អានតួអត្ថបទ
កម្ពុជា

ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ពិភាក្សា​ទាំង​នយោបាយ​ និង​​យន្តការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​

ដូច​ការគ្រោងទុក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២២ ឧសភា​នេះ តំណាង​ចរចា​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំគ្នា​ជា​លក្ខណៈ​ឯកជន​ហើយ​ ចំពោះ​វិ​ប​ត្តិ​នយោបាយ​នៅ​កម្ពុជា​ដែល​កំពុង​អូសបន្លាយ​ក្រោយ​ការបោះឆ្នោត។ គណ​បក្ស​ទាំងពីរ​បាន​លើកយក​យន្តការ​កំណែ​ទម្រង់កា​របោះ​ឆ្នោត និង​ការពិភាក្សា​កញ្ចប់​នយោបាយ ​ដើម្បី​បិទ​បញ្ចប់​វិ​ប​ត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត។

លោកព្រំ សុខា តំណាង​អ្នកចរចា​គណបក្ស​ប្រជាជន ក្រោយ​ពេល​ជំនួប​ក្នុង​ពេល​កន្លងមក
លោកព្រំ សុខា តំណាង​អ្នកចរចា​គណបក្ស​ប្រជាជន ក្រោយ​ពេល​ជំនួប​ក្នុង​ពេល​កន្លងមក Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

យន្តការ​កំណែ​ទម្រង់កា​របោះ​ឆ្នោត និង នីតិ​វិធី​ដំណើរ​ការងារ​នៃ​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ទាំងពីរ រួមទាំង​ការព្រមព្រៀង​ជា​លក្ខណៈ​កញ្ចប់​នយោបាយ ដើម្បី​បិទ​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត គឺជា​ប្រធានបទ​ដែល​តំណាង​គណបក្ស​ទាំងពីរ​បាន​ពិភាក្សា​គ្នា​​នៅ​ព្រឹក​នេះ។

តំណាង​ក្រុម​ចរចា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន បាន​វិទ្យុ​បារាំងអន្តរជាតិ​ក្រោយ​កិច្ចប្រជុំ​បន្តិច​ថា គណបក្ស​ទាំងពីរ​នៅ​មិនទាន់​កំណត់​ថ្ងៃ​ជួបប្រជុំគ្នា​សា​ជាថ្មី​ម្តងទៀត​នោះទេ។ ពោលគឺ​តំណាង​គណបក្សនីមួយៗត្រូវរាយការណ៍ជូន​ថ្នាក់ដឹកនាំ និង​សុំ​ការ​អនុញ្ញាត។ លោក​បន្តថា គណបក្ស​ទាំងពីរ​កំពុងតែ​បំពេញ​ចំណុចលម្អិតៗថែមទៀត​ដើម្បី​ធានា​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា ​នៅពេល​ខាង​មុខជា​បន្តទៀត។

ដោយឡែក​ តំណាង​ចរចានៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ព្រុំ​ សុខា វិញ​បាន​ថ្លែងថា កិច្ច​ប្រជុំ​​ឯកជន​នេះ គឺ​ដើម្បី​ពិភាក្សា​បើកផ្លូវ​ឱ្យមាន​ការប្រជុំ​ផ្លូវការ​មួយ​នៅពេល​ខាងមុខ​ដើម្បី​ឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​នយោបាយ ​នាពេលខាងមុខ​ផងដែរ។

ប៉ុន្តែ​ យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​ប្រមាណ​ជិត៣ម៉ោង​ពី​ម៉ោង៩:៣០នាទី​ដល់​ម៉ោង ១១ លោក​គួ​យ ប៊ុន​រឿន​ បាន​បញ្ជាក់ថា​គណបក្ស​ទាំងពីរ​បាន​ឈរលើ​ស្មារតី​ឯកភាពគ្នា និង​មាន​សុ​ឆន្ទៈ​ដើម្បី​ដោះស្រាយ​និង​បិទ​បញ្ចប់​បញ្ហា​សាំញ៉ាំ​ទាក់ទង​ការបោះឆ្នោត​នៅ​កម្ពុជា។

សូម​រម្លឹកជូន​ថា ការជួបប្រជុំគ្នា​នៃ​តំណាង​ក្រុម​ចរចា​នៃ​គណបក្ស​ទាំងពីរ​នេះ​គឺ​ស្រប​ពេល​ដែល​​ប្រតិភូ​កំណែទម្រង់​ការបោះឆ្នោត​របស់​ជប៉ុន ​បាន​កំពុង​បំពេញ​ទស្សន​កិច្ចនៅ​កម្ពុជា។ គណបក្ស​ប្រតិភូ​ជប៉ុន​ដែល​បាន​ជួបពិភាក្សា​ជាមួយ​គណបក្សកាន់អំណាច គណបក្សប្រឆាំង និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​គ្រោង​ជួប​ជាមួយ​អង្គ​ការ​សង្គម​ស៊ីវិល​ផងដែរ។

កិច្ចពិភាក្សា​ជា​លក្ខណៈ​ឯកជន​នៅ​ព្រឹក​នេះ មាន​លោក ព្រុំ​សុខា រដ្ឋលេខាធិការ​​ក្រសួង​មហាផ្ទៃ ជា​តំណាង​ពី​គណបក្ស​ប្រជាជន​កម្ពុជា រីឯ​លោក គួ​យ ប៊ុន​រឿន ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ