អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«​វប្បធម៌​មិន​ទទួល​ខុស​ត្រូវ​»​ជា​ប្រភព​នៃ​ជំងឺ​សង្គម​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​កម្ពុ​ជា​មាន​​​បញ្ហា​​ច្រើន​យ៉ាង​​ណាស់​​ដែល​​កើត​ឡើង​​ដោយ​សារ​តែ​​ការ​មិន​​ទទួល​ខុស​ត្រូវ​។​ ការ​មិន​​ទទួល​ខុស​ត្រូវ​​កើត​មាន​​គ្រប់​​មជ្ឈដ្ឋាន​ ទាំង​​ក្នុង​​មជ្ឈដ្ឋាន​​អ្នក​នយោបាយ​ ក្នុង​សង្គម​​គ្រួសារ​ ក្នុង​​ពិ​ភព​​ការងារ​ និង​​ក្នុង​​រដ្ឋបាល​​សាធារណៈ​​ជា​ដើម​។ ​និយាយ​​ជា​រួម ​នៅ​ក្នុង​​សង្គម​​ខ្មែរ​​ទាំង​មូល​ វប្បធម៌​​ទទួល​ខុស​ត្រូវ​​នៅ​មាន​​ភាព​ទន់​ខ្សោយ​​ដែល​​គួរ​តែ​​នាំ​គ្នា​​ពង្រឹង​។ ​វប្បធម៌​​មិន​​ទទួល​ខុស​​ត្រូវ​មាន​​គ្រោះ​ថ្នាក់​​ខ្លាំង​ជាង​គេ​​នៅ​ក្នុង​​ចំណោម​​អ្នក​ន​យោបាយ​។​ ដូច្នេះ​ ការ​ពង្រឹង​​វប្បធម៌​​ទទួល​ខុស​ត្រូវ​​គឺ​ជា​​ឱសថ​​ដ៏​​មាន​​ប្រសិទ្ធ​ភាព​​សម្រាប់​​ព្យាបាល​​ជំងឺ​​សង្គម​​និង​​ជំងឺ​​នយោបាយ​​នៅ​​កម្ពុជា​។​

ប្រជាពលរដ្ឋខ្មែរជិត២លាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហមដោយគ្មានអ្នកទទួលខុសត្រូវ។
ប្រជាពលរដ្ឋខ្មែរជិត២លាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហមដោយគ្មានអ្នកទទួលខុសត្រូវ។ RFI
ផ្សាយពាណិជ្ជកម្ម

ពាក្យ​ថា«ទទួលខុសត្រូវ»មានន័យ​ច្បាស់លាស់​ណាស់​សម្រាប់​ភាសា​ខ្មែរ​ពីព្រោះ​មាន​ពាក្យ​ពីរ​ម៉ាត់​ដែល​នៅជាប់​គ្នា​គឺ​ពាក្យ​ថា«ខុស​និង​ត្រូវ»។ ពាក្យ​នេះ​មានន័យថា មនុស្ស​យើង​ត្រូវ​ចេះ​ទទួលខុស​ផង​និង​ត្រូវ​ផង។ ម្យ៉ាងទៀត ពាក្យ​ថា​ខុសត្រូវ​បាន​គេ​ដាក់​នៅមុន​ពាក្យ​ថា​ត្រូវ​ថែមទៀត។

ប៉ុន្តែ នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​វិញ មនុស្ស​ខ្មែរ​ជាទូទៅ​ចូលចិត្ត​ទទួល​យកតែ​ខាង​ត្រូវ ហើយ​មិនសូវ​ចូលចិត្ត​ទទួលខុស​ទេ។ វប្បធម៌​មិន​ទទួលខុសត្រូវ​កើតមាន​នៅក្នុង​គ្រប់​មជ្ឈដ្ឋាន​ក្នុងនោះ មជ្ឈដ្ឋាន​អ្នកនយោបាយ​បានបង្ហាញ​ច្បាស់​ជាងគេ។ ជាក់ស្តែង អតីត​មេដឹកនាំកំពូលៗខ្មែរក្រហម​ដែល​បាន​នាំ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​ដ៏​រង្គាល​ក្នុង​ចន្លោះ​ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ មិនដែល​ទទួលកំហុស​ម្តងណា​ដែរ។ ម៉ាត់​ណា​ក៏​ពួកគេ​ប្រកែក​យកតែ​ត្រូវ​ហើយ​បដិសេធ​មិន​ទទួលកំហុស​ជានិច្ច។

បច្ចុប្បន្ន អ្នកនយោបាយ​ខ្មែរ​ក៏​នៅតែ​មិន​ចូលចិត្ត​ទទួលខុស​នោះដែរ។ ពួកគេ​ច្រើន​ចូលចិត្ត​ពាក្យ​សរសើរ​បើទោះជា​ពាក្យ​សរសើរ​ខ្លះ​មាន​លក្ខណៈ​បញ្ចើចបញ្ចើ​ហួស​ពី​ការពិត​ក៏ដោយ។ អ្នកនយោបាយ​តែង​ខិតខំ​អួត​បង្ហាញ​តែ​ចំណុច​ល្អ តែ​បិទបាំង​កំហុស​របស់ខ្លួន​ជានិច្ច។

នៅពេលដែល​មានការ​រិះគន់​ទៅលើ​កំហុសឆ្គង​ណាមួយ ពួកគេ​តែង​ទាត់ចោល​ជា​ស្វ័យប្រវត្តិ​ហើយ​បញ្ចេញ​កំហឹង​ថ្កោលទោស​អ្នក​រិះគន់​វិញ។ នៅពេលដែល​អ្នកនយោបាយ​មិនចេះ​ទទួលខុស ពិតណាស់ថា ពួកគេ​មើលមិនឃើញ​កំហុសឆ្គង​របស់ខ្លួន​ឡើយ។ តើ​នេះ​មិនមែនជា​ប្រភព​នៃ​បញ្ហា​រាប់រយ​ជំពូក​ដែល​កំពុង​កើតឡើង​សព្វថ្ងៃ​ទេ​ឬ?

នៅក្នុង​សង្គម​គ្រួសារ​វិញ​ក៏​មិន​ខុសគ្នា​ដែរ ឪពុកម្តាយ​ជាច្រើន​មិន​ទទួលខុសត្រូវ​ចំពោះ​កូន៖ បុសរ​ជា​ឪពុក​ខ្លះ​ដើរ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ខ្លះទៀត​មាន​ស្ត្រី​ខាងក្រៅ​ហើយក៏​តាំង​រករឿង​ប្រពន្ធ​កូន​ដែល​បង្ក​ឲ្យ​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ​ជាប្រចាំ។ ក៏មានដែរ​ស្ត្រី​ជា​មេ​គ្រួសារ​មួយចំនួន​ដែល​លង់​នឹង​ល្បែង ឬ​សុរា ខ្លះទៀត​ប្រើប្រាស់​កម្លាំង​ពលកម្ម​របស់​កូន​រហូតដល់​លក់​កូន​ឬក៏​បណ្តោយ​ឲ្យ​កូន​ធ្លាក់​ក្នុង​បណ្តាញ​ជួញដូរ​ឬ​ក្នុង​គ្រោះថ្នាក់​ផ្សេងទៀត​ក៏មាន។ សមត្ថកិច្ច​និង​មន្ត្រី​តុលាការ​មួយចំនួន​ធ្វើ​សេចក្តីសម្រេច​ក្រោម​ឥទ្ធិពល​នៃ«អគតិ»ណាមួយ​ដោយ​មិន​បង្ហាញ​ពី​ការទទួលខុសត្រូវ​ចំពោះ​កាតព្វកិច្ច​របស់ខ្លួន​ឡើយ។

នៅក្នុង​ពិភព​ការងារ​ក៏​មិនសូវ​ខុសគ្នា​ដែរ៖ ជាទូទៅ ថៅកែ​មិនសូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ការងារ និង​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​និង​ជីវភាព​របស់​បុគ្គលិក កម្មករ របស់ខ្លួន​ប៉ុន្មាន​ឡើយ​ទោះបីជា​ក្រុមហ៊ុន​មាន​ផលចំណេញ​ខ្ពស់​ក៏ដោយ។ ចំណែក​និយោជិត​មួយចំនួន​ក៏​មិនទាន់មាន​ទម្លាប់​ទទួលខុស​ត្រូវចំ​ពោះ​មុខការ​ងារ​ឲ្យ​បាន​ពេញលេញ​ដែរ។ អ្នកខ្លះ​ធ្វើការ​បន់​ឲ្យ​តែ​ដល់​ម៉ោង ខ្លះ​ធ្វើ​ការងារ​ដោយ​ខ្ជីខ្ជា អ្នក​ខ្លះទៀត​ចំណាយពេល​ច្រើន​ជាមួយ​ហ្វេ​ស​ប៊ុ​ក ឬ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងទៀត​ក្នុង​ពេលធ្វើ​ការងារ។

នៅក្នុង​រដ្ឋបាល​សាធារណៈ​ទម្លាប់​មិន​ទទួលខុសត្រូវ​ក៏​កើតមាន​គួរ​ឲ្យ​កត់សម្គាល់​ដែរ។ ជាទូទៅ ថ្នាក់លើ​មិនដែល​ទទួលខុស​ទេ តែ​ពួកគេ​ចូលចិត្ត​ទទួល​តែ​ផលប្រយោជន៍​និង​មុខមាត់​ចំណែកឯ​កំហុស​វិញ​ច្រើនតែ​ត្រូវបាន​ទម្លាក់​ទៅ​ឲ្យ​អ្នកក្រោមបង្គាប់​ទទួល​ជំនួស។

ក្រោម​ហេតុផល​ប្រាក់ខែ​ចាយ​មិន​គ្រប់ មន្ត្រីរាជការ​ជាច្រើន​បាន​លួច​ម៉ោង​ការងារ​ហើយ​ឆ្លៀត​ទៅធ្វើ​ការងារ​ផ្សេង​ដើម្បី​រក​ចំណូល​បន្ថែម។ នៅតាម​ដងផ្លូវ​សាធារណៈ អ្នកបើកបរ​ជាច្រើន​មិន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ចរាចរណ៍​ក៏ដូចជា​ចំពោះ​ជីវិត​អ្នកដទៃ​ឡើយ។ អ្នកលក់ដូរ​ប្ហូ​ប​អាហារ​តែង​ប្រើ​សារធាតុ​គីមី​ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​សុខភាព​អ្នកប្រើប្រាស់។ គ្រូពេទ្យ ខ្លះ​មិន​ទទួលខុសត្រូវ​ចំពោះ​អ្នកជំងឺ អ្នកវិនិយោគ​ជាច្រើន​មិន​ទទួលខុសត្រូវ​ចំពោះ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ។ល។

ឧទាហរណ៍ត្រួសៗទាំងអស់នេះ​បង្ហាញ​ឲ្យ​ឃើញថា វប្បធម៌​មិន​ទទួលខុសត្រូវ​ក្នុងសង្គម​ខ្មែរ​ជា​បញ្ហា​ធ្ងន់ធ្ងរ​និង​កំពុង​ចាក់ឫស​នៅ​គ្រប់ទិសទី។ នេះ​គឺជា​ប្រភព​នៃ​ជំងឺ​សង្គម​ដែល​កំពុង​កើតឡើង​ក្នុង​គ្រប់​វិស័យ។ ជាពិសេស ការមិន​ទទួលខុសត្រូវ​របស់​អ្នកនយោបាយ​គឺជា​គ្រោះថ្នាក់​ធំជាងគេ​ពីព្រោះ​ពួកគេ​ជា​អ្នក​កាច់ចង្កូត​ប្រទេស​ដែល​អាច​នាំ​ពលរដ្ឋ​ទូទាំង​នគរ​ទៅរក​គ្រោះថ្នាក់​បាន។

ដូច្នេះ ដល់ពេល​ហើយ​ដែល​ខ្មែរ​ត្រូវ​ព្យាបាល​ជំងឺ​មិន​ទទួលខុសត្រូវ​ជាបន្ទាន់។ អ្នកនយោបាយ ជាពិសេស​គឺ​អ្នកដឹកនាំ​ប្រទេស​តែម្តង​ដែល​ត្រូវ​ចាប់ផ្តើម​មុនគេ គឺ​ចាប់ផ្តើម​ពី​ការទទួលខុសត្រូវ​ខ្លួនឯង​ដើម្បី​ជា​គំរូ មុននឹង​ចាប់ផ្តើម​ពង្រឹង​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​បែប​ស៊ីវីល័យ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ចេះ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ក៏ដូចជា​ចំពោះ​កាតព្វកិច្ចរៀងៗខ្លួន។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ជំងឺ​សង្គម​ខ្មែរ​នឹង​កាន់តែ​ពិបាក​ព្យាបាល​ជាក់​ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ