អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វប្បធម៌​អាន​សៀវភៅ​គួរ​ត្រូវ​បាន​បណ្តុះ​ក្នុង​សង្គម​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋ​ខ្មែរ​ត្រូវ​គេ​សង្កេត​ឃើញ​ជា​ទូទៅ​មិន​សូវ​ចូល​ចិត្ត​អាន​សៀវភៅ​ឬ​សារព័ត៌មាន​ឡើយ។​ កង្វះ​ទម្លាប់​អាន​សៀវភៅ​គឺជា​ចំណុច​អវិជ្ជមាន​ដ៏​ធំធេង​មួយ​របស់សង្គម​កម្ពុជា។ ​ទម្លាប់​នេះ​បាន​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ដោយ​សារ​តែ​ឪពុក​ម្តាយ​មិន​បង្ហាញ​គំរូ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ និង​ក៏​ដូចជា​សង្គម​មិន​ទាន់​ឲ្យ​តម្លៃ​ពិត​ប្រាកដ​ទៅ​លើ​អ្នក​ចេះ​ដឹង។ ទម្លាប់​មិន​អាន​សៀវភៅ​​ឬ​អានសារព័ត៌មាន​ជា​ទម្លាប់​មិន​ល្អ​ដែល​គួរ​ផ្លាស់ប្តូរ​ជា​ចាំបាច់​ដោយ​ត្រូវ​ជំនួស​វិញ​នូវ​​ការ​បណ្តុះ​វប្បធម៌​នៃ​ការ​អានក្នុង ចំណោមពលរដ្ឋខ្មែរ ជាពិសេស​ក្នុង​ចំណោម​កុមារ​តែម្តង។

កុមារកម្ពុជាដែលត្រូវជំរុញឱ្យមានទំលាប់ការអានសៀវភៅ។
កុមារកម្ពុជាដែលត្រូវជំរុញឱ្យមានទំលាប់ការអានសៀវភៅ។ @rfi/ siv channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បណ្តា​ប្រទេស​ជឿន​លឿន ​និង​ស៊ីវិល័យ​ទាំងឡាយ​ក្នុង​លោក​ ប្រជាពលរដ្ឋ​របស់​គេ​ចាត់​ទុក​សៀវភៅ ​ឬ​សារព័ត៌មាន​ជា​របស់​ចាំបាច់​មួយ​ដូច​ជា​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​ដូច្នោះ​ដែរ។​នៅ​គ្រប់​ទីកន្លែង​ និង​គ្រប់​ពេល​វេលា​ដែល​មាន​ពេល​ទំនេរ​ពី​ការងារ​ ពួកគេ​តែង​អាន​សៀវភៅ​ឬ​កាសែត​ជា​ប្រចាំ ​មានន័យ​ថា​ ការ​អាន​គឺ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​មិន​អាច​ខ្វះ​បាន។

ងាក​មក​មើល​ប្រទេស​កម្ពុជា​វិញ ​ពលរដ្ឋ​ភាគច្រើន​លើស​លប់​មាន​ទម្លាប់​តិចតួច​ឬ​អ្នកខ្លះគ្មាន​ទម្លាប់​ទាល់តែ​សោះ​ក្នុង​ការ​អាន​សៀវភៅ។ ​កង្វះ​ទម្លាប់​អាន​សៀវភៅ​គឺ​ជា​គុណវិបត្តិ​ធំធេង​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​កែប្រែ​ជា​ចាំបាច់​ដោយ​ហេតុ​ថា​គ្មាន​សង្គម​ណាមួយ​អាច​អភិវឌ្ឍន៍​ទៅ​មុខ​បាន​លឿន​ខណៈ​ដែល​ពលរដ្ឋ​ក្នុង​សង្គម​នោះ​មិន​អាន​សៀវភៅ​ទាល់​តែសោះ​នោះ​ឡើយ។ ប្រទេស​ជប៉ុន​បាន​ងើប​ឡើង​យ៉ាង​ឆាប់​រហ័ស​ពី​គំនរ​ផេះផង់​នៃ​សង្គ្រាម​លោក​លើក​ទី​២​ហើយ​បាន​ក្លាយ​ជា​ប្រទេស​ដ៏​មាន​ឥទ្ធិពល​ខាង​សេដ្ឋកិច្ច​វិញ​ក៏​ដោយសារ​តែ​ពលរដ្ឋ​ជប៉ុន​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ​និង​ចូលចិត្តអាន​សៀវភៅ​...!

ជា​ការ​ពិត​ណាស់ ​គ្រួសារ​ខ្មែរ​ច្រើន​ឲ្យ​តម្លៃទៅ​លើ​មាស​ប្រាក់​ គ្រឿង​អលង្ការ​ ឬ​សម្ភារៈ​ប្រើ​ប្រាស់​ទំនើបៗ​ ដូចជា​រថយន្ត ​ម៉ូតូ ​ឬ​ទូរស័ព្ទ​ដៃ​ប្រភេទ​ថ្មី​ ដែល​ជា​វត្ថុ​លម្អរ​ខាង​ក្រៅ​ជា​ជាង​សៀវភៅ​ដែល​ជា​វត្ថុ​លម្អ​ខាង​ក្នុង ​គឺ​លម្អ​ក្នុង​ចិត្ត ​ក្នុង​សតិបញ្ញា ​និង​ស្មារតី។ ​មាន​គ្រួសារ​ខ្មែរ​តិច​តួច​ប៉ុណ្ណោះ​ដែល​មាន​សៀវភៅ​តាំង​នៅ​ក្នុង​ផ្ទះ។ ​ជា​ទូទៅ ​គេ​ច្រើន​សម្អាង​ថា ​មក​ពី​ជីវភាព​ក្រីក្រ ​គ្មាន​ប្រាក់​ទិញ​សៀវភៅ ​និង​គ្មាន​ពេល​សម្រាប់​អាន។ ​ហេតុផល​នេះ​មិន​ខុស​ទេ ​ប៉ុន្តែ​ វា​ក៏​មិន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ជា​អំណះ​អំណាង​នេះ​ដែរ។ ​ជីវភាព​ក្រីក្រ​ជារឿង​មួយ ​ប៉ុន្តែ ​ការ​ខ្វះ​ទម្លាប់​អាន​ជា​រឿង​មួយ​ទៀត។ ​នៅ​ពេល​ដែល​ពលរដ្ឋ​មិន​ឲ្យ​តម្លៃ​សៀវភៅ ​និង​មិន​នាំ​គ្នា​ស្វែង​យល់​ព័ត៌មាន ​តើ​គេ​អាច​អភិវឌ្ឍន៍​ប្រទេស​មួយ​ឲ្យ​ជឿនលឿន​បាន​យ៉ាង​ដូចម្តេច?

ក្នុងន័យនេះ ​វប្បធម៌​អាន​សៀវភៅ​គួរ​ត្រូវ​បាន​បណ្តុះ​ជា​ចាំបាច់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​កម្ពុជា។ ​មាន​មធ្យោបាយ​ច្រើន​យ៉ាង​ដើម្បី​បណ្តុះ​ទម្លាប់​នៃ​ការ​អាន​និង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​សៀវភៅ។ ​ចំណុច​ចាប់ផ្តើម​ជា​បឋម​គឺ ​សង្គម​ទាំង​មូល​ត្រូវ​ឲ្យ​តម្លៃ​ទៅ​លើ​អ្នក​ចេះ​ដឹង។ ​នៅ​ពេល​ដែល​អ្នក​រៀន​សូត្រ​ទទួល​បាន​ការ​គោរព​និង​ការ​ទទួល​ស្គាល់​ពីសង្គម​ស័ក្តិសម​នឹង​ការ​ខិតខំ​របស់​ពួកគេ​ ពេល​នោះ ​មនុស្ស​នឹង​ចាប់ផ្តើម​ឲ្យ​តម្លៃ​លើ​ការ​រៀនសូត្រ ​ក៏​ដូច​ជា​លើ​សៀវភៅ​ដែល​ជា​យាន​នាំ​ពួកគេ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត។

បន្ទាប់​មក​ទៀត ​ឪពុក​ម្តាយ​ដែល​ជា​អ្នក​ដឹកនាំ​គ្រួសសារ​គួរ​តែ​បណ្តុះ​ទម្លាប់​ស្រឡាញ់​សៀវភៅ​ដល់​កូន​ចៅ​ដោយ​ឧស្សាហ៍​នាំ​ពួកគេ​ទៅ​បណ្តាល័យ​ដើម្បី​អាន​សៀវភៅ ​ឬ​ទៅ​បណ្ណាគារ​ដើម្បី​ទិញ​សៀវភៅ​ជាជាង​នាំ​ទៅ​ទិញ​វត្ថុ​ផ្សេងៗ​ដែល​មិន​បម្រើ​ឲ្យ​ការ​សិក្សា។ ​ឪពុក​ម្តាយ ​ឬ​សាច់​ញាតិ​គួរ​បង្កើត​ទម្លាប់​ផ្តល់​អំណោយ​ជា​សៀវភៅ​ឲ្យ​កុមារ​នៅ​ពេល​ពួកគេ​រៀន​ពូកែ​ឬ​នៅ​ក្នុង​ឱកាស​ណាមួយ​ផ្សេងៗ​ទៀត​ដែល​គេ​ត្រូវ​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​។ ​ក្រៅពី​នោះ ​ឪពុក​ម្តាយ​ក៏​គួរ​ធ្វើ​គំរូ​ដល់​កូន​ចៅ​តាម​រយៈ​ការ​អាន​សៀវភៅ​ផងដែរ។ ​ប្រសិន​បើ​ឪពុក​ម្តាយ​មិន​ដែល​កាន់​សៀវភៅ​សោះ ​តើ​ឲ្យ​កូន​ចេះ​ស្រឡាញ់​សៀវភៅ​យ៉ាង​ដូចម្តេច​នឹង​កើត?

ម្យ៉ាងទៀត សាលារៀនគួរជំរុញវប្បធម៌អានសៀវភៅដល់កុមារ​ជា​ចាំ​បាច់​តាម​រយៈ​ការ​លើក​ទឹក​ចិត្តដល់សិស្សដែលអានសៀវភៅច្រើន។ មានវិធីច្រើនយ៉ាងដែលគេអាចធ្វើបានដូចជា​ការបញ្ចូលមុខវិជ្ជាអានសៀវភៅទៅក្នុងតារាងផ្តល់ពិន្ទុ ឬការ​បង្កើត​ឲ្យ​មាន​ការ​ប្រណាំង​ប្រជែង​គ្នា​អានសៀវភៅនៅក្នុងថ្នាក់រៀនជាដើម។ វិធីទាំងនេះចាំបាច់ណាស់​ដើម្បីបណ្តុះ​វប្បធម៌​អានសៀវភៅដល់កូនខ្មែរតាំងពីតូចៗឲ្យហើយ។

សរុបមកវិញ ​គ្រួសារ​ខ្មែរ​ ​គួរតែ​មាន​គំរោង​ចំណាយ​សម្រាប់​ទិញ​សៀវភៅ​សម្រាប់​ខ្លួន​ឯង​ឬ​សម្រាប់​កូនៗ​ជា​ចាំបាច់​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន។ ​នៅ​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​លោក ​គេ​ផ្តល់​អំណោយ​សៀវភៅ​ឬ​ប្រដាប់​ប្រដា​សិក្សា​ដល់​កុមារ​ដោយ​ចាត់​ទុក​ជា​អំណោយ​ដ៏​មាន​តម្លៃ ​ប៉ុន្តែ ​នៅ​កម្ពុជា​ មនុស្ស​ជា​ច្រើន​គិត​ថា ការ​ទិញ​សៀវភៅ​ជា​កាដូ​(អំណោយ)​សម្រាប់​កុមារ​ឬ​មិត្តភក្តិ​ហាក់​ដូច​ជា​រឿង​គួរ​ឲ្យ​អៀន​ខ្លួន​ទៅ​វិញ។ ​ផ្នត់​គំនិត​បែប​នេះ​គួរ​តែ​ត្រូវ​បាន​កែប្រែ​ជា​ចាំ​បាច់។

ចូរ​កុំភ្លេច​ថា ​នៅ​ក្នុង​លោក​នេះ ​គ្មាន​សង្គម​ណាមួយ​ដែល​ស្គាល់​ការ​អភិវឌ្ឍន៍​ជឿន​លឿន​ប្រកប​ដោយ​និរន្តរភាព​ដោយ​ខ្វះ​ធនធាន​ខាង​បញ្ញា​បាន​ឡើយ។ ​ជាពិសេស​បច្ចុប្បន្ន​នេះ​ គឺជាយុគសម័យ​​នៃការអភិវឌ្ឍន៍​ដោយ​ផ្អែកលើចំណេះដឹង។ ​ដូច្នេះ ​សង្គម​កម្ពុជា​​មិន​អាច​ស្គាល់​ការ​អភិវឌ្ឍជឿនលឿន​ដូច​គេ​ឯង​បាន​ទេ​ដរាប​ណា​ពលរដ្ឋ​ខ្មែរនៅតែ​ខ្វះ​វប្បធម៌​អាន​សៀវភៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ