អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​កំណត់​តម្លៃ​សេវា​សាធារណៈ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ដើម្បី​លុប​បំបាត់​លុយ​ក្រោម​តុ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​និង​លើក​កម្ពស់​សេវា​កម្ម​សា​ធារណៈ​ រដ្ឋា​ភិបាល​បាន​សម្រេច​កំណត់​តម្លៃ​សេវាកម្ម​ការងារ​ផ្សេង​ៗ​នៅ​ថ្នាក់​ក្រោម​ជាតិ​។ ​​ជាក់​ស្តែង​ ក្រសួង​មហា​ផ្ទៃ​បាន​កំណត់​តម្លៃ​ ១​ម៉ឺន​រៀល​សម្រាប់​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​​កក្កដា​​ត​ទៅ​។ ​តម្លៃ​ខ្ពស់​សម្រាប់​ពល​រដ្ឋ​ក្រី​ក្រ​ជា​រឿង​មួយ​ ប៉ុន្តែ​ តើ​គេ​ពិត​ជា​អាច​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​​ក្នុង​​តម្លៃ​១​ម៉ឺន​រៀល​នេះ​ដែរ​ឬ​ទេ​?​ សាធារណៈ​មតិ​ជា​ទូ​ទៅ​មើល​ឃើញ​ថា​ ការ​កំណត់​តម្លៃ​សេវា​សាធារណៈ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ប្រសិន​បើ​គ្មាន​វិធាន​ការ​ផ្សេង​ៗ​ទៀត​អម​ជា​មួយ​ទេ​នោះ​។​  

អង្គការតម្លាភាពដែលតែងតែបរិហារអំពើពុករលួយ។
អង្គការតម្លាភាពដែលតែងតែបរិហារអំពើពុករលួយ។
ផ្សាយពាណិជ្ជកម្ម

 កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​មន្ត្រី​សា​ធារណៈ​​បម្រើ​ពលរដ្ឋ​​ឲ្យ​បាន​ល្អ​​និង​​មាន​ប្រសិទ្ធ​ភាព​គឺ​ជា​រឿង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​។ ​រហូត​​មក​ទល់​ពេល​នេះ ​អំពើ​ពុក​រលួយ​ក្នុង​សេវា​សាធារណៈ​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ធម្មតា​មួយ​ទៅ​​ហើយ​។ ​អ្នក​ដែល​ត្រូវ​ការ​សេវា​សាធារណៈ​តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​​សុទ្ធ​តែ​ត្រូវ​ចំណាយ​​ប្រាក់​ក្រៅ​ផ្លូ​វការ​ទៅ​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​ការងារ​នោះ​ទើប​អាច​ទទួល​បាន​ឯកសារ​ចាំបាច់​​នានា​​ដែល​ពួក​គេ​ត្រូវ​ការ​។​នេះ​​ជាទម្លាប់​ដុះ​ស្លែ​មួយ​ដែល​បង្ក​ផល​លំបាក​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​​ជា​ពិសេស​​អ្នក​ក្រី​ក្រ​​ដែល​គ្មាន​លទ្ធភាព​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​។ ​ដើម្បី​លុប​បំបាត់​ទម្លាប់​ដែល​ពិបាក​កែ​មួយ​នេះ ​រដ្ឋា​ភិបាល​បាន​ចេញ​តារាង​តម្លៃ​សេវាកម្មនានា​ឲ្យ​រដ្ឋ​បាល​មូលដ្ឋាន​អនុវត្ត​តាម​។ ​

តារាង​តម្លៃ​នេះ​​នឹង​​ត្រូវ​គេ​បិទ​នៅ​គ្រប់​កន្លែង​បម្រើ​សេវា​ដល់​ប្រជាពលរដ្ឋ​​ជា​ពិសេស​នៅ​ថ្នាក់​មូល​ដ្ឋាន។ ​វិធានការ​​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​លុបបំ​បាត់អំពើពុក​រលួយ ​ប៉ុន្តែ​ វា​មិន​គ្រប់គ្រាន់​ទេ​សម្រាប់លាង​សម្អាតរដ្ឋបាលធារណៈនៅកម្ពុជា។ដើម្បីគាស់រំលើងអំពើពុករលួយ គេគួរ​គប្បី​ស្វែងយល់អំពីឫសគល់របស់វា។ ឫសគល់នៃអំពើ​ពុករលួយ​កំពុងជ្រក​កោនយ៉ាង​ស្ងៀម​ស្ងាត់​នៅក្នុងជម្រៅនៃផ្នត់គំនិតរបស់មនុស្សខ្មែរ។

ជាទូទៅ មន្ត្រីសាធារណៈតែងមានទម្លាប់ស្វែងរកលាភសក្ការៈពីមុខនាទីរបស់ខ្លួន។ ខុស​ពី​វិស័យ​ឯកជនដែលគេខិតខំបម្រើសវាកម្មឲ្យបានល្អបំផុត​ដើម្បីទាក់ទាញ​អតិថិជនឲ្យមក​ប្រើ​សេវារបស់គេឲ្យបានច្រើន ប៉ុន្តែ នៅក្នុងវិស័យសាធារណៈវិញ មន្ត្រី​អ្នកផ្តល់សេវាកម្ម​តែង​បង្ក​ភាព​ស្មុគស្មាញដល់ប្រជាពលរដ្ឋ​ដើម្បីឲ្យពួកគេទម្លាក់លុយ។ នេះជាឫសគល់​សំខាន់ទី១​។
ចំណែកអ្នកមានលុយខ្លះវិញក៏ចូលចិត្តប្រើទឹកលុយដើម្បីឲ្យមន្ត្រីសាធារណៈបម្រើសេវាកម្មឲ្យ​ខ្លួន​​ឲ្យបានឆាប់តាមចិត្តចង់។ នេះជាឫសគល់សំខាន់ទី២។ ដោយសារតែផ្នត់គំនិត​សូក​និង​ស៊ីសំណូកចាក់ឫសយ៉ាងជ្រៅទៅក្នុងមនុស្សខ្មែរយ៉ាងដូច្នេះហើយបានជាសេវាកម្មសាធារណៈ បានក្លាយ​ជាទីកន្លែងតថ្លៃគ្នាដូចជាទំនិញ។

នេះក៏ជាលក្ខណៈពិសេសមួយដែរសម្រាប់ប្រទេសកម្ពុជា​ដែលរាល់អាជីវកម្ម​និងសេវាកម្ម​របស់​រដ្ឋ​មិនអាចប្រៀបនឹងវិស័យឯកជនបានឡើយ​។ ប៉ុន្តែ ដោយសារ​តែប្រជាពលរដ្ឋ​គ្មាន​ជម្រើស​និងមិនអាចចៀសវាងបានទើបពួកគេនៅតែបន្ត​ប្រើប្រាស់សេវា​កម្មសាធារណៈ​ទាំង​ទឹកចិត្តមួហ្មង។

ដូច្នេះ ការកំណត់តម្លៃនិងបិទផ្សាយជាសាធារណៈជាវិធីល្អម្យ៉ាងហើយ ប៉ុន្តែ វិធាន​ការនេះ​នឹង​គ្មានប្រសិទ្ធភាពឡើយ​ប្រសិន​បើគ្មាន​ចំណាត់ការ​ផ្សេងទៀត​អមជាមួយទេ​នោះពីព្រោះ​ទោះបី​ជាតារាងតម្លៃត្រូវបានបិទជាប់នឹងជញ្ជាំងក៏ដោយ ក៏មន្ត្រីសាធារណៈនៅតែ​អាចបង្ខំឲ្យ​ប្រជាពលរដ្ឋបង់ប្រាក់ក្រៅផ្លូវការបានដដែល។

វិធីដែលពួកគេប្រើគឺភាពព្រងើយកន្តើយ​សោះ​អង្គើយ​​​ដាក់អតិថិជន​ឬការបង្ក​លក្ខណៈ​លំបាក​ផ្សេងៗតាមរបៀបការិយាធិបតេយ្យ​ដែលធ្វើឲ្យអ្នកទទួលសេវាកម្មខាតពេលវេលា​។ ទីបំផុត ពួកគេក៏បង្ខំចិត្តប្រើលុយក្រោមតុឲ្យមន្ត្រីអាជ្ញាធរ​ដដែលដើម្បី​ទទួលបាន​សេវាកម្ម​ងាយ​ស្រួល​​។

សរុបមកវិញ ឱសថដ៏ស័ក្តិសិទ្ធិបំផុត​សម្រាប់ប្រយុទ្ធប្រឆាំងអំពើពុក​រលួយក្នុង​សេវាកម្ម​សា​ធារណៈគឺការផ្លាស់ប្តូរផ្នត់គំនិតមនុស្សពីទម្លាប់សូកប៉ាន់ឲ្យទៅជាការទម្លាប់ស្អប់ខ្ពើម​ឬខ្មាស​អៀន​អំពើពុករលួយ។ ក្នុងន័យនេះ ជាបឋម រដ្ឋត្រូវផ្តល់ប្រាក់ខែសមរម្យដល់មន្ត្រីរាជការ​ដែលអាចអនុញ្ញាតឲ្យ​ពួកគេរស់ដោយសេចក្តីថ្លៃថ្នូរ។ បន្ទាប់មកទៀត ការពង្រឹង​ក្រមសីល​ធម៌​របស់មន្ត្រីសាធារណៈ​និងការអនុវត្តច្បាប់ឲ្យបាន​តឹងរ៉ឹងគឺជាចន្ទុល​ពីរទៀតមិន​អាចខ្វះ​បាន។

ម្យ៉ាងទៀត ប្រព័ន្ធត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពគួរតែត្រូវបានបង្កើតឡើង​ជាចាំបាច់។ ប្រព័ន្ធត្រួតពិនិត្យប្រកបដោយសុវត្ថិភាពមានន័យថា​ជាក្រុមការងារមួយ​ដែល​មានតួនាទី​ត្រួត​ពិនិត្យ​ការអនុវត្តរបស់មន្ត្រីមូលដ្ឋានយ៉ាងពិតប្រាកដ​គឺមិនមែន​គ្រាន់តែក្រុម​ការងារដែល​ទៅ​ទទួលប្រាក់សំណូកពីមន្ត្រីថ្នាក់ក្រោម​រួចហើយមករាយការណ៍​បំភាន់ថ្នាក់​លើដូចដែល​ក្រុម​អធិការ​កិច្ចខ្លះធ្លាប់បានធ្វើកាលពីកន្លងទៅនោះឡើយ។

ប្រសិនបើកត្តាចាំបាច់ទាំងនេះមិនអាច​បំពេញបានទេ តារាងតម្លៃសេវាកម្មដែលបិទ​ជាប់នឹង​ជញ្ជាំង​នោះគ្រាន់តែជាក្រដាស​ដែលគ្មានអ្នកណាយកភ្នែក​មើលនោះឡើយ៕​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ