អានតួអត្ថបទ
កម្ពុជា

តុលាការ​កំពូល​បន្ត​ទាត់​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ​វ៉ន​ ពៅ​ និង​មនុស្ស​២០​នាក់​

តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទាត់​ចោល​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក វ៉ន ពៅ និង​សកម្មជន​ដែល​ជាប់ឃុំ ២០នាក់​ផ្សេងទៀត ដោយ​តម្កល់​ការសម្រេចរបស់​សាលាឧទ្ធរណ៍ និង​សាលាដំបូង​ក្រុងភ្នំ​ពេញ​ឲ្យនៅ​ដដែល។ យ៉ាងណា​ក៏ដោយ សកម្មជន​សិទ្ធិមនុស្ស បាន​ហៅ​ករណីនេះ​ថា ជា​រឿង​នយោបាយ ប៉ុន្តែ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ច្រានចោល។

លោក វន់ ពៅ
លោក វន់ ពៅ
ផ្សាយពាណិជ្ជកម្ម

មាន​មូលហេតុ​សំខាន់២ដែល​តុលាការ​កំពូល ចាំបាច់​សំរេច​បន្ត​ឃុំខ្លួន​អ្នក​ទាំង២១នាក់ ក្នុងនោះ​ក៏មាន​លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផងដែរ។ ទី១ គឺ​ដោយសារ​សំណុំ​រឿងនេះ បាន​បិទ​បញ្ចប់​ការស៊ើបអង្កេត និង​ទី២ សំណុំ​រឿងនេះ កំពុង​ស្ថិតនៅ​ក្នុងការ​ជំនុំជម្រះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ចៅក្រម ឃឹម ប៉ុន អនុប្រធាន​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃទី​៩​ឧសភា​នេះ។ លោក ឃឹម ប៉ុន បាន​បញ្ជាក់ថា វត្ដ​មាន​របស់​ជនជាប់ចោទ នៅក្នុង​អង្គ​សវនា​កា​រ​ពិតជា​ត្រូវការ​ជា​ចាំបាច់។

គួរ​កត់សំគាល់ថា នេះ​គឺជា​ការសំរេច​ច្រានចោល​ជា​បន្តបន្ទាប់​លើ​សំណើរ​សុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន អ្នក​តវ៉ា​ទាំង២១នាក់ ក្នុងនោះ​រួមមាន តុលាការ​សាលាដំបូង​ក្រុងភ្នំពេញ សាលាឧទ្ធរណ៍ និង​ចុង​ក្រោយនេះ គឺ​តុលាការ​កំពូល។

លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​អង្គការ​លីកាដូ ដែល​បាន​តាមដាន​រឿងនេះ​កាលពី​ព្រឹក​ម៉ិ​ញ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​សេចក្តីសំរេច​នេះ និង​ហៅ​ករណីនេះ​ថា ជា​រឿង​នយោបាយ។

ប៉ុន្តែ​លោក ខៀវ សុ​ភ័​ក្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន បដិសេធថា វា​មិនមែនជា​ករណី​នយោបាយ​នោះទេ តែ​វា​ជា​ករណី​ផ្លូវច្បាប់។

សូមបញ្ជាក់ថា ខណៈដែល​តុលាការ​កំពូល​កំពុង​សំរេច​ច្រានចោល​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​អ្នក​ទាំង២១នាក់​នេះ នៅ​ខាង​ក្រៅរបង​តុលាការ​កំពូល​ឯណោះ​វិញ ប្រជាពលរដ្ឋ​ដូចជា​សកម្មជន​បឹងកក់ បុរី​កីឡា និង​ថ្មគោល រួមទាំង​ពលរដ្ឋ​ផ្សេងទៀត​ដែល​រួមមាន​ព្រះសង្ឃ​ផង បាន​ប្រមូល​ផ្តុំគ្នា និង​បាន​ស្រែក​តវ៉ា ដោយ​ទទូច​អោយ​តុលាការ​ដោះលែង​សកម្មជន​ទាំង២១នាក់​អោយមាន​សេរីភាព​ឡើងវិញ។

សំណុំរឿង​របស់លោក វ៉ន ពៅ រួមទាំង​មនុស្ស​ជាង២០នាក់​នេះ កំពុងស្ថិត​នៅក្នុង​ដៃ​របស់​តុលាការ​សាលាដំបូង​ក្រុងភ្នំពេញ លើក​យកមក​ជំនុំ​ជំ​រះ ចំនួន២លើក​រួចមកហើយ។ ការ​ជំនុំ​ជំ​រះ​លើក​ទី១ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី២៥មេសា និង​លើក​ទី២ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៦​ឧសភា ហើយ​លើក​ទី៣ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​លើក​យកមក​ជំនុំ​ជំ​រះ នៅ​ថ្ងៃទី២០ឧសភា​ខាងមុខនេះ។ ក្រុម​សង្គម​ស៊ីវិល​ជឿជាក់ថា ករណី​របស់​ពួកគេ​នឹងត្រូវ​បញ្ចប់ ប្រសិនបើ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ត្រូវបាន​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ