អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​បដិសេធ​ថា​មិន​បាន​លក់​សិទ្ធិ​នៃ​ការ​ចុះ​បញ្ជី​កប៉ាល់​ពាណិជ្ជកម្ម​ដល់​ក្រុមហ៊ុន​បរទេស​ទេ​

ក្រោយពី​បណ្តាញសារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា រាជរដ្ឋាភិបាល​បាន​លក់​សិទ្ធិ​នៃ​ការចុះបញ្ជី​កប៉ាល់​ពាណិជ្ជកម្ម​មក​នោះ រដ្ឋាភិបាល​បាន​ចេញមក​បដិសេធ​ព័ត៌មាន​នេះ។ ក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​មិនបាន​លក់​សិទ្ធិ​នៃ​ការចុះបញ្ជី​កប៉ាល់​ពាណិជ្ជកម្ម​ដល់​ក្រុមហ៊ុន​បរទេស​ទេ តែ​វា​ជាការ​ជ្រើស​រើស​ដៃគូ​សហប្រតិបត្តិ​ការដែល​មាន​វិជ្ជាជីវៈ និង ត្រឹម​ត្រូវតែ​ប៉ុ​ណ្ណោះ។  

លោក ផៃ ស៊ីផាន
លោក ផៃ ស៊ីផាន RFI
ផ្សាយពាណិជ្ជកម្ម

លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចោទ​បណ្តាញ​ព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​ថា ​កម្ពុជា​បាន​លក់​សិទ្ធិ​នៃ​ការចុះបញ្ជី​កប៉ាល់​ទៅ​​ឲ្យ​បរទេស​នោះ​ថា គ្មាន​វី​ជ្ជា​ជីវៈ និង​គ្មាន​ក្រម​សីលធម៌ ដែលមាន​គោលដៅ​វាយប្រហារ​រដ្ឋា​ភិ​បាល​ក​ម្ពុ​ជា។ លោក​បាន​ពន្យល់ថា រដ្ឋាភិបាល​មិនបាន​លក់​សិទ្ធិ​នៃ​ការចុះបញ្ជី​កប៉ាល់​ពា​ណិ​​ជ្ជ​កម្ម​​នោះទេ តែ​រាជរដ្ឋាភិបាល​បានរៀបចំ​អន្តរក្រសួង​ ដើម្បី​ជ្រើសរើស​ដៃគូ​សហប្រតិបត្តិ​ការដែល​ជា​ក្រុមហ៊ុន​មាន​សមត្ថភាព ឯកទេស វិជ្ជាជីវៈ ក្រមសីលធម៌ និង ស្ថិរភាព​ហិរញ្ញវត្ថុ។

 លោក​បន្តថា មូល​ហេតុដែល​រដ្ឋាភិបាល​ធ្វើ​ដូចនេះ គឺ​ដើម្បី​ឆ្លើយតប​ក្នុងការ​កែលម្អ​រួប​ភាព និង កិត្តិយស​ប្រទេសជាតិ​ក្នុងការ​ដឹកជញ្ជូន ពីព្រោះ​កម្ពុជា​មិនទាន់មាន​នាវា​ដឹកជញ្ជូន​តាម​សមុទ្រ​នៅ​ឡើយ។ បើតាម​អ្នកនាំពាក្យ​រូបនេះ កិច្ចការ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​លុបចោល​កិច្ចព្រមព្រៀង​នៃ​ការចុះបញ្ជី​កប៉ាល់​ពាណិជ្ជកម្ម​ជាមួយ​ស្ថាប័ន CSC ( Cambodian ship corporation) ដោយសារ​ស្ថាប័ន​នេះ​មាន​បញ្ហា​ច្រើន។ ម្យ៉ាងទៀត​កម្ពុជា​នៅ​មិនទាន់មាន​ធន​ធា​ន​មនុស្ស​គ្រប់គ្រាន់​នៅក្នុង​វិស័យ​នាវាចរណ៍។

លោក ផៃ ស៊ី​ផាន​បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា កន្លងមក​កម្ពុជា​បាន​លុបចោល​កប៉ាល់​ពា​ណិជ្ជ​កម្ម​ចំនួន ៩១១គ្រឿង​ពី​បញ្ជី​នាវា​កម្ពុជា ដោយសារតែ​ពួកគេ​មិន​គោរព​តាម​លក្ខខណ្ឌ មិន​គោរ​ព​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ជាដើម។ លោក សេង លឹមនៅ ប្រធាន​គណៈកម្មការ​អន្ត​រ​ក្រ​សួង​ត្រួតពិនិត្យ​ក្រុមហ៊ុន​ចុះបញ្ជី​នាវា​កម្ពុជា​បាន​ពន្យល់​ពី​នីតិវិធី និង បច្ចេកទេស​នៃ​ការចុះ​បញ្ជី​​នាវា​របស់​កម្ពុជា​យ៉ាងច្រើន​ដល់​អ្នកកាសែត​ដើម្បី​កុំ​មានការ​ភាន់ច្រឡំ។ លោក លើក​ឡើង​ថា មកដល់​ឆ្នាំ២០១៤នេះ កប៉ាល់​ដែល​បាន​ចុះ​ក្នុង​បញ្ជី​នាវា​កម្ពុ​ជាមាន​ចំនួន ៥៤៩ គ្រឿង ដោយ​មួយចំនួន​បាន​ដក​ចេញពី​បញ្ជី​ទៅវិញ។

គួរ​បញ្ជាក់ថា បញ្ហា​កប៉ាល់​បរទេស​ដែល​ដោត​ទង់ជាតិ​កម្ពុជា​បានកើត​ឡើងជារឿយ។ ពេល​ខ្លះ​ កប៉ាល់​មួយចំនួន​ដែល​ដឹកទំនិញ​ខុសច្បាប់​ឬ​គ្រឿងញៀន​ដែល​ត្រូវគេ​ចាប់បាន​គឺជា​កប៉ាល់​​ដែលមាន​ដោត​ទង់ជាតិ​កម្ពុជា។ បញ្ហា​នេះហើយ​ដែល​នាំ​ឲ្យ​មានការ​សង្ស័យថា កម្ពុជា​ទំនងជា​បាន​លក់​សិទ្ធិ​នៃ​ការចុះបញ្ជី​កប៉ាល់​ពាណិជ្ជកម្ម​ទៅ​ឲ្ត​បរទេស។

បន្ទាប់​បាន​បកស្រាយ​អំពី​ព័ត៌មាន​នេះ លោក​ផៃ ស៊ី​ផាន​ក៏បាន​លើកយក​ទិដ្ឋភាព​ច្បាប់​មួយ​ចំ​នួន​ទាក់ទង​នឹង​ការ​ញុះញង់ និង ការប៉ះពាល់​ដល់​អាជ្ញាធរ​របស់​រដ្ឋ​មក​បង្ហាញ​ដល់​ក្រុម​អ្នក​កា​សែត​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ