អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តំណែង​បេក្ខជន​នាយករដ្ឋមន្ត្រី​ ជា​ចំណោទ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ប្រញាប់ប្រញាល់​ដើម្បី​ឲ្យ​ទាន់​ការបោះឆ្នោត​ខែកក្កដា ឆ្នាំ ២០១៣ បាន​ឆ្លង​ផុត​ឧបសគ្គ​ដ៏​សំខាន់​មួយ នោះ​គឺ​ការ​ចុះបញ្ជី​ផ្លូវការ​នៅ​ឯ​ក្រសួងមហាផ្ទៃ​ដែល​មាន​លោក​សម រង្ស៊ី​ជា​ប្រធាន។ ប៉ុន្តែ បើ​ទោះ​បី​ជា​លោក​សម រង្ស៊ី អាច​ឈរ​ឈ្មោះ​ជា​ប្រធាន​គណបក្ស​បាន តែ​លោក​នៅ​តែ​មិនអាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បាន​ដដែល។ ការ​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​នយោបាយ​ជា​រឿង​មួយ ប៉ុន្តែ​ការ​លុប​ឈ្មោះ​លោក​សម រង្ស៊ី​ចេញ​ពី​បញ្ជី​បោះឆ្នោត​គឺ​ជា​ឧបសគ្គ​ថ្មី​មួយ​ទៀត​ដែល​ជា​ចំណោទ​ធំធេង​សម្រាប់​អនាគត​គណបក្សប្រឆាំង​ថ្មី​មួយ​នេះ។ តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទៅ​ជា​យ៉ាង​ណា ?

លោក​​កឹម​សុខា​​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​​និង​​លោក​​​សមរង្ស៊ី​​​​កាល​ពី​ខែ​មិថុនា
លោក​​កឹម​សុខា​​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​​និង​​លោក​​​សមរង្ស៊ី​​​​កាល​ពី​ខែ​មិថុនា RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ការ​កាត់ទោស​លោក​សម រង្ស៊ី​ឲ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​បាន​បង្ក​បញ្ហា​ធំធេង​ណាស់​ទៅ​ហើយ​សម្រាប់​មេដឹកនាំ​បក្សប្រឆាំង​ដែល​ល្បីល្បាញ​ជាង​គេ​នៅ​កម្ពុជា។ ឥឡូវ​នេះ ការ​លុប​ឈ្មោះ​របស់​លោក​ចេញ​ពី​បញ្ជី​បោះឆ្នោត គឺ​ជា​សម្ពាធ​ដ៏​ធ្ងន់​មួយទៀត​ដែល​សង្កត់​ទៅ​លើ​អនាគត​នយោបាយ​របស់​លោក​សម រង្ស៊ី ។ ទោះ​បី​ជា​មាន​ការ​រិះគន់​ពី​សំណាក់​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​ថា គ្មាន​នីតិវិធី​ផ្លូវច្បាប់​សម្រាប់​លុប​ឈ្មោះ «ទណ្ឌិត» ចេញ​ពី​បញ្ជី​បោះឆ្នោត​ក៏ដោយ ក៏​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​សម្រេច​តម្កល់​ការ​លុបឈ្មោះ​លោក​សម រង្ស៊ី ដដែល និង​បិទផ្លូវ​តវ៉ា។ ដូច្នេះ ចំណោទ​ដ៏​ធំ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ គឺ​តើ​នរណា​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ?

 
កាល​ពី​មុន​នេះ គេ​អាច​នៅ​រំពឹង​ទោះ​តិច ឬ​ច្រើន​ថា លោក​សម រង្ស៊ី អាច​នឹង​មាន​ផ្លូវ​វិល​មក​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដើម្បី​ប្រកួត​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ក្នុង​ការ​បោះឆ្នោត​ឆ្នាំក្រោយ។ ក្តីសង្ឃឹម​នេះ​ត្រូវ​បាន​គេ​ព្យាយាម​ចិញ្ចឹម​វា​បាន ពី​ព្រោះ​តែ​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​ដោះស្រាយ​នយោបាយ​របៀប​នេះ​ជា​ច្រើន​លើក​រួច​មក​ហើយ។ ប៉ុន្តែ ការ​លុបឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត គឺ​ជា​រនាំង​​ផ្លូវច្បាប់​ដ៏​រឹងមាំ​មួយ​ទៀត​ដែល​បង្កើត​បាន​ជា​របាំង​ដល់​ទៅ​ពីរ​ជាន់​សម្រាប់​ជីវិត​នយោបាយ​របស់​លោក​សម រង្ស៊ី។ របាំង​ទី១ គឺ​ទោស​ព្រហ្មទណ្ឌ​ដែល​តុលាការ​បាន​ដាក់​ទៅ​លើ​មេដឹកនាំ​បក្សប្រឆាំង និង​របាំង​ទី២ គឺ​ការ​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត។

ជាការ​ពិត របាំង​ទី១​អាច​លើក​ចេញ​ពេល​ណា​ក៏​បាន តាមរយៈ​ដំណោះស្រាយ​នយោបាយ ប៉ុន្តែ​របាំង​ទី២ គឺ​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឡើង​វិញ​មិន​អាច​ធ្វើ​ឡើង​ពេល​ណា​ក៏​បាន​នោះ​ឡើយ ពីព្រោះ​វា​ជា​របៀបវារៈ​ដែល​មាន​កាលកំណត់​ច្បាស់លាស់​ដែល​តម្រូវ​ដោយ​ច្បាប់។ ពី​នេះ​ដល់​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ ២០១៣ គ្មាន​ឡើយ​ពេលវេលា​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត​។ ដូច្នេះ លោក​សម រង្ស៊ី​ត្រូវ​រង់ចាំ​រហូត​ដល់​ការ​បោះឆ្នោត​រួច ទើប​អាច​ចុះ​ឈ្មោះ​ជា​ថ្មី​បាន បើ​ទោះ​ជា​មាន​ដំណោះស្រាយ​នយោបាយ​ជា​យថាហេតុ​នៅ​មុន​ការ​បោះឆ្នោត​ក៏​ដោយ។ និយាយ​ដោយ​ខ្លី ក្តី​សង្ឃឹម​របស់​លោក​សម រង្ស៊ី ក្នុង​ការ​វិល​ត្រឡប់​មក​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​បក្សប្រឆាំង​មិន​អាច​ទៅ​រួច​ទៀត​ឡើយ។

វា​ពិត​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​មួយ ពីព្រោះ​ថា ដំណោះស្រាយ​ដែល​អាច​បើក​ច្រក​ឲ្យ​លោក​សម រង្ស៊ី វិល​មក​ប្រទេស​វិញ​ និង​អាច​ឈរឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១៣ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​បរិបទ​នយោបាយ​ប្រទេស​កម្ពុជា​ទាំង​មូល។ ល្អ​ដោយហេតុ​ថា វា​បាន​បង្ហាញ​ពី​ការ​ផ្សះផ្សារ​ផ្ទៃក្នុង​កម្ពុជា​ផង និង​ធ្វើ​ឲ្យ​អន្តរជាតិ​អបអរសាទរ​​ផង។ ប៉ុន្តែ​ឥឡូវ​នេះ ដំណោះស្រាយ​ដ៏​ល្អ​នេះ​មិន​អាច​ចេញ​រួច​ទេ។ ដូច្នេះ​សំណួរ​ដែល​ត្រូវ​ចោទ​សួរ​ពេល​នេះ​គឺ តើ​អ្នក​ណា​ត្រូវ​ឈរ​ឈ្មោះ​ជំនួស​លោក​សម រង្ស៊ី ? តើ​តំណែង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​អាច​នឹង​ត្រូវ​គេ​ប្រគល់​ឲ្យ​លោក កឹម សុខា​បាន​ដែរ ឬ​ទេ ? ប្រសិន​បើ​មិន​បាន​វិញ តើ​បញ្ហា​នឹង​ទៅ​ជា​យ៉ាង​ណា ? ចំណោទ​ទាំង​នេះ​ជា​បញ្ហា​ធំធេង​ដែល​បក្សប្រឆាំង​ត្រូវ​ដោះស្រាយ។

ការ​ប្រគល់​តំណែង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ទៅ​ឲ្យ​លោក​កឹម សុខា ជា​ជម្រើស​សមស្រប​មួយ ប៉ុន្តែ​ជម្រើស​នេះ​ទាមទារ​ការ​លះបង់​ខ្ពស់​បំផុត​សម្រាប់​គណបក្ស​សម រង្ស៊ី ដែល​គេ​ពិបាក​ជឿ​ថា អាច​នឹង​ទៅ​រួច។ ផ្ទុយ​ទៅ​វិញ ជម្រើស​ផ្សេង​ពី​នេះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​សិទ្ធិមនុស្ស​ពិបាក​ទទួល​យក​ពីព្រោះ គណបក្ស​នេះ​នឹង​គិត​ថា ខ្លួន​គ្មាន​តម្លៃ​គ្រប់គ្រាន់​ក្នុង​ការ​ចង​សម្ពន្ធ័ភាព​ជាមួយ​គណបក្ស​សម រង្ស៊ី។ ក្នុង​បរិបទ​នេះ ការ​បែកបាក់​គឺ​ជា​លទ្ធភាព​ដ៏​ធំ​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។ មាន​តែ​ការ​លះបង់​ប៉ុណ្ណោះ​ដែល​អាច​ទប់​សភាពការណ៍​បាន។

ឆ្លង​កាត់​របត់​នយោបាយ​ចុង​ក្រោយ​នេះ គេ​អាច​មើល​ឃើញ​ថា ការ​លះបង់​គឺ​ជា​រឿង​ចាំបាច់​សម្រាប់​បក្សប្រឆាំង ​ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ដើម្បី​សង្គ្រោះ​សភាពការណ៍ ប្រសិន​បើ​មិន​ដូច្នេះ​ទេ កុំ​ថា​ឡើយ​ដល់​ទៅ​សង្គ្រោះ​ជាតិ សូម្បី​តែ​សង្គ្រោះ​ខ្លួន​ឯង​ក៏​បក្សប្រឆាំង​មិន​អាច​ធ្វើ​បាន​ដែរ។ នេះ​ជា​ស្ថានភាព​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រឈមមុខ​ដោះស្រាយ ហើយ​វា​ក៏​ជា​វិញ្ញាសារ​ចុងក្រោយ​មួយ​សម្រាប់​សាកល្បង​អំពី​ទំនុក​ចិត្ត​គ្នា​នៅ​ក្នុង​គណបក្សប្រឆាំង​នៅ​កម្ពុជា​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ