អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ ​នឹង​ធ្វើ​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​ នៅ​សួន​ច្បារ​ មុខ​វត្ត​បុទម​ ថ្ងៃ​២៧​កក្កដា​

គណបក្ស​​សង្គ្រោះ​​ជាតិ​ នឹង​​រៀប​ចំ​​ធ្វើ​​សន្និបាត​​ក្រុម​ប្រឹក្សា​ជាតិ​​ លើក​​ទី​​១​ នា​​ថ្ងៃ​​ទី​​២៧​​កក្កដា​ នៅ​​ព្រឹក​​​ថ្ងៃ​​អាទិត្យ​​ ទី​​២៧ ​កក្កដា​ ​នៅ​សួន​ច្បារ ​មុខ​វត្ត​បទុមវត្តី​​។​ បន្ទាប់​ពី​កិច្ច​ប្រជុំ​​នៅ​រសៀល​​ម៉ោង​ ៣ ​ថ្ងៃ​សុក្រ​នេះ ​អាជ្ញាធរ​​សាលា​​រាជធានី​ភ្នំពេញ ​បាន​ព្រម​ព្រៀង ​ឲ្យ​គណបក្ស​​សង្គ្រោះ​​ជាតិ​ ជួប​ជុំ​មនុស្ស​ ៥០០០នាក់ ​ហើយ​សម្រេច​ផ្តល់​កិច្ច​ការពារ​សន្តិសុខ​ នៅ​ខាង​ក្រៅ​កន្លែង​​ជួប​ជុំ ​រី​ឯ​សន្តិសុខ​នៅ​ក្នុង​ពិធី​ជួបជុំ ​ជា​ភារកិច្ច​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​។

សមាជ​មហាជន​នៅ​មុខ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នា​ពេល​កន្លង​មក​
សមាជ​មហាជន​នៅ​មុខ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នា​ពេល​កន្លង​មក​ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ត្រូវរ៉ូវ​គ្នាខាង​នយោបាយ​រួចមក គណបក្ស​សង្គ្រោះ​ជាតិ អាច​យក​សួនច្បារ មុខ​វត្ត​បទុម ជិត​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជួបជុំ ធ្វើ​សន្និបាត​គណបក្ស នា​ព្រឹក​ថ្ងៃអាទិត្យ ទី២៧កក្កដា។ គម្រោង​រៀបចំ​ជួបជុំ​នោះ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​ព្រមព្រៀង​ជាគោលការណ៍​រួចហើយ។

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​ជួបប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ម៉ោង ៣ រសៀល​ថ្ងៃទី២៥កក្កដា​នេះ ដើម្បី​ជជែក​ឲ្យ​ច្បាស់​ពី​បញ្ហា​សន្តិសុខ និង​បញ្ហា​អនាម័យ ជាដើម សម្រាប់​ពិធី​ជួបជុំ​នោះ។ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បានសម្រេច​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួបជុំ​នៅ​ថ្ងៃអាទិត្យ​ខាងមុខ ហើយ​អាជ្ញាធរ​នឹង​ផ្តល់​កិច្ចការពារ​សន្តិសុខ​ពី​ខាងក្រៅ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ទទួលខុសត្រូវ​លើ​សន្តិសុខ និង​បញ្ហា​អនាម័យ ក្នុង​ពិធី​ជួបជុំ​នា​ព្រឹក​ថ្ងៃអាទិត្យ​នោះ។

សន្និបាត​ក្រុម​ប្រឹក្សាជាតិ លើក​ទី១ នៅ​ថ្ងៃទី២៧ ខែកក្កដា របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹងមាន​អ្នកចូលរួម​ប្រមាណ​ជា ៥ ពាន់​នាក់ ដែលជា​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ មកពី​ទូទាំងប្រទេស។

លោក កឹម​ សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា សន្និបាត​ថ្ងៃ២៧កក្កដា​នេះ លោក​នឹងដាក់​ទិសដៅ​ទៅមុខ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​បង្កើន​សកម្មភាព​របស់​ខ្លួន។ តាម​លោក កឹម ​សុខា មកដល់​ឥឡូវនេះ ប្រជាពលរដ្ឋ ហាក់ដូចជា​ស្រពិចស្រពិល​នឹង​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច្នេះ​តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ត្រូវ​បង្កើន​ការងារ ពី ១ ដល់១០។ ពោលគឺ​តំណាងរាស្ត្រ​បក្សប្រឆាំង ត្រូវ​បង្កើន​សកម្មភាព​ជួយ​ប្រជារាស្ត្រ​ឲ្យ​ខ្លាំង​ជាង​មុន និង​ចុះទៅ​គ្រប់ទិសទី ដើម្បី​ពន្យល់​ពី​គោលជំហរ និង​ការ​សម្រេច​ចិត្ត​​របស់​ប​ក្ស​ប្រឆាំង លើ​ការបញ្ចប់​វិបត្តិ​នយោបាយ ហើយ​ចូលប្រជុំ​រដ្ឋសភា ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ