អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក កឹម សុខា៖ CNRPនិងCPP ត្រៀម​របៀប​វារៈ​ជួប​គ្នា​សប្តាហ៍​ក្រោយ

លោក​កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​ក្នុង​ប្រទេស​បារាំង​កាល​ពី​យប់​មិញ តាម​រយៈ video conference ថា គណបក្ស​សង្រ្គោះ​ជាតិ និង​គណបក្ស​ប្រជាជន​អាច​នឹង​ជួប​គ្នា​ក្នុង​សប្តាហ៍​ក្រោយ​នេះ។ អនុ​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ទៀត​ថា គណបក្ស​ទាំង​ពីរ​ក៏​បាន​ឆ្លើយ​ឆ្លង​គ្នា ទៅ​វិញ​ទៅ​មក​ដើម្បី​កំណត់​ពី​របៀប​វារៈ នៃ​កិច្ច​ពិភាក្សា​ផង​ដែរ​។

លោក ហ៊ុន សែន, លោក សម រង្ស៊ី, និង​លោក កឹម សុខា។
លោក ហ៊ុន សែន, លោក សម រង្ស៊ី, និង​លោក កឹម សុខា។ @RFI
ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្រ្គោះ​ជាតិ បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជាតំណាង​ដោយ​លោក ស ខេង បាន​ផ្ញើ​របៀប​វារៈ​ពីរ​មក​ឲ្យ​គណបក្ស​សង្រ្គោះជាតិ ដែល​របៀបវារៈ​ទាំង​ពីរ​នោះ ​រួម​មាន​ការ​ពិភាក្សា​គ្នា​ពី ភារៈកិច្ច​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ​និង​បញ្ហាផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​សិទ្ធិ សមត្ថកិច្ច របស់​ថ្នាក់​ដឹក​នាំ​តំណាង​រាស្រ្ត​គណបក្ស​ទាំង​ពីរ​។ លោក​កឹម សុខា បន្ថែម​ថា​គណបក្ស​សង្រ្គោះ​ជាតិ​មិន​ជំទាស់ និង​របៀប​វារៈ​ទាំង​ពីរ ដែល​ស្នើដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​និង​ជា​អគ្គ​លេខាធិ​ការ​ដ្ឋាន​នៃ​រដ្ឋសភា ឲ្យ​ដឹង​ថា លោក ស ខេង កាល​ពី​ថ្ងៃ​ទី ១៣ ខែ មករា បាន​ផ្ញើរ​លិខិត​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កំណត់​របៀប​វារៈ​ចំនួន​ពីរ​ខាង​នេះ​មែន។ ក៏​ប៉ុន្តែ លោក ថា កាល​បរិច្ឆេទ​ច្បាស់​លាស់​នៃ​ជំនួប​នេះ មិនទាន់​បាន​កំណត់​នៅ​ឡើយ​នោះ​ទេ។

ចំណែក​គណបក្ស​សង្រ្គោះ​ជាតិ​វិញ​នៅ​ថ្ងៃ​ដដែល​ក៏​បាន​ដាក់​ស្នើ​របៀវារៈ​ចំនួន​ពីរ​ដែរ សម្រាប់​គណបក្ស​កាន់​អំណាច ដែល​មាន​ដូច​ជា ការ​ពិភាក្សា​គ្នា​ពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ធ្វើ​ការ​ក្រៅ​ប្រទេស​ អាច​បោះ​ឆ្នោត​បាន​នៅឆ្នាំ​២០១៨​ខាង​មុខ និង​ការ​ពិភាក្សា​ពី​បរិយាកាស​នយោបាយ​មុន​ការ​បោះ​ឆ្នោត។ នេះ​បើ​តាមប្រធាន​ស្តី​ទី​គណបក្ស​ប្រឆាំង​។

លោកកឹម សុខា បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​លោក ស ខេង ក៏​មិន​បាន​ជំទាស់​នឹង​របៀបវារៈ​របស់​គណបក្ស​ប្រឆាំង​ឡើយ។ លោក​កឹម សុខា​ ថា​បក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ចំពោះ​របៀបវារៈ ហើយ​នឹង​អាច​នឹង​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ​ពី​លោក ស ខេង ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​វិញ​។

សូម​រំឮក​ឡើង​វិញ​ថា កាល​ពី​ថ្ងៃ​ទី៥ ខែមករា ឆ្នាំ ២០១៧ កន្លង​ទៅ​លោក​កឹម សុខា ប្រធាន​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ដាក់​លិខិត​មួយ​ទៅ​កាន់​លោក ស ខេង ប្រធាន​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្នើ​កំណត់​ពេល​វេលា​នៃ​ការជួប​ប្រជុំ​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ។ ជា​ការ​ឆ្លើយ​តប លោក​ស ខេង តាមរយៈ​លិខិត​មួយ​ថ្ងៃ​ដដែល​នោះ សង្ឃឹម​ថា​បក្ស​ទាំង​ពីរ​អាច​ជួប​គ្នា​ក្រោយ​ថ្ងៃ​ទី១១ ខែមករា។

ជា​ថ្មី​ម្តង​ទៀត តាមរយៈ Video Conference លោក កឹម សុខា បាន​បញ្ជាក់​ពី​ជំហរ និង ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​នៅ​ប្រទេស​បារាំង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​បែក​បាក់​ផ្ទៃ​ក្នុង​ជា​ដាច់​ខាត ព្រោះ​ថា​ចំណុច​ខ្លាំង​របស់​គណបក្ស​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ