អានតួអត្ថបទ
កម្ពុជា

កម្ពុជា​សុំ​ឲ្យ​អូស្ត្រាលី​ជួយ​ដល់​កំណែ​ទម្រង់​ការបោះឆ្នោត

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោកស្រី ជូលី ប៊ីស្សប (Julie Bishop) នៅ​វិមាន​​សន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២២ កុម្ភៈ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ស្នើ​​សុំ​ឲ្យ​​អូស្ត្រាលី​ជួយ​កម្ពុជា​អំពី​កំណែ​ទម្រង់​ការបោះឆ្នោត។ សំណើ​​នេះ​​បាន​​ធ្វើ​​ឡើង​​ខណៈ​​ដែល​គណបក្ស​នយោបាយ​កំពុង​មាន​ទំនាស់​ទាំងពីរ​របស់​កម្ពុជា​កំពុង​ជជែក​គ្នា​អំពី​កំណែ​ទម្រង់​បោះឆ្នោត​នេះ​យ៉ាង​សកម្ម។ ប្រមុខ​​ការទូត​អូស្ត្រាលី​បាន​ទទួល​យក​សំណើ​នេះ និង​​បាន​​សុំ​​ឲ្យ​កម្ពុជា​​ទទួល​​យក​​ជនភៀស​​ខ្លួន​​ស្រប​ច្បាប់​​នៅ​​អូស្ត្រាលី​​មក​​តាំង​​ទី​លំ​​នៅ​​កម្ពុជា។

លោកស្រី​រដ្ឋមន្ត្រី​ការបទេស​អូស្ត្រាលី ជូលី ប៊ីស្សប (Julie Bishop) ជួប​លោក​រដ្ឋមន្ត្រី​ការបទេស​កម្ពុជា ហោ ណាំហុង ក្រោយ​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី​រដ្ឋមន្ត្រី​ការបទេស​អូស្ត្រាលី ជូលី ប៊ីស្សប (Julie Bishop) ជួប​លោក​រដ្ឋមន្ត្រី​ការបទេស​កម្ពុជា ហោ ណាំហុង ក្រោយ​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ©Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ជប៉ុន​ឥឡូវ​នេះ​ដល់​វេន​អូស្ត្រាលី​ម្តង​ដែល​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ជួយ​ផ្នែក​កំណែ​ទម្រង់​ការបោះឆ្នោត។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​លើក​សំណើ​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​​ការបរទេស​​អូស្ត្រាលី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​នៅ​ឯ​វិមាន​សន្តិភាព។ នេះ​បើ​យោង​តាម​លោក អ៊ាង សុផល្លែត ជំនួយ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​នៅ​ក្រោយ​ជំនួប​នោះ។ ប្រមុខ​ការទូត​អូស្ត្រាលី​បាន​ទទួល​យកសំណើរបស់កម្ពុជា។

សំណើដូចគ្នានេះក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ទៅ​កាន់​ប្រទេស​ជប៉ុន​ដែរ​កាល​ពី​ពេល​ថ្មីៗ​នេះ។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop កំពុង​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ២១ ដល់២២កុម្ភៈ។ ក្នុង​អំឡុង​ពេលនេះ លោក​ស្រី​គ្រោង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា។

ជា​សំណើ​តប​វិញ ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា​ទទួល​យក​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់​ពី​ប្រទេស​អូស្ត្រាលី​មក​តាំងទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា។ ទីក្រុង​ភ្នំពេញ​ក៏​បាន​ទទួល​យក​សំណើ​នេះ​ហើយ​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​មហាផ្ទៃ​ដើម្បី​ពិភាក្សា​និង​ដំណើការ​នីតិវិធី។

គួរបញ្ជាក់ថា កំណែ​ទម្រង់​ការបោះឆ្នោត​គឺ​ជា​ប្រធានបទ​ក្តៅ​គគុក​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​កំពុង​តែ​ជជែក​គ្នា។​ទោះបី​ជា​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នយោបាយ​ពិត​ប្រាកដ​ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​អង្គុយ​ក្នុង​សភា​នៅ​ឡើយ​ក៏​ដោយ ក៏​ចុង​ក្រោយ​នេះ គណបក្ស​ប្រឆាំង​សុខ​ចិត្ត​ជជែក​ជា​មួយ​គណបក្ស​កាន់​អំណាច​អំពី​កំណែ​ទម្រង់​ការបោះ​ឆ្នោត។

បន្ទាប់ពីកិច្ចព្រមព្រៀងបង្កើតគណៈកម្មការចម្រុះជាមួយគ្នាកាលពីថ្ងៃទី ១៨ កុម្ភៈ គណបក្ស​ទាំងពីរ​គ្រោង​ជួប​គ្នា​ជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ជជែក​លម្អិត​អំពី​កំណែ​ទម្រង់​បោះឆ្នោត។ យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា តើ​ជប៉ុន​និង​អូស្ត្រាលី​នឹង​ជួយ​កម្ពុជា​លើ​បញ្ហា​ជាក់​ស្តែង​អ្វី​ខ្លះ​នៅ​ឡើយ​ទេ​ទាក់ទង​នឹង​កំណែ​ទម្រង់​ការបោះឆ្នោត​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ