អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ព្រះ​សក្យ​មុនី​ចេតិយ​គួរ​តែ​ត្រូវ​បាន​ថែ​ទាំ​ឡើង​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រោះតែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមត្ថកិច្ច ព្រះ​សុវណ្ណកោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ​ត្រូវបាន​រកឃើញ​មកវិញ។ ហើយ​ការណ៍​នេះ​បានធ្វើអោយ​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​ស្ងប់ចិត្ត និង​អបអរសាទរ​យ៉ាងខ្លាំង។ នៅពេលនេះ ព្រះ​បរម​សារីរិកធាតុ​ដែល​វត្ថុ​ជាទី​សក្ការៈ​ដ៏​កម្រ​ត្រូវបាន​បាន​យកមក​រក្សាទុក​នៅក្នុង​ព្រះបរមរាជវាំង មុននឹង​យកទៅ​ដំកល់​សារជាថ្មី​នៅក្នុង​ព្រះ​សក្យមុនីចេតិយ លើ​កំពូល​ព្រះរាជ​ទ្រព្យ។ ប៉ុន្តែ​ថា ឆ្លងកាត់​បទពិសោធន៍​នៃ​ចោរកម្ម ព្រះ​សក្យមុនីចេតិយ​គួរតែ​ត្រូវ​ថែទាំ​ឡើងវិញ​ដោយ​ម៉ត់ចត់ និង​ត្រឹមត្រូវ​បំផុត ដើម្បីអោយ​ស័ក្តិសម​ជាទី​សក្ការៈបូជារ​បស់​ប្រទេសជាតិ និង​របស់​ពុទ្ធសាសនិក​គ្រប់​មជ្ឈដ្ឋាន។

ព្រះ​សិរីរិក​ធាតុ ដែល​បាន​បាត់
ព្រះ​សិរីរិក​ធាតុ ដែល​បាន​បាត់ អគ្គស្នងការដ្ឋាន នគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​បណ្តាញ​សង្គម​គេ​អាច​យល់បាន​ថា តើ​ពលរដ្ឋ​ខ្មែរ​ទូទៅ​អោយ​តម្លៃ​ខ្លាំង​យ៉ាងណា​ទៅលើ​វត្ថុ​សាក​សិទ្ធិ ឬ​វត្ថុ​ជាទី​សក្ការៈ​នៃ​ព្រះ​បរម​សារីរិកធាតុ ដែល​ត្រូវបាន​រកឃើញ​វិញ​ពី​ក្នុង​ដៃ​ចោរ​ខិលខូច ជា​ទមិឡ​ឥត​សាសនា​នោះ។ ម្នាក់ៗសុទ្ធតែ​បាន​និយាយ​អបអរ និង​សំដែង​អារម្មណ៍​សប្បាយរីករាយ​ឡើងវិញ​ចំពោះ​ការរកឃើញ​ព្រះ​សុវណ្ណកោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ ហើយ​បាន​បង្ហោះ​រូបភាព​ចែក​ផ្សាយ ផ្តល់ដំណឹងតៗគ្នា។ នៅតាម​បណ្តាញសារព័ត៌មាន​វិញ ក៏ដូចជា​ថ្ងៃ​ដែល​បាត់បង់​វត្ថុ​សក្ការៈបូជា​នេះដែរ ព័ត៌មាន​ស្តីពី​ការរកឃើញ ព្រះ​សុវណ្ណកោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ​បាន​គ្របដណ្តប់​លើ​ទំព័រមុខ​សារព័ត៌មាន​ទាំងអស់។ នេះ​ក៏​បង្ហាញថា​ប្រធានបទ​នេះ ជា​ប្រធានបទ​ថ្នាក់ជាតិ ដែល​ទាក់ទាញ​ដោយ​អ្នកអាន អ្នក​ស្តាប់ និង​អ្នកទស្សនា​ក្នុង​ទូទាំងប្រទេស។ បើទោះជា​មានមតិ​ខ្លះ​បង្ហាញ​អំពី​ការសង្ស័យ និង​បារម្ភ​អំពី​ភាពមិន​ពិត​នៃ​វត្ថុ​ដែល​ត្រូវបាន​រកឃើញ​មកវិញ​នោះ​ក៏ដោយ មតិ​ទាំងនេះ​ក៏​បង្ហាញ​អំពី​ការផ្តល់​តម្លៃ​ទៅលើ​វត្ថុ​ជាទី​សក្ការៈ​នេះដែរ។

 
ខណៈ​ព្រះ​សុវណ្ណកោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ​ត្រូវបាន​ដង្ហែ​យកមក​រក្សាទុក​នៅក្នុង​ព្រះបរមរាជវាំង ដោយ​រង់ចាំ​សេចក្តីសម្រេច​នៃ​ដង្ហែ​យកទៅ​ដំកល់​ក្នុង​ព្រះ​សក្យមុនីចេតិយ​នៅលើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ​ឡើងវិញ។ គឺ​នៅពេល​នេះហើយ ដែល​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​គិតគូរ​ពិចារណា​អំពី​ការថែរក្សា និង​ថែទាំ​ឡើងវិញ​ទី​រមណីយដ្ឋាន​សក្ការៈបូជា​នោះ។
ឆ្លងកាត់​ហេតុការណ៍​លើក​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ទាញ​បាន​នូវ​ពិសោធន៍ និង​មេរៀន​ជាច្រើន។

ជាបឋម ទីសក្ការៈ​បូជា​ដែល​ធម្មតា​ត្រូវការ ការពារ​យ៉ាង​តឹងរឹង​នោះ បែរជា​ត្រូវ​ចោរ​ចូល​លួច​ដោយ​ជោគជ័យ វា​ពិតជា​បានបង្ហាញ​អំពី​ភាពកំសោយ​នៃ​ផ្នែក​សន្តិសុខ ដោយ​មិនអាច​ប្រកែក​បាន។

បន្ទាប់មកទៀត ប្រសិនបើ​គេ​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ទី​រមណីយដ្ឋាន​សក្ការៈ​មួយ​នេះ​ឡើងវិញ​មែន​នោះ បញ្ហា​អនាម័យ​ក៏​មិន​ត្រូវគេ​មើលរំលង​ដែរ។ កុំថាឡើយ​ថា​ជាទី​សក្ការៈបូជា សូម្បីតែ​ទី​រមណីយដ្ឋាន​ទេសចរណ៍ ក៏​គេ​គួរ​បារម្ភ និង​យកចិត្តទុកដាក់​អំពី​បញ្ហា​អនាម័យ​ដែរ។ កន្លងមក ពលរដ្ឋ​អ្នកទេសចរ​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​ធ្លាប់​រអ៊ូរទាំ​អំពី​បញ្ហា​អនាម័យ​នេះ នៅតាម​ជណ្តើរ​ឡើងទៅ​ព្រះ​សក្យមុនីចេតិយ។ មិន​ត្រឹម​តែមាន​សំរាម​ទេ ប៉ុន្តែ​ក៏មានដែរ​ក្លិនឆ្អេះ​ឆ្អាប​នោះ។ ប្រការ​នេះហើយ​ដែល​បង្ហាញ​អំពី​ការមិន​គោរពបូជា​សាសនា​នោះ។
គេ​គួរ​យល់បាន​ថា ការសម្រេច​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​ពី​កណ្តាល​រាជធានី​ភ្នំពេញ ទៅលើ​ភ្នំ​ព្រះរាជ​ទ្រព្យ​នោះ គឺ​ដើម្បី​ធ្វើយ៉ាងណា​អោយ​ទីសក្ការៈ​បូជា​នៃ​ព្រះពុទ្ធសាសនា ស្ថិតនៅ​ទីកន្លែង​ដ៏​ពិសិដ្ឋ នៅ​ដាច់​ឆ្ងាយ​ពី​ទី​កខ្វក់​គ្មាន​អនាម័យ នៅ​ឆ្ងាយ​ពី​ភាពរ​ញេ​រ​ញ៉ៃ​នៃ​អំពើ​បាប​របស់​មនុស្ស​ជាដើម។ ប៉ុន្តែ អ្វីដែល​បាន​កើតឡើង​កន្លងមក​នោះ គឺ​អំពើ​បាប​របស់​មនុស្ស​បាន​តា​ម​ទៅដល់​ទីសក្ការៈ​ព្រះពុទ្ធសាសនា​នៅលើ​កំពូលភ្នំ​តែម្តង។

តាមពិតទៅ ក្រៅពី​ការគោរព​បូជា​ជា​រៀងរាល់ថ្ងៃ​នៃ​អ្នកទេសចរ ព្រះ​សក្យមុនីចេតិយ​ក៏ត្រូវ​ទទួល​ពិធីបុណ្យ​សាសនា​ដ៏​ធំ​ជា​រៀងរាល់ឆ្នាំ គឺ​បុណ្យមាឃបូជា​ផងដែរ។ ដូច្នេះ ព្រះ​សក្យមុនីចេតិយ​នេះ ត្រូវតែ​ជាទី​កន្លែង​ដែល​មនុស្ស​ផងទាំងពួង​កោតខ្លាច​នូវ​បារមី និង​ផ្តល់​ការគោរព​យ៉ាងខ្លាំង។

ដើម្បី ធ្វើអោយ​ទីសក្ការៈ​នេះ​ក្លាយជា​ទីកន្លែង​ដ៏​ពិសិដ្ឋ និង​មានតម្លៃ​នោះ អាជ្ញាធរ​ពាក់ព័ន្ធ​គួររៀបចំ​ការគ្រប់គ្រង​តំបន់​នេះ​ឡើងវិញ ពិសេស​ផ្នែក​សន្តិសុខ និង​អនាម័យ។ វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​គេ​មិនត្រូវ​មើលរំលង​នោះ គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន។ ថ្វី​ដ្បិត​ត្រូវមាន​កំលាំង​សន្តិសុខ​ផ្លូវការ​មែនហើយ ប៉ុន្តែ​អាជ្ញាធរ​គួរ​ចាប់ផ្តើម​បំផុស​អោយមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​អំពី​ជួយ​ថែរក្សា និង​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ។ ប្រជាជន​ក្នុងភូមិ​ម្នាក់​ក៏​អាចជា​កំលាំង​សន្តិសុខ​ម្នាក់។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ម្នាក់​ក៏​អាចជា​អ្នក​បោសសំអាត និង​អ្នកថែរក្សា​ទីតាំង​សក្ការៈ​នេះ​ម្នាក់ទៀត​ដែរ។ ដូច្នេះ​ប្រសិនបើ​គេ​អាចធ្វើ​យ៉ាងនេះ​បាន នោះ​ទី​រមណីយដ្ឋាន​ព្រះ​សក្យមុនីចេតិយ នឹង​អាច​ទទួលបាន​ការផ្លាស់​ប្តូរ​មុខមាត់​ថ្មី​ថែមទៀត ហើយក៏​អាច​ទទួលបាន​អ្នកទេសចរ​កាន់តែច្រើន​ផងដែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ