អានតួអត្ថបទ
កម្ពុជា

សហជីព​ពិភពលោក​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ទាំង២៣នាក់​នៅ​កម្ពុជា

សហជីព​ពិភពលោក​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​សរុប២៣នាក់​ ដែល​អាជ្ញាធរ​កំពុង​ឃុំ​ខ្លួន​ ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ ខេត្ត​កំពង់ចាម។ សហជីព​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​កម្មករ​និយោជិត​ទាំងអស់​ក្នុង​ពិភពលោក​ ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ពីមុខ​ស្ថានទូត​ខ្មែរ​នានា​នៅ​ឯបរទេស នា​ថ្ងៃ​ចន្ទ​ ទី១០ កុម្ភៈ​ ដើម​សប្តាហ៍​ក្រោយ​នេះ។

ប័ណ្ណប្រកាសរបស់សហជីពពិភពលោក សុំអោយ​ដោះលែង​សកម្មជន​២៣នាក់ ដែល​កំពុង​ជាប់ឃុំ។
ប័ណ្ណប្រកាសរបស់សហជីពពិភពលោក សុំអោយ​ដោះលែង​សកម្មជន​២៣នាក់ ដែល​កំពុង​ជាប់ឃុំ។ ©Global Union
ផ្សាយពាណិជ្ជកម្ម

ក្រុម​សកម្មជន​សហជីព​និង​កម្មករនិយោជិត​ក្នុង​ពិភពលោក ​ត្រូវបាន​អំពាវនាវ​ឲ្យ​រួមគ្នា​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​និង​កម្មករ​ខ្មែរ ២៣ នាក់​ដែល​កំពុង​ជាប់ពន្ធនាគារ។ ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ។ ការទាមទារ​ឲ្យ​ដោះលែង​សកម្មជន​និង​កម្មករ​ទាំងនោះ​ត្រូវគេ​គ្រោង​ធ្វើឡើង ​នៅ​ពីមុខ​ស្ថានទូត​ខ្មែរ​នៅឯ​បរទេស ​នៅ​ថ្ងៃ​ចន្ទ​ទី១០កុម្ភៈ​ដើម​សប្តាហ៍​ក្រោយ។ ញត្តិ​ទាមទារ​នឹង​ត្រូវគេ​ដាក់ជូនទៅ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ស្ថានទូត​នានា​ទាំងនោះ​ផងដែរ។

ការ​ផ្តើមធ្វើ​សកម្មភាព​របស់​សហជីព​ពិភពលោក​បានកើត​ឡើង​បន្ទាប់ពី​ក្រុម​សហជីព​និង​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ជាច្រើន ​បាន​ជួបជុំ​ធ្វើបាតុកម្ម និង​ដាក់​ញត្តិ​ជូន​ស្ថានទូត​បរទេស​នានា​ប្រចាំ​ទីក្រុង​ភ្នំពេញ​ ដើម្បី​សុំ​អន្តរជាតិ​ជួយ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​សកម្មជន​និង​កម្មករ​ដែល​កំពុង​ជាប់​ក្នុង​មន្ទីរឃុំឃាំង។

គួរ​បញ្ជាក់ថា សកម្មជន​សិទ្ធិមនុស្ស​និង​កម្ម​ករទាំង ២៣ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​កាលពី​ថ្ងៃទី ២និង​ទី៣ មករា នៅក្នុង​បាតុកម្ម​កម្មករ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ១៦០ដុល្លារ។ ក្នុង​អំពើហិង្សា​រហូតដល់​សម​ត្ថ​កិច្ច​ប្រើ​អាវុធ​នោះ​មាន​មនុស្ស៤នាក់​ស្លាប់ ៣៩ នាក់​រងរបួស និង ២៣ នាក់​ត្រូវបាន​ចាប់ខ្លួន។ កាលពី​ថ្ងៃ​សុក្រ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​និង​សង្គម​ស៊ីវិល​ក៏បាន​ដុត​ធូប​បួងសួង​នៅឯ​ព្រះអង្គ​ដង្កើ មុខ​ព្រះ​បរម​រាជវាំង​ ដើម្បី​សេរីភាព​របស់​អ្នក​ទាំងនោះ​ផងដែរ។

ការទាមទារ​ទាំងនោះ​ទំនងជា​មិន​ឥតប្រយោជន៍​​ទេ។ យ៉ាងហោចណាស់​មនុស្ស២នាក់​ក្នុងចំណោម ២៣ នាក់​ត្រូវបាន​តុលាការ​សម្រេច​កាលពី​ថ្ងៃ​សុក្រ​ថា ​នឹង​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន។ ប៉ុន្តែ មិនមែន​លោក វន់ ពៅ ដែលជា​សកម្មជន​លេចធ្លោ​ជាងគេ​នោះឡើយ។​ ការទាមទារ​របស់​ស​ហ​ជីព​ពិភពលោក​នៅពេលនេះ គឺជា​ប្រតិកម្ម​ថ្មី​ទៀត​របស់​អន្តរជាតិ​ ដើម្បី​សេរីភាព​របស់​សកម្មជន​សិទ្ធិមនុស្ស​ និង​សហជីព​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ