អានតួអត្ថបទ
កម្ពុជា

សន្និបាត​​ក្រុម​​ប្រឹក្សា​​ជាតិ​​របស់​​បក្ស​​ប្រឆាំង​​អនុម័ត ​៧ ​ចំណុច​

ដូច​​ការ​គ្រោង​ទុក​ នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​ ទី​ ២៧ ​កក្កដា ​នេះ ​គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​រៀប​ចំ​​ធ្វើ​​សន្និបាត​​ក្រុម​​ប្រឹក្សា​ជាតិ​​លើក​​ទី​ ១ ​របស់​ខ្លួន​​នៅ​​សួន​ច្បារ ​មុខ​​វត្ត​​បទុម​​វ​ត្តី ​ក្រោម​​វត្តមាន​​ថ្នាក់​ដឹក​នាំ​​គណបក្ស​​សង្គ្រោះ​​ជាតិ ​និង ​សមាជិក ​សមាជិកា​​ជា​ច្រើន​​នាក់​​ផ្សេង​ទៀត​។ ​ក្រោយ​​ធ្វើសន្និបាត​​ពេញ​​មួយ​​ព្រឹក ​គណបក្ស​​នេះ ​បាន​អនុម័ត​​នូវ​​ចំណុច​​សំខាន់​​ចំនួន​ ៧ ​ក្រោម​​ការ​អប​អរ​សាទ​រ​​ពី​​សំណាក់​​អ្នក​គាំទ្រ​​រាប់​ពាន់​នាក់​​ដែល​​បាន​​ចូល​រួម​។​

គណបក្សសង្រ្គោះជាតិ ធ្វើសន្និបាតនៅថ្ងៃ ទី ២៧ កក្កដា ឆ្នាំ ២០១៤។
គណបក្សសង្រ្គោះជាតិ ធ្វើសន្និបាតនៅថ្ងៃ ទី ២៧ កក្កដា ឆ្នាំ ២០១៤។ RFI
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​ទាំង ៧ ចំណុច​នោះ​រួមមាន​ដូចជា ទី១អង្គសន្និបាត​គាំទ្រ​គោលនយោបាយ និង គោលជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ។ ទី២ គាំទ្រ​ជាគោលការណ៍​នូវ​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ រវាង​គណបក្សកាន់អំណាច និង គណបក្សប្រឆាំង ទី ៣ គាំទ្រ​រូបមន្ត ៤-៤-១  ក្នុងការ​រៀបចំ​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង ទាមទារ​ឲ្យ​គណបក្ស​ទាំងពីរ​ព្រមព្រៀងគ្នា​ជាមុន លើ​សមាសភាព​មួយរូប​ដែល​ត្រូវ​ឯកភាពគ្នា មុន​ពេលដែល​បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលធ្វើ​សច្ចាប្រណិធាន និង ចូលប្រជុំ​សភា។​​

ទី ៤ គាំទ្រ​ការកែទម្រង់​ស្ថាប័ន​រដ្ឋសភា ដើម្បី​ឲ្យ​ស្ថាន​ប័ន​មួយ​នេះ មាន​តុល្យភាព​អំណាច។ ទី ៥ ក្រោយ​ចូល​សភា តំណាងរាស្ត្រ​គណបក្សប្រឆាំង​ត្រូវ​វ​ង្កើ​ន​សកម្មភាព​ទ្វេ​ឡើង ក្នុងការ​ទាមទារ​ឲ្យ​ធ្វើការ​កែទម្រង់​ស្ថាប័ន​ជាតិសំខាន់ៗ ។ទី ៦ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជម្រុញ​ឲ្យ​រដ្ឋាភិបាល​យក​គោលនយោបាយ​ទាំង ៧ ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​អនុវត្ត ។ ទី ៧ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ការពារ​យុត្តិធម៌​សង្គម បូរណភាព​ទឹកដី និង ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​​បញ្ជាក់ថា ការជ្រើសរើស​សមាជិក​ទី ៩ នៃ​សមាសភាព​គ.ជ.ប នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃស្អែក​នេះ ពេលដែល​រដ្ឋសភា​បើក​កិច្ចប្រជុំ​ប្រកាស​សុពលភាព​របស់លោក​ជា​តំណាងរាស្ត្រ។

សូមបញ្ជាក់ថា នៅក្នុង​សន្និបាត​ព្រឹក​មិញ​នេះ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន និង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បកស្រាយ​យ៉ាងច្រើន​ពី​មូល​ហេតុដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ព្រម​ចូល​សភា​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ ជាការ​បកស្រាយ​ក្រោយពី​គណបក្សប្រឆាំង រង​កា​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អ្នកគាំទ្រ​របស់ខ្លួន បន្ទាប់ពី គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​កិច្ច​ព្រ​ព្រៀង​បញ្ចប់​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី ២២ កក្កដា កន្លងទៅ។

ទាំង​លោក សម រង្ស៊ី និង លោក កឹម សុខា សុទ្ធតែ​បង្ហាញ​ពី​សុ​ទុ​ដ្ខិ​និយម​ចំពោះ​កិច្ចចរចា ពីព្រោះ​វា​ជា​ជោគជ័យ​សម្រាប់​បក្សប្រឆាំង​ក្នុង​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ការបោះ​ឆ្នោត និង ទទួលបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ខ្លួនឯង។ លោក សម រង្ស៊ី បាន​គូសបញ្ជាក់ ថា ទាល់តែ​មានអំណាច​នៅក្នុង​ដៃ ទើប​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដោះស្រាយ​បញ្ហា​សង្គម​នានា​ជូន​ប្រជាពលរដ្ឋ​បាន។

ជាមួយគ្នា​នោះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បង្ហាញ​ពី​ទិសដៅ​យុទ្ធសាស្ត្រ និង សកម្មភាព មួយចំនួន​នៅពេល​ខាងមុខ​របស់​គ​ណ​បក្ស​ផងដែរ។ ជា​ទិសដៅ​យុទ្ធសាស្ត្រ​មាន​ដល់​ទៅ ២៤ ចំណុច ដូចជា​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ ដក​បម្រាម​ជួបជុំ កែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​សំឡេង ២ ភាគ៣ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ