អានតួអត្ថបទ
កម្ពុជា

មេដឹក​នាំ​បក្ស​ប្រឆាំង ​ទៅ​កាន់​ខេត្ត​ព្រៃ​វែង នៅ​ថ្ងៃទី​២នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ​ខណៈ​អាជ្ញាធរ​រារាំង​

​លោក សម រង្ស៊ី ​និង​​លោក​ កឹម សុខា ​នៅ​​ថ្ងៃ​​សៅ​រិ៍​ទី​៣​ឧសភា ជា​​ថ្ងៃទី២​នៃ​​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា ​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ​នេះ ​បាន​ធ្វើ​​ដំណើរ​​ទៅ​កាន់​​ខេត្ត​ព្រៃ​វែង ​ដើម្បី​​ជួប​ជុំ​ជា​មួយ​​អង្គ​​បោះឆ្នោត​​ជាង​៣០០​នាក់។ នៅ​​ខេត្ត​ព្រៃវែង ​ក្រៅពី​​ជួប​ជុំ​​អង្គ​បោះ​ឆ្នោត​ មេ​បក្ស​​ប្រឆាំង​​ទាំង​ពីរ ​ក៍បាន​​ដឹក​នាំ​​ដង្ហែរ​​ក្បួន​​ឃោសនា​​នៅ​​ក្រុង​​ព្រៃវែង បើ​ទោះ​បី​ជា​មាន​ការ​​រារាំង​​ពី​​អាជ្ញាធរខេត្ត​ក៍ដោយ។

លោក សម រង្ស៊ី និងលោក កឹម សុខា ថ្លែងទៅកាន់អ្នកចូលរួមនៅខេត្តព្រៃវែង កាលពីថ្ងៃទី៣ឧសភាឆ្នាំ២០១៤
លោក សម រង្ស៊ី និងលោក កឹម សុខា ថ្លែងទៅកាន់អ្នកចូលរួមនៅខេត្តព្រៃវែង កាលពីថ្ងៃទី៣ឧសភាឆ្នាំ២០១៤ @Facebokk
ផ្សាយពាណិជ្ជកម្ម

​មិន​មាន​អំពើ​ហិង្សា​ណា​មួយ​បាន​កើត​នៅ​ឡើង​ នៅ​ពេល​លោក​ សម រង្ស៊ី ​និង​លោក​ កឹម សុខា ​បាន​ដឹក​នាំ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ នៅ​ក្នុង​ខេត្ត​ព្រៃវែង​នាព្រឹក​ថ្ងៃ​ទី​៣​ឧសភា​នេះ​ឡើយ បើ​ទោះបី​ជា​អាជ្ញាធរ​ជា​ច្រើន ​ត្រូវ​បាន​ដាក់​ពង្រាយ​ដែល​ប្រដាប់​ដោយ​ខែល ដំបង ​និងអាវុធវែងខ្លី។ ​
មេដឹកនាំ​បក្សប្រឆាំង​ទាំង​ពីរ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រៃវែង ​នៅ​ព្រឹក​ថ្ងៃសៅរិ៍​នេះ ​ដើម្បី​ជួប​ជា​មួយ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​៣៥៦​រូប ​ជាអង្គ​បោះឆ្នោត​មក​ពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ រួមជា​មួយ​មហាជន​ជាង​៣ពាន់​នាក់​នៅ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន។ ​ប៉ុន្តែ​ក្រោយ​ពីការ​ជួប​ជុំ ​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ ​ក៍បាន​ដឹកនាំ​ក្បួន​ឃោសនា​បោះឆ្នោត​នៅ​ក្រុង​ព្រៃវែង​ផងដែរ។ ក្បួន​ឃោ​ស​នា​បាន​ចេញ​ពីទី​ស្នាក់​ការ​បក្ស​នៅ​ប្រមាណ​ជា​ម៉ោង​១០ ​កាត់​តាម​មាត់​ទន្លេ ​ផ្សារ និង​សាលា​ខេត្ត រួម​ទាំង​មន្ទីរ​ការងារ​ជាច្រើន​ទៀត ​នៅក្នុង​ខេត្ត​ដែល​គណបក្ស​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា។ នេះបើ​តាម​ការ​បញ្ជាក់​ពី​លោក យ៉ែម បុញ្ញាឬទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក យ៉ែម បុញ្ញាឬទ្ធិ ​បាន​បន្ត​ថា កង​កំលាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ ដែល​ប្រដាប់​ដោយ​ដំ​បង ខែល​ និង ​អាវុធ​វែង​ខ្លី ​ត្រូវ​បាន​ដាក់​ពង្រាយ ​និង​ទប់​ស្កាត់​ការ​ហែរ​ក្បួន ​និង​អ្នក​គាំទ្រ​របស់​គណបក្សប្រឆាំង​នេះ ​ក៍ប៉ុន្តែ​មិនមាន​អំពើហិង្សា​ណាមួយ​កើត​ឡើង​នោះ​ទេ​។ ​
លោក ​សម រង្ស៊ី ​និង​លោក ​កឹម សុខា ​នៅពេល​បញ្ចប់ការ​ហែរក្បួន​ឃោសនា​នៅ​ខេត្ត​ព្រៃវែង​នា​ពេល​ព្រឹកម៉ីញ ​អ្នកទាំងពីរ​ក៍បានបន្តធ្វើ​ដំណើរចូល​មកកាន់​ក្រុង​ភ្នំ​ពេញ​វិញ​នៅរសៀល​ថ្ងៃសៅរិ៍​នេះ ដើម្បី​បន្ត​ដឹកនាំ​ក្បួន​ឃោសនា​នៅ​ភ្នំពេញ​។ ​ការ​ដឹក​នាំ​ក្បួន​ឃោសនា​នៅ​ក្នុងទី​ក្រុង​ភ្នំពេញ ​ដែល​កំពុង​ទទួល​រងការ​រិះគន់​ពី​លោក ប៉ា ​សុជាតិវង្ស ​អភិបាលរាជ​ធានីភ្នំពេញ​។ ​តាមរយៈ​លិខិត​មួយ​ច្បាប់ផ្ញើរ​ជូន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត ​គជប កាល​ពី​ថ្ងៃម្សិល​ម៉ិញ លោក ប៉ា​ សុជាតិ​វង្ស ​បាន​ជំរុញ​អោយ​ស្ថាប័ណ​រៀបចំការ​បោះឆ្នោត​មួយ​នេះ ​ចាត់​វិធានការ​ជា​បន្ទាន់ ​ចំពោះ ​សកម្មភាព​រំលោភ​បទ​បញ្ជា ​និង​នីតិវិធី​នៃការ​បោះឆ្នោត​របស់​គណ​បក្ស​សង្គ្រោះជាតិ​។ ប៉ុន្តែ​លោក យ៉ែម បុញ្ញាឬទ្ធិ និង​លោក យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា ​គណបក្ស​នៅ​តែ​បន្តហែរ​ក្បួន​ បើ​ទោះ​បី​ជាមាន​ការហាម​ឃាត់​។
សូម​បញ្ជាក់​ថា​ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត​ ក្រុង ​ស្រុក​ ខណ្ឌ ​នឹង​បញ្ចប់នៅ​ថ្ងៃ​ទី​១៦​ឧសភា​ខាង​មុខ។ ​
លោក​ ទេព នីថា ​អគ្គលេខាធិការ ​គណៈកម្មាធិការ​ជាតិ ​រៀបចំការ​បោះ​ឆ្នោត​ ​(គ.ជ.​ប.)​ បាន​មានប្រសាសន៍ថា គណបក្សចំនួន៤ បានជួបប្រជុំ និង​ចាក់មីក្រូ​នៅ​តាម​​ស្នាក់​ការ​គណបក្ស​របស់​ខ្លួន ដោយ​ឡែក ​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មួយ​​គត់ ដែល​បាន​ដឹក​នាំ​ហែក្បួន​ឃោសនា​ទៅ​វិញ។ ​ទោះ​ជា​យ៉ាង​ណា ​លោក​ទេព នីថា ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ថ្ងៃ​យុទ្ធនាការ​ឃោសនា​កាល​ពី​ថ្ងៃ​ម្សិល​ម៉ិញ ​ពុំ​មាន​​បណ្តឹងតវ៉ាណាមួយនោះទេ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ