អានតួអត្ថបទ
កម្ពុជា

ជីម៉ាក​ ថា​សហជីព​បង្វែរ​កូដកម្ម​កម្មករ​ទៅ​ក្រុង​បាវិត​ក្រោយ​បរាជ័យ​នៅ​ភ្នំពេញ​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ជីម៉ាក( GMAC) បាន​លើកឡើងថា កួដ​កម្ម​កម្មករ​ដែល​កំពុង​ធ្វើ​នៅក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង​នៅពេលនេះ បាន​កើតឡើង​ក្រោយ​ពេល​ដែល​ក្រុម​សហជីព​បាន​បរាជ័យ​ក្នុងការ​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​នៅ​រាជធានី​ភ្នំពេញ​។​ជីម៉ាក បានលើកឡើង​ដូច្នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​ពិសេស​របស់ខ្លួន​កាលពី​ទី២៥ មេសា ម្សិលមិញ។​​ក៏ប៉ុន្តែ​សហជីព​បាន​ច្រានចោល​ដោយ​អះអាងថា ការផ្ទុះ​កូដកម្ម​នៅ​បាវិត​នេះ​ គឺ​ស្របទៅនឹង​កូដកម្ម​នៅ​កន្លែង​ផ្សេងទៀត​រួមទាំង​រាជធានី​ភ្នំពេញ​ផងដែរ។

​ក្រុម​កម្មករតវ៉ានៅ​ក្នុង​ទីក្រុង​បាវិត ខេត្ត​ស្វាយរៀង នាពេលកន្លងមក។
​ក្រុម​កម្មករតវ៉ានៅ​ក្នុង​ទីក្រុង​បាវិត ខេត្ត​ស្វាយរៀង នាពេលកន្លងមក។ @Facebook
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ចង្អុលចំៗ ថា សម្ព័ន្ធ​​សហជីព​ចលនា​កម្មករ​ដែល​ដឹកនាំ​ដោយ លោក ប៉ាវ ស៊ីណា កំពុង​ដឹកនាំ​កម្មករ កម្ម​កា​រិនី​ធ្វើ​កូដកម្ម នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង បន្ទាប់ពី​បរាជ័យ​ក្នុងការ​ដឹកនាំ​កូដកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ។

បន្ថែម​លើ​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា ការចោទប្រកាន់ថា​និយោ​ជក​​បាន​សន្យា​ផ្តល់ប្រាក់​ចំនួន៥០ ដុល្លារ​ដល់ក​ម្មករ ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​ចូលរួម​ធ្វើ​កូដកម្ម​នាពេល​កន្លងមក ជាការ​បំផ្លើស ។ ហើយ​ការបង្ខំ​ឲ្យ​និយោជក​ធ្វើ​ដូចនេះ​ជា​សកម្មភាព​ខុស​ច្បាប់​​ដែល​មិន​ខុសពី​ការ​ជម្រិត​ទារប្រាក់​នោះឡើយ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ហៅ​ការលើកឡើង​របស់​សមា​គម​​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នេះ​ថា មិនបាន​សិក្សា​ច្បាស់លាស់​ពី​រឿង​រាវ​ដែល​កើតឡើង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។លោក បាន​បកស្រាយ​ថា ការផ្ទុះ​កូដកម្ម​នៅ​បាវិត​នេះ​កើតឡើង​ដោយសារ​រោងចក្រ​មួយ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បាន​សន្យា​ផ្តល់​ប្រាក់​៥០ដុល្លារ​ដល់ក​ម្មករ កម្មការិនី​កុំ​ឲ្យ​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​សហជីព​ទាំង ១៨ កាលពី​ថ្ងៃទី ១២ ដល់​ថ្ងៃ ១៧ ខែមីនា កន្លងមក។សកម្មភាព​បែបនេះ ធ្វើ​ឲ្យ​កម្មករ​នៅ​រោងចក្រ​ផ្សេងទៀត បាននាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់រ​ង្វាន់​នោះ​ពី​ថៅកែ​រោងចក្រ​របស់ខ្លួន​ផងដែរ ទើប​បង្ក​ជា​កូដកម្ម​ទ្រង់ទ្រាយ​ធំ​កើតឡើង។

លោក ប៉ាវ ស៊ីណា​បាន​បញ្ជាក់ថា ការធ្វើ​កូដកម្ម​នៅ​ភ្នំពេញ និង កន្លែង​ផ្សេងទៀត គឺ ស្របគ្នា​នឹង​កូដកម្ម​នៅ​បាវិត​នេះ មិនមែន​បរាជ័យ​ដូច​ការលើកឡើង​នោះទេ។បើតាម​លោក ប៉ាវ ស៊ីណា​ កម្មករ កម្មការិនី​ប្រមាណ ពីរ មឺ​ន​នាក់​នៅក្នុង​រោងចក្រ​ប្រមាណ ៣០ កំពុង​បន្ត​កូដ​កម្ម​​​មិន​ចូលធ្វើការ។

សូម​ជំរាបជូន ថា ការផ្ទុះ​ធ្វើ​កូដកម្ម​របស់​កម្មករ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​បាវិត​នេះ បានចាប់ផ្តើម​ឡើង​កាលពី ១៨ មេសា គឺ​ស្របពេល​ជាមួយ​យុទ្ធនាការ​ឈប់សម្រាក​មិន​ចូលធ្វើការ​របស់​កម្មក​រ​ដែល​អំពាវនាវ​ដោយ​សហជីព​ទាំង ១៨ ។

ក្រៅពី​ការចោទប្រកាន់​ទៅលើ​ក្រុម​សហជីព សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ក៏បាន​សម្តែង​​ការសោកស្តាយ​ដែល​រាជរដ្ឋាភិបាល និង អាជ្ញាធរ​ដែនដី​បាន​បណ្តែតបណ្តោយ​ឲ្យ​មាន​​សកម្មភាព​ល្មើសច្បាប់​នេះ​កើតឡើង និង គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធ​ភាព។​

ជាមួយគ្នា​នោះដែរ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ក្រសួង​ការងារ ស្ថា​ប័ន​ពាក់ព័ន្ធ និង អាជា្ញធរ​ដែនដី​អនុវត្ត​តួនាទី​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​បាតុភាព​នេះ​ជាបន្ទាន់​ដើម្បី​ធានា​សន្តិសុខ​សុវត្ថិភាព​ដល់​វិនិយោគ និង​កម្មករ​ដែលមាន​បំណង​ចូលធ្វើការ។

ក្រសួង​ការងារ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ជុំវិញ​ការលើកឡើង​របស់​សមា​គម​រោងចក្រ​កាត់​ដេរ​​​នៅ​កម្ពុជា​បាន​នោះទេ​នៅ​ថ្ងៃទី ២៦ មេសា នេះ។

យ៉ាងណាក៏ដោយ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ព្រមាន​ដល់​កម្មករ​ដែល​បាន​ចូលរួម​កូដកម្ម​នេះ​ថា នឹង​ប៉ះពាល់​ដល់​ប្រាក់​ឈ្នួល​របស់​ពួកគេ​ព្រោះ​និយោជក​នឹង​អនុវត្ត​តាម​​ច្បាប់​ស្តីពី​ការងារ​ដោយ​មិន​ផ្តល់ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍ផ្សេងៗទៀតឡើយ​ក្នុងអំឡុងពេល​កូដកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ