អានតួអត្ថបទ
កម្ពុជា

ជំនួប​ចរចា​ជា​ថ្មី​រវាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​

គិត​​មក​ដល់​​ថ្ងៃ​អាទិត្យ​ ទី ​២០ ​កក្កដា ​នេះ ​ជំនួប​​ចរចា​​គ្នា​​ជា​ថ្មី ​រវាង​​គណបក្ស​​ជាប់​ឆ្នោត​​ទាំង​ពីរ​​នៅ​​មិន​ទាន់​​បាន​កំណត់​​នៅ​ឡើយ​​ទេ ​បើ​ទោះ​​បី​លោក ​សម ​រង្ស៊ី​ ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​​អំពាវ​នាវ​​ឲ្យ​​មាន​ការ​​ជួប​គ្នា​​ឡើង​វិញ​​នៅ​​ថ្ងៃ​​ចន្ទ​ ស្អែក​​នេះ​​ក៏​ដោយ​។ ​គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​ផ្តល់​​រូបមន្ត​​ថ្មី​​មួយ​ទៀត​​នៃ​​កំណែ​ទ​ម្រង់​​គ.ជ.ប​​ដល់​​គណបក្ស​​ប្រជាជន​​កម្ពុជា​ ប៉ុន្តែ​​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​កាន់​អំណាច​ បាន​​អះ​អាង​ថា ​រូបមន្ត​​ថ្មី​​នេះ​​មិន​អាច​​ទៅ​រួច​​នោះ​ឡើយ​។

ជំនួបចរចាគណបក្សទាំងពីរនៅថ្ងៃព្រហស្បតិ៍ ទី ១២ មិថុនា ឆ្នាំ ២០១៤។
ជំនួបចរចាគណបក្សទាំងពីរនៅថ្ងៃព្រហស្បតិ៍ ទី ១២ មិថុនា ឆ្នាំ ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ជំនួប​ចរចា​ជាថ្មី ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​តាម​ការអំពាវនាវ​រប​ស់លោក សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ទំនង​មិនអាច​កើតមានឡើង​នោះទេ។ មិនអាច​កើតមាន គឺ​ដោយសារ​តំណាង​ចរចា​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ នៅ​មិនទាន់បាន​ទាក់ទង​គ្នា​កំណត់​ថ្ងៃ​ជួបចរចា​ជាថ្មី​នោះ​នៅឡើយ​ទេ។

លោក គួ​យ ប៊ុន​រឿន ប្រធាន​ក្រុមការងារ​ចរចា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​នៃ​ការចរចា​ជាថ្មី​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ ក្រោយពី​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ការ​ជួបចរចា​ជាថ្មី​កាលពី​ថ្ងៃ​សៅរ។ ប៉ុន្តែ លោក អះអាងថា រង់ចាំ​ទទួលដំណឹង​នៅ​ថ្ងៃ​ចន្ទ​ស្អែក បន្តទៀត។

លោក ព្រុំ សុខា ប្រធាន​ក្រុមការងារ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​ទាក់ទង​សាកសួរ​ពី​ព័ត៌មាន​នៃ​ការចរចា​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃអាទិត្យ ទី ២០ កក្កដា នេះ។

សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី ១៨ កក្កដា លោក គួ​យ ប៊ុន​រឿន បាន​ជួប​ផ្ទាល់​ក្រៅផ្លូវការ​ជាមួយ​លោក​ព្រុំ សុខា ហើយ​បាន​ផ្តល់នូវ​រូបមន្ត​ថ្មី នៃ​កំណែទម្រង់​គ.ជ.ប ជូន​ដល់​លោក ព្រុំ សុខា ផងដែរ។ យ៉ាងណាក៏ដោយ មកដល់​ថ្ងៃអាទិត្យ​នេះ លោក គួ​យ ប៊ុន​រឿន បាន​បញ្ជាក់ថា លោក​មិនទាន់​ទទួលបាន​ការឆ្លើយតប និង កំណត់​ថ្ងៃ​ចរចា​ពី​តំណាង​ក្រុមការងារ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ។ ចំពោះ​រូបមន្ត​ថ្មី​នេះ លោក គួ​យ ប៊ុន​រឿន មិនបាន​លម្អិត​នោះទេ ដោយ​រង់ចាំ​ជួបចរចា​គ្នា​ផ្ទាល់​តែម្តង ។

ក៏ប៉ុន្តែ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅក្នុង​ទំព័រ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់លោក បាន​បង្ហាញថា រូបមន្ត​ថ្មី​នោះ គឺ ក្នុងចំណោម​សមាសភាព គ.ជ.ប ៩រូប លោក​ស្នើ​ឲ្យមាន​សង្គម​ស៊ីវិល៣រូប គណបក្ស​ប្រជាជន​កម្ពុជា ៣រូប និង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៣រូប។

យ៉ាងណាក៏ដោយ  លោក ឈាង វុន មន្ត្រីជាន់ខ្ពស់ និង​ជា​សមាជិក​នៃ​ក្រុមការងារ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជឿថា រូបមន្ត​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មិនអាច​ទៅរួច​នោះទេ។ មិនអាច​ទៅរួច គឺ​ដោយសារ​លោក​យល់ថា សង្គម​ស៊ីវិល​មួយចំនួន​មិនមាន​ឯករាជ្យភាព។

សូម​ជំរាបជូន​ថា  គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខ្វែងគំនិត​គ្នា លើ​កំណែទម្រង់​ការបោះឆ្នោត នៅត្រង់​នីតិវិធី​ជ្រើសរើស​សមាជិក​គ.ជ.ប។ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចង់បាន​ការជ្រើសរើស​សមាជិក​គ.ជ.ប ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត ឬ ៥០ភាគរយ បូក ១ នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​សរុប ១២៣ រូប។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ចង់បាន​តាម​មតិ ២ ភាគ ៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ