អានតួអត្ថបទ
កម្ពុជា

អា​ជ្ញា​ធរ​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ខ្វះ​ទឹក​ធ្វើ​ស្រែ​ក្រោយ​ទឹក​ជំនន់​

បន្ទាប់ពី​ជំនន់​ទឹកភ្លៀង អាជ្ញាធរ​បាន​សម្តែង​នូវ​ការ​ព្រួយ​បារ​ម្ភ​ពី​ការខ្វះខាត​ទឹក​សម្រាប់​ធ្វើស្រែ ដោយសារតែ​ចាប់ពី​ពាក់កណ្តាល​ខែសីហា​នេះ រហូតដល់​ចុងខែ ប្រទេស​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​តិចតួច។ ឥទ្ធិពល​ព្យុះ និង​ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​កើតមាន​ ក៏ប៉ុន្តែ មិនមាន​ភ្លៀង​ធ្លាក់​ច្រើន​ដូច​កាលពីដើម​ខែសីហា​ក​ន្ល​ង​ទៅ​ឡើយ។ ជាមួយគ្នានេះ អង្គការ​ការី​តាសក​ម្ពុ​ជា​ក៏បាន​ត្រៀម​ថវិកា​​របស់ខ្លួន​ប្រមាណ ៥០ម៉ឺន​ដុល្លារ​ សម្រាប់​គម្រោង​ជំនួយ​លើ​គ្រោះទឹកជំនន់​និង​ភាពរាំងស្ងួត​ផងដែរ។

ទឹកជំនន់កាលពីឆ្នាំ២០១០
ទឹកជំនន់កាលពីឆ្នាំ២០១០
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​នានា​ដែល​ធ្វើ​ការងារ​ទាក់ទង​ទៅ​នឹង​ទឹកជំនន់​បាន​ថ្លែង​ឲ្យ​ដឹងថា មកទល់ពេលនេះ​ជំនន់​ទឹកភ្លៀង​ក៏ដូចជា​ជំនន់​ទន្លេមេគង្គ មិនមាន​អ្វី​ជាការ​ព្រួយ​បារ​ម្ភ​ថា​នឹងមាន​ការ​គំរាមកំហែង​ទៀត​ទេ​ ដោយសារ​ទឹកបាន​ស្រក​ទៅវិញ​អស់ហើយ។

នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក លោក ចាន់ យុ​ត្ថា, បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា ​កម្ពុជា​មាន​តែ​ការ​ព្រួយ​បារ​ម្ភ​​ពី​ការខ្វះខាត​ទឹក​សម្រាប់​ធ្វើស្រែ​ទៅវិញ​នោះទេ។ លោក ចាន់ យុ​ត្ថា ពន្យល់ថា ​តាម​ការព្យាករណ៍​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ២៣ ខែ សីហា​នេះ ប្រទេស​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​តិចតួច​បំផុត ហេតុដូច្នេះ ខេត្ត​មួយចំនួន​អាច​ប្រឈម​នឹងកង្វះខាត​ទឹក​សម្រាប់​ធ្វើស្រែ ដូចជា​ខេត្ត​កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្តសៀមរាប​ជាដើម ដោយ​ខេត្ត​ទាំងនេះ​មាន​ផ្ទៃដី​ស្រែធំៗ ហើយ​កាលពី​សំបូរ​ទឹក​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ដោយ​ជំនន់​ទឹកភ្លៀង, ទឹក​មួយ​ភាគ​ធំ​ត្រូវបាន​​កាយ​ប្រឡាយ​បង្ហូរ​ទៅ​អស់។

ដោយឡែក​ចំពោះ​ជំនន់​ទឹកទន្លេ​វិញ មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក​បន្ថែមថា ទឹកទន្លេ​ក៏​មិន​បង្ក​ឲ្យ​មានការ​ព្រួយ​បារ​ម្ភ​​អ្វី​ដែរ ដោយ​កម្ពស់​ទឹក​គ្រប់​ស្ថានីយ៍​ជល​សាស្ត្រ​ទាំងអស់ បាន​ស្រក​ទៅវិញ​ជាបណ្តើរៗហើយ។

ទោះជា​យ៉ាងនេះ​ក្តី កំពស់​ទឹកទន្លេ​អតិបរមា​​លើក​ទី២ នឹង​កើតមាន​ម្តងទៀត នៅ​ចុងខែ​កញ្ញា និង​ដើមខែ​តុលា​ខាងមុខ។ ដោយ​គិត​មកទល់ពេលនេះ កូន​ព្យុះ​ទី ១២ និង​ទី ១៣ បាននឹង​កំពុង​​កើតឡើង តែ​មិនមាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​នោះទេ។

ទោះបីជា​យ៉ាងណាក៏ដោយ អង្គការ​ការី​តាសក​ម្ពុ​ជា ដែលជា​អង្គការ​គ្រិស្ត​សាសនា ធ្វើ​សកម្មភាព​​​ជួយ​ដល់​វិស័យ​គ្រោះមហន្តរាយ​នៅក្នុង​ប្រទេស​កម្ពុជា បានចាប់ផ្តើម​ផ្តល់ជំនួយ​ជា​បន្ត​បន្ទាប់ ដល់​អាជ្ញាធរ​មូលដ្ឋាន​ និង​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់ ខណៈដែល​ជំនន់​ទឹកភ្លៀង​​បាន​បន្ត​លិចលង់​ខេត្ត​មួយចំនួន។

ដោយ​ផ្តើមចេញពី​ខេត្តបន្ទាយមានជ័យ អង្គការ​ការី​តាសក​ម្ពុ​ជា​បាន​ចាប់អារម្មណ៍​ និង​ផ្តល់​ជា
ជំនួយសម្ភារៈ​សង្គ្រោះបន្ទាន់ ​កាលពីពេលថ្មីៗនេះ ដល់​សេវាកម្ម​គ្រោះមហន្តរាយ​ខេត្ត រួមមាន
ទូក​​ម៉ាស៊ីន កៅស៊ូ​តង់ ស៊ីទែន​ទឹកធំ និង​មុង​ភួយ សម្រាប់​ប្រើប្រាស់ ​ត្រៀម​ឆ្លើយតប​នឹង
ទឹក​ជំនន់។ លោក គីម រតនា ប្រធាន​អង្គការ​ការី​តាស​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ការងារ​ត្រៀម​បង្ការ​ឆ្លើយតប​គ្រោះមហន្តរាយ និង​ស្តារឡើងវិញ អង្គការ​គ្រឹះ​សាសនា​មួយ​នេះ​បានគ្រោង​ថវិកា​​ប្រមាណ​ជា​កន្លះ​លាន​ដុល្លារ ហើយ​ផ្តោតទៅលើ​ខេត្ត​ចំនួន ៩ ក្នុងនោះ​ខេត្ត ៥ ជា​ខេត្ត​ដែល​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ខេត្ត៤ ទៀត​ជា​ខេត្ត​ងាយ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត។ លោក គីម រតនា ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​មួយឆ្នាំ​ អង្គការ​របស់​លោក​មាន​គម្រោង​ផ្តល់​ទូក​ម៉ាស៊ីន​ចំនួន ២០គ្រឿង ​ដល់​តំបន់​ដែល​រងគ្រោះ សម្រាប់​ជា​មធ្យោបាយ​សង្គ្រោះ​​ប្រជាពលរដ្ឋ​ដោយ​ទឹកជំនន់ និង​ការងារ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ដទៃទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ