អានតួអត្ថបទ
កម្ពុជា

អ្ន​ក​មាន​ជម្លោះ​ដី​ធ្លី​នៅ​កំពង់​ស្ពឺ​ស្វែង​រក​អន្តរាគមន៍​ពី​សង្គម​ស៊ីវិល​ក្រោយ​អស់​ជំនឿ​លើ​ស្ថាប័ន​រដ្ឋ​

ប្រជាពលរដ្ឋ​ដែល​កំពុងមាន​ជម្លោះដីធ្លី​មកពី​ខេត្តកំពង់ស្ពឺ​ បាន​ស្វែងរក​ការអន្តរាគមន៍​ពី​សមាគម​អាដហុក​នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួកគេ​អស់ជំនឿ​លើ​ស្ថាប័នរដ្ឋ។​ តំណាង​​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ទាំងនេះ​បាន​អះអាង​នៅក្នុង​សន្និសីទ​កា​សែត​​នៅ​ទីស្នាក់ការ​កណ្តាល​សមាគម​​អាដហុក​នៅ​ព្រឹក​ថ្ងៃទី២៩ ឧសភា​នេះ​ថា ពួកគេ​បាន​ស្វែងរក​ការអន្ត​រា​គម​ន៍​ និង​ដំណោះស្រាយ​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជា​បន្តបន្ទាប់​នាពេល​កន្លងមក ប៉ុន្តែ​មិនមាន​អាជ្ញាធរ​ណា​ចេញមុខ​ដោះស្រាយ​នោះទេ ហើយ​ថែមទាំង​គំរាមកំហែង​លើ​ពួកគាត់​ទៀត​ផង​។​  

ប្រជាជន​ដែល​មក​តវ៉ា​ដោយសារ​​ជម្លោះ​ដីធ្លី​
ប្រជាជន​ដែល​មក​តវ៉ា​ដោយសារ​​ជម្លោះ​ដីធ្លី​ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ប្រមាណ៦០នាក់​តំណាង​ឲ្យ ២៥០គ្រួសារ​ដែល​កំពុងមាន​បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមក​ស្វែងរក​កិច្ច​អន្តរាគមន៍​ដោយផ្ទាល់​ពី​សមាគម​អាដហុក​នៅក្នុង​រាជធានី​ភ្នំពេញ។

អ្នកស្រី សៅ ពុំ តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន​បី គឺ ភូមិ​តាំង​សំរោង ភូមិ​ក្រាំង​បឹង និង ភូមិ​ខ្នង​ក្រាំង ​ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំស្រួច ​កំពុងមាន​ជម្លោះដីធ្លី​យ៉ាង​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ម៉ា​ស្ទ័​រ អ៊ីន​ធឺ​ណេ​សិ​នណល។ ជម្លោះដីធ្លី​នេះ បាន​កើតឡើង​តាំងពី​អំឡុង​ឆ្នាំ២០០៥ និង ២០០៦ ហើយ​នៅក្នុង​ឆ្នាំ២០១០ ក្រុមហ៊ុន​ម៉ា​ស្ទ័​រ អ៊ី​ន​ធឺ​ណេ​សិ​នណល ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​​លើដី​ស្រែចម្ការ​របស់​ពួកគេ ដោយមាន​ការចួលរួម​ការពារ​ពី​សំណាក់​អាជ្ញាធរ​ផងដែរ។​

អ្នកស្រី សៅ ពុំ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ធ្លាប់បាន​ស្វែងរក​ការដោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​តាំងពី​ថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត តែ​អាជ្ញាធរ​មិន​អើពើ​នោះទេ។ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​​ធ្វើដំណើរ​មក​ស្វែងរក​ការអន្តរាគមន៍​ពី​ស្ថាប័នរដ្ឋកំពូលៗដូចជា  ទីស្តីការគណៈរដ្ឋមន្ត្រី ខុទ្ទ​កាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួង​ដែនដី​នគ​រូបនីយកម្ម និង​សំណង់​ផងដែរ តែ​មិន​ទទួល​បាន​​លទ្ធផល​នោះទេ។ តំណាង​ប្រជាពលរដ្ឋ​បានលើកឡើង​បន្ថែមថា ដី​ដែលមាន​ទំនាស់​នោះ​មាន​ទំហំ៩៥០ហិកតា ហើយ​ពួកគាត់​បាន​កាន់កាប់​ដី​ទាំងនេះ​តាំងពី​ឆ្នាំ១៩៨៥ មក​ម្លេះ។

អាជ្ញាធរ​ដែនដី និង​ក្រសួង​ដែនដី​នគ​រូបនីយកម្ម និង​សំណង់ មិនអាច​ទាក់ទង​សុំ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា មិន​អើពើ​នឹង​ជម្លោះដីធ្លី​នៅ​កំពង់ស្ពឺ​នេះ​បាន​នៅឡើយ​នោះទេ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩​ឧសភានេះ។

ដោយឡែក លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អ​ង្គេ​តនៃ​សមាគម​អាដហុក បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹងថា​ សមាគម​អាដហុក​នឹងធ្វើ​ការសិក្សា​រយៈពេល​ខ្លី​ លើ​ឯកសារ​ពាក់ព័ន្ធ​នានា​លើ​ជម្លោះដីធ្លី​នេះ ហើយ​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ដើម្បី​ដោះស្រាយ​បញ្ហា​ដី​ទំនាស់​​ទាំងនេះ។ លោក នី ចរិយា បាន​សង្កត់​ធ្ញ​ន់​ថា អាជ្ញាធរ​ត្រូវ​ធ្វើការ​ស៊ើប​អ​ង្កេ​ត​នៅ​កន្លែង​កើតហេតុ​​នៅពេល​ប្រជាពលរដ្ឋ​ប្តឹង ហើយ​ត្រូវ​បញ្ឈប់​ក្រុមហ៊ុន​ កុំ​ឲ្យ​ធ្វើការ​ឈូសឆាយ​លើដី​មាន​ជម្លោះ។ យ៉ាងណាក៏ដោយ សមាគម​អាដហុក​នឹងធ្វើ​ការ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងនេះ​ដើម្បី​ឲ្យ​ពួកគាត់​ទទួលបាន​ដី​ទាំង​នោះមក​ធ្វើស្រែ​ចម្ការ​ឡើងវិញ។

ជាមួយគ្នានេះដែរ តំណាង​ប្រជាពលរដ្ឋ​បាន​អះអាងថា ពួកគាត់​​នឹងធ្វើ​តវ៉ា​ដើម្បី​កាន់កាប់​ដី​របស់​ពួកគាត់​វិញ ទោះបី​ត្រូវ​រង​ការបង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​បែបណាក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ