អានតួអត្ថបទ
កម្ពុជា

លោកហ៊ុន សែន អំពាវ​នាវ​ឱ្យ​ស្ថាប័ន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​កម្មករ​

ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​ដែល​នឹង​ចូល​មក​ដល់​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​អំពាវ​នាវ​ជា​ច្រើន​ចំណុច​ដល់​ស្ថាប័ន​រដ្ឋ​ក្រោម​ឱវាទ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​។ ជាការ​យក​ចិត្ត​ទុក​ដាក់​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី បាន​អំពាវ​បន្ត​ការងារ​លើ​បញ្ហា​លក្ខ​ខណ្ឌ​ការងារ​កាន់​តែ​ប្រសើរ​សម្រាប់​កម្មករ បញ្ហា​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សេរី​ភាព​សហ​ជីព ជា​ដើម។ ប៉ុន្តែ​ក្នុង​ចំណុច​នៃ​ការ​អំពាវ​នាវ​នោះ លោក​ប្រមុខ​រដ្ឋា​ភិបាល ក៏​បាន​អំពាវ​នាវ​កុំ​ឱ្យ​កម្មករ​ចូលរួម​សកម្មភាព​បាតុកម្ម​នៅ​ថ្ងៃ​១​ឧសភា​នោះ​ផង​ដែរ។ ប៉ុន្តែ​សហជីព​បាន​លើក​ឡើង​ថា ការ​អំពាវ​នាវ​របស់​លោកនាយក​រដ្ឋ​មន្ត្រី​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ការ​បន្ត​លើក​កម្ពស់​ឱ្យ​កាន់តែ​ប្រសើរ​នូវ​លក្ខ​ខណ្ឌ​ការងារ ការ​ពង្រឹង​ប្រព័ន្ធ​សុខភាព​របស់​កម្មករ ការពង្រឹង​សេរី​ភាព​សហ​ជីព និង​ការ​សិក្សា​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរ​មា​របស់​កម្មក​រ​រួមទាំង​សមត្ថភាព​ការងារ​ជាដើម​នោះ។  នេះ​គឺជា​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ទៅកាន់​ស្ថា​ប័ន​ពាក់ព័ន្ធ​ក្រោម​ឱ​វាទ​របស់​លោក​។ ក្នុង​លិខិត​ចូលរួម​អបអរសាទរ​ថ្ងៃ​ទី​១​ឧសភា​ដែលមាន​កម្រាស់​៦​ទំព័រ ប្រមុខ​រដ្ឋាភិបាល បាន​លើក​ឡើង​ថា ចំណុច​កង្វះ​ខាត​ខាង​លើ​នេះ គឺ​ជា​បញ្ហា​ប្រឈម​នៃ​វិស័យ​កាត់​ដេរ​កម្ពុជា ដែល​ត្រូវតែ​ជំ​នៈ​ក្នុង​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ គុណ​ភាព ស្ថិរភាព ផលិត​ភាព ភាព​ប្រកួត​ប្រជែង​ជាដើម​។

ប្រមុខ​រដ្ឋា​ភិបាល​៥​អាណត្តិ​រូប​នេះ បាន​បន្ថែម​ថា តាម​រយៈ​ចំណុច​ទាំង​នេះ គឺ​នឹង​អាច​គាំទ្រ​ដល់​ពិពិធ​ភាវូប​នីយកម្ម​មូលដ្ឋាន​ផលិត​កម្ម ផលិត​ភាព និង​សមត្ថភាព​ប្រកួត​ប្រជែង និង ការ​ទាក់​ទាញ​វិនិយោគ​ឱ្យ​បាន​ជា​អតិ​បរមា​ពី​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​ឆ្នាំ​២០១៥​ខាង​មុខ​។ ឆ្នាំ​២០១៥ ដែល​ប្រទេស​ចំនួន១០ ក្នុង​ប្រ​ជា​ជាតិ​អាស៊ីអាគ្នេយ៍ នឹង​បើក​ចំហរ​លំហូរ​នៃ​សេដ្ឋ​កិច្ច​របស់​ខ្លួន។ យ៉ាង​ណា​ក៏​ដោយ លោកនាយក​រដ្ឋ​មន្ត្រី ក៏​មិន​ភ្លេច​ឡើយ​ចំពោះ​ការ​អំពាវ​នាវ​ឱ្យ​កម្មករ​ទាំង​អស់​មិន​ត្រូវ​ចូល​រួម​ក្នុង​សកម្មភាព​បាតុ​កម្ម​ជួប​ជុំ ឬ​សកម្មភាព​នានា​ក្នុង​ថ្ងៃ​ទី​១​ឧសភា​នោះ​ទេ។ ដែល​លោក​ហៅ​ថា ជា​សកម្ម​ភាព​ដែល​នឹង​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​កម្មករ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ហ៊ុន សែន បាន​អះអាង​ថា សកម្មភាព​បាតុកម្មនា​ពេល​កន្លង​មក គឺ​បាន​ប៉ះពាល់​ស្ថេរ​ភាព​សេដ្ឋ​កិច្ច​សកម្ម​ផង​ដែរ​។

ផ្ទុយ​ទៅ​វិញ​ប្រធាន​សហ​ជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា លោក​ជា មុនី បាន​និយាយ​ថា ការអំពាវ​នាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ទៅ​កាន់​មន្ត្រី​ក្រោម​ឱ​វាទ​នោះ គឺ​មិន​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ។ មិនមាន​ប្រសិទ្ធ​ភាព​ព្រោះ​ថា ការ​ណែ​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​មាន​ជា​លើក​ទី​១​នោះ​ទេ ប៉ុន្តែ​មន្ត្រីក្រោមឱវាទ​ភាគ​ច្រើន​មិន​គោរព​តាម​បទបញ្ជា​ដែល​បាន​ដាក់​ចេញ​នោះទេ។ ក្រៅ​ពី​នេះ លោក​ជា​មុនី ក៏បាន​បន្ថែម​ថា លោក​នាយក​រដ្ឋ​មន្ត្រី ក៏​មិន​អាច​ហាម​ឃាត់​កម្មករ​មិន​ឱ្យ​ចូល​រួម​សកម្មភាព​បាតុ​កម្ម​បាន​នោះដែរ ព្រោះថា នោះ​គឺជា​សិទ្ធ​របស់​កម្មករ។ ហើយ​ថាបើ​មិនមាន​ការតវ៉ា​នោះ ក៏​មិនមាន​ដែរ​ការគិតគូរ​ពី​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ