អានតួអត្ថបទ
កម្ពុជា

រដ្ឋ​សភា​នឹង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​តុលាការ​ទោះ​ជា​មាន​ការ​រិះ​គន់​

ការ​រិះ​គន់​​នា​នា​​ទាក់​ទង​​នឹង​​សេចក្តីព្រាង​ច្បាប់​​សំខាន់​​ទាំង​បី​​ក្នុង​វិស័យ​​តុលាការ​​មិន​បាន​​រា​រាំង​​ដំណើរការ​​នីតិ​វិធី​​របស់​​រដ្ឋ​សភា​​ក្នុង​ការ​​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​​ទាំង​​នោះ​ទេ​។ ​រដ្ឋសភា​​ដែល​មាន​​តែ​​តំណាង​រាស្ត្រ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​នឹង​​លើក​យក​​សេចក្តី​ព្រាង​ច្បាប់​​សំខាន់​​ទាំង​បី​​ទៅ​​ពិភាក្សា​​និង​​អនុម័ត​​ក្នុង​​កិច្ច​ប្រជុំ​ពេញ​អង្គ​​ចាប់​ពី​​ថ្ងៃ​ទី​២០​ឧសភា ​នេះ​​ត​ទៅ​​ហើយ​។​ យ៉ាង​ណា​ក៏ដោយ ​សង្គម​​ស៊ីវិល​​នៅ​តែ​​បន្ត​​ការ​តស៊ូ​​មតិ​។​

រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ។
រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ដូច​ការគ្រោងទុក សេចក្តីព្រាងច្បាប់​សំខាន់​ទាំងបី​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការ​នឹងត្រូវ​រដ្ឋសភា​លើក​យកទៅ​ពិភាក្សា​នឹង​អនុម័ត​នៅ​ថ្ងៃទី២០ឧសភា​នេះ​ដោយ​គ្មាន​ការ​បែ​ប្រែ​ឡើយ​បើទោះបីជា​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ផ្អាក​សិន​ក៏ដោយ។ នេះ​បើតាម​លោក ជាម យៀប សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ។

សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​ទាំងបី​នោះ​រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា។ សេចក្តីព្រាងច្បាប់​សំខាន់​ទាំងបី​ត្រូវបាន រដ្ឋាភិបាល​ចាត់ទុកថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កំណែទម្រង់ ប្រព័ន្ធយុត្តិធម៌​កម្ពុជា។

ប៉ុន្តែ ក្រុមអ្នកច្បាប់​អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​សេចក្តីព្រាងច្បាប់​ដែល​តាក់តែង​ដោយ​រដ្ឋាភិបាល​នេះ ថា​មិនអាច​ធានា​ឲ្យ​ប្រព័ន្ធតុលាការ​កម្ពុជា ឯករាជ្យ​បានទេ។ ផ្ទុយទៅវិញ អង្គការ​សង្គម​ស៊ីវិល​នៅតែ​មើលឃើញថា ប្រព័ន្ធតុលាការ​នៅតែ​ស្ថិតក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​តែ​ដដែល​បើទោះជា មានច្បាប់​សំខាន់​ទាំងបី​ក៏ដោយ។

ទោះបីជា​ការទាមទារ​ឲ្យ​មានការ​ពិភាក្សា​ទូលំទូលាយ​មិនបាន​សម្រេច​លទ្ធផល​ក៏ដោយ អង្គការ​សង្គម​ស៊ីវិល​ក៏​នៅតែ​បន្ត​ការតស៊ូ​មតិ​ដដែល។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​គ្រោង​បើក​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ដើម្បី​បង្ហាញ​ពី​ចំណុច​គួរ​ឲ្យ​ព្រួយបារម្ភ​មួយចំនួន​ដែលមាន​នៅក្នុង​សេចក្តីព្រាងច្បាប់​ទាំងនោះ ជាពិសេស​ទាក់ទង​នឹង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​គេ​រិះគន់ថា​ជា​ស្ថាប័ន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងយុត្តិធម៌។

ឆ្លើយតប​នឹង​ការរិះគន់លោកនាយក​រដ្ឋមន្ត្រីហ៊ុនសែនធ្លាប់បាន​ព្រមាន​អង្គការ​សង្គម​ស៊ីវិល​កុំ​ឲ្យ​ទាមទារ​ហួស​ពី​ដែន​កំណ​ត់នៃ​កិច្ចការ​របស់ខ្លួន។លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ច្បាប់​មិន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ត្រូវយក​សេចក្តីព្រាងច្បាប់​ទៅ​ឆ្លង អង្គការ​សង្គម​ស៊ីវិល​ទេ។ក៏ដូចជា​លោកនាយក​រដ្ឋមន្ត្រី​ដែរលោកជាមយៀបបាន​អះអាង​ជា​ចុងក្រោយ​ថារដ្ឋសភា​មិន​រង់ចាំ​ផ្តល់យោបល់​ពី​សង្គម​ស៊ី​វិ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ