បាន​តាំងទី​លំនៅ​លើដី​ចម្ការកៅស៊ូ​នោះ​ជា​យូរ​មកហើយ មិន​ព្រម​ចាក​ចេញពី​លំនៅដ្ឋាន ហើយ​លើក​ដើមឈើ​មក​រាំងផ្លូវ​ពី​ទី​រួម​ខេត្ត​រតនគីរី​ទៅ​ស្រុក​អូរ​ជុំ។ ជម្លោះ​ថ្ងៃនេះ​បានកើត​ឡើង បន្ទាប់ពី​អាជ្ញាធរ​បាន​រុះរើ​ខ្ទម​របស់​ប្រជាពលរដ្ឋ​ចំណូល​ថ្មី​ប្រហែល២០០គ្រួសារ​ផ្សេងទៀត កាលពី​ថ្ងៃទី២១ ខែឧសភា។

ដីចម្ការ​កៅស៊ូ​នោះ ពីដំបូង​ឡើយ ជា​ដី​របស់​រដ្ឋ ហើយ​រដ្ឋ​បាន​ប្រគល់ឱ្យ​ក្រុមហ៊ុន​តាយសេង​វិនិយោគ។ ក្រោយមក ក្រុមហ៊ុន ហ្វីល រ៉ាប់​ប៊ើ លី​មី​ធី បានទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល ដើម្បី​ធ្វើ​អាជីវកម្ម​បន្ត ពី​ក្រុមហ៊ុន តាយសេង។

ប៉ុន្តែ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​ជាន់​លើ​ចម្ការកៅស៊ូ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ប្រមាណ១០២គ្រួសារ។ ក្នុងចំណោម​នោះ គ្រួសារ​ខ្លះ​បាន​អាស្រ័យ​ផល​លើទីតាំង​​នោះ តាំងពី​ទស្សវត្សរ៍​ឆ្នាំ១៩៦០ ហើយ​គ្រួសារ​ខ្លះទៀត​បានចាប់ផ្តើម​តាំងពី​ឆ្នាំ១៩៩៤។

ក្រៅពីនេះ ប្រជាពលរដ្ឋ​ប្រហែល២០០គ្រួសារ​ក្រោយ ដែល​មកពី​ខេត្តកំពង់ចាម ព្រៃវែង និង​បាត់ដំបង ជាដើម ហើយ​ដែល​ត្រូវ​អាជ្ញាធរ​រើ​ខ្ទម​ចោល​នោះ ទើបតែ​ចូល​តាំងទី​នៅលើ​ដី​នោះ អំឡុងពេល​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ២០១៣ប៉ុណ្ណោះ។

មិនមាន​អំពើហិង្សា​ណាមួយ​កើតឡើង​គួរឱ្យកត់សម្គាល់​ទេ ក្រៅតែពី​ការចាប់ខ្លួន​ជា​ពលរដ្ឋ២នាក់​ដាក់​ក្នុង​ឡាន បម្រុង​ដឹកចេញទៅ ប៉ុន្តែ​ប្រជាពលរដ្ឋ​ផ្សេងទៀត​បាន​ដណ្តើម​អ្នក​ត្រូវ​ចាប់ខ្លួន​នោះបាន​មកវិញ។

ក្រោម​ការសម្របសម្រួល​ពី​អង្គការ​អាដហុក ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន​បាន​ផ្អាក​ប្រតិបត្តិ​ការអនុវត្ត​សាលក្រម​តុលាការ ហើយ​សន្យា​រក​ដំណោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ ទៅតាម​គោលការណ៍​ច្បាប់​ភូមិបាល ព្រមទាំង​ស្នើឱ្យ​ពួកគេ​បើ​ផ្លូវ​ឡើងវិញ។

ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំងនោះ គ្រួសារ​ខ្លះ​មាន​លិខិត​កាន់កាប់​ដីចម្ការ ដែល​ផ្តល់ឱ្យ​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​ផងដែរ។ បើតាម​អាជ្ញាធរ​ស្រុក ប្រជាពលរដ្ឋ​ចាស់ ដែល​តាំងទី​លើដី​នោះ​តាំងពី​យូរ​មកហើយ​នោះ មានតែ៨គ្រួសារ​ទេ ហើយ​អ្នក​ក្រៅពីនោះ​សុទ្ធសឹងតែ​ជា​ជន​ចំណូល​ថ្មី។ ទោះបីជា​យ៉ាងណាក្តី សមាគម​អាដហុក​បាន​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បណ្តេញចេញ ដាក់ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល តាមរយៈ​ការិយាល័យ​របស់ខ្លួន​ប្រចាំ​នៅ​ខេត្ត​រតនគីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ