អានតួអត្ថបទ
កម្ពុជា

កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​៖ សង្គម​ស៊ីវិល​ផ្តល់​អនុ​សាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ និង​ជប៉ុន​

នៅ​​ថ្ងៃ​​សុក្រ​​ទី​២៣​ឧសភា​​នេះ​ សង្គម​​ស៊ីវិល​​ដែល​មាន​​ជំនាញ​​លើ​​ការ​បោះ​ឆ្នោត​​នៅ​​កម្ពុជា​ បាន​ផ្តល់​​អនុសាសន៍​​ចំនួន​១០​ចំណុច​​ទៅ​កាន់​​ប្រ​តិភូ​​ជប៉ុន ​និង ​រដ្ឋា​ភិបាល​​តាម​រយៈ​​ក្រ​សួង​មហា​ផ្ទៃ​​សម្រាប់​​កំណែ​ទម្រង់​​ការ​បោះ​ឆ្នោត​។ ​អនុសាសន៍​​ទាំង​១០​ចំ​​ណុ​ច​នោះ ​មាន​​កំណែ​ទម្រង់​​​​គ​.ជ​.ប​ កំ​ណែ​ទម្រង់​​បញ្ជី​​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​ និង​​យន្តការ​​ដោះ​ស្រាយ​​ជម្លោះ​​បោះ​ឆ្នោត​​ជា​ដើម​។ ​ក្រៅ​ពី​​កំណែ​ទម្រង់​​គ.ជ.ប​ រដ្ឋ​សភា​ជាតិ​​ក៏​ត្រូវ​​បាន​​សង្គម​​ស៊ី​វិល​​ផ្តល់​​អនុ​សាស​ន៍​​មួយ​ចំនួន​ទៀត​​ដើម្បី​​កែ​លម្អ​​ផង​ដែរ​។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

មាន៥ចំណុច​ដែល​អ្នក​​ជំនាញការ​បោះឆ្នោត​នៅ​កម្ពុជា​បានផ្តល់​អនុសាសន៍​ទៅដល់​គណៈ​ប្រតិភូ​កំណែទម្រង់​ការបោះឆ្នោត​ជប៉ុន។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហង្ស ​ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក​ដែល​បាន​ជួបប្រជុំ​ជាមួយ​គណៈប្រតិភូ​ជប៉ុន។

លោក ហង្ស​ ពុទ្ធា បានបញ្ជាក់​ប្រាប់​ចំណុច​ទាំង៥នោះ​រួមមាន ទី១ កំណែទម្រង់​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ទី២ កំណែទម្រង់​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ទី៣ យន្តការ​ដោះ​ស្រាយ​ជម្លោះ​បោះឆ្នោត ទី៤ កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ ទី៥គឺ​ប្រព័ន្ធ​បោះឆ្នោត​ប្រ​កប​ដោយ​តម្លាភាព។

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ គណៈ​ប្រតិភូ​កំណែទម្រង់​ការបោះឆ្នោត​ជប៉ុន​ដែលមាន​គ្នា១០នាក់ បាន​ជួបប្រជុំ​ជាមួយ​អង្គការ​ដែលមាន​ជំនាញ​បោះឆ្នោត​នៅ​កម្ពុជា ​ដើម្បី​ស្វែង​យល់​​ពី​ភាពមិនប្រក្រតី និង​បញ្ហា​បោះឆ្នោត​នៅ​កម្ពុជា។ ជំនួប​ជាមួយ​សង្គម​ស៊ីវិល​នេះ គឺជា​ជំនួប​ចុងក្រោយ​ហើយ​សម្រាប់​គណៈប្រតិភូ​ជប៉ុន ​បន្ទាប់ពី​បាន​ជួប​ជាមួយ​រដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​គ.ជ.ប។បើតាម​លោក​ ហង្ស ​ពុទ្ធា ​ដដែល គណៈប្រតិភូ​ជប៉ុន​មិនមាន​ប្រតិកម្ម​អ្វី​នោះទេ ក្រៅពី​ការ​កត់​ត្រា។

សូម​កត់សម្គាល់​ផងដែរ​ថា កាលពី​ល្ងាចថ្ងៃ​ព្រហស្បតិ៍​ទី២២ឧសភា សង្គម​ស៊ីវិល​ចំ​នួ​ន​៣​អង្គការ​​ដោយមាន​ជំនួយ​សម្របសម្រួល​ពី​តំណាង​ស្ថានទូត​អាមេរិក បាន​ជួប​ជាមួយនឹង​ក្រសួង​​មហា​ផ្ទៃ។ ក្នុងនោះ​សង្គម​ស៊ីវិល បានផ្តល់​អនុសាសន៍​ចំនួន៥ចំណុច ​ដើម្បី​កំណែ​ទម្រង់​​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង៥ចំណុច​ផ្សេងទៀត​ដើម្បី​កំណែទម្រង់​រដ្ឋសភាជាតិ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហង្ស ពុទ្ធា​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក​ដដែល។ នៅក្នុង​នោះ​មាន​អនុសាសន៍៥ចំណុច​ដែល​សង្គម​ស៊ីវិល​ផ្តល់ឱ្យ​គណៈប្រតិភូ​ជប៉ុន​គឺ​ដូចគ្នា​ទៅនឹង​អនុសាសន៍​កំណែទម្រង់​គ.ជ.ប។

ដោយ​ឡែក កំណែទម្រង់​រដ្ឋសភា​វិញ​ សង្គម​ស៊ីវិល​បានផ្តល់​អនុសាសន៍​ដូចជា ទី១ គឺ​តម្លាភាព​របស់​លេខាធិការដ្ឋាន​សភា ទី២ ឱកាស​ជជែក​ពិភាក្សា​នៃ​គណបក្សនយោបាយ​ដែលមាន​អាសនៈ​នៅក្នុង​សភា ទី៣ ការគោរព​តាម​នីតិ​វី​ធី​និង​បទ​ប្បញ្ញត្តិរបស់​សភា ទី៤ សិទ្ធ​នៃ​គណបក្ស​ដែលមាន​សំឡេង​តិច​នៅក្នុង​សភា និង​ទី៥ការទប់ស្កាត់​ការអនុម័ត​ដោយ​មិន​ឆ្លង​នីតិ​វិធី។ ក្នុងជំនួប​ជាមួយ​លោក សក់ ស៊ី​ដ្ឋា ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ សង្គម​ស៊ីវិល​ដែល​មាន​តំណាង​ស្ថានទូត​អាមេរិក​ជា​អ្នកសម្របសម្រួល​បាន ស្នើឱ្យ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​​​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​សភា។

លោក ហង្ស ពុទ្ធា​ដដែល​បាន​បញ្ជាក់ថា អនុសាសន៍​ពី​សង្គម​ស៊ីវិល​នេះ គឺ​ដើម្បី​ជួយ​បញ្ចៀស​បញ្ហា​ដែល​កើតឡើង​ក្រោយ​បោះឆ្នោត​នៅ​អាណ​ត្តិក្រោយ​ទៀត។ លោក សង្កត់ធ្ងន់ថា អនុសាសន៍​​សង្គម​ស៊ីវិល​ជាច្រើន​មកហើយ​ដែល​បានស្នើ​ទៅ​ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ព្រងើយ​កន្តើយ​។

ទាក់ទង​ទៅនឹង​អនុសាសន៍​របស់​សង្គម​ស៊ីវិល អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី លោក ផៃ​ ស៊ី​ផាន បានស្នើ​ឱ្យ​សង្គម​ស៊ីវិល​គោរព​តួនាទី​របស់ខ្លួន។ អ្នកនាំពាក្យ​ដដែល​រូបនេះ បាន​រិះគន់​សហរដ្ឋអាមេរិក​ថា​បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ លោក​​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា និង​សង្គម​ស៊ីវិល រួមទាំង​ប្រជាជាតិ​កម្ពុជា​ទាំងមូល​មិន​ទាន់​​ជាស​ត្រូវ​នឹង​គ្នា​នោះទេ ដែល​ត្រូវការ​ឱ្យមាន​សហរដ្ឋអាមេរិក​ជា​អ្នកសម្របសម្រួល​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ