អានតួអត្ថបទ
កម្ពុជា

​ប្រជាជន​ត្រូវ​អាជ្ញាធរ​បណ្តេញ​ចេញ​ពី​អគារ​បុរី​កីឡា បន្ទាប់​ពី​ឡើង​ទៅ​នៅ​បាន​ពីរ​ថ្ងៃ​

ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ឲ្យ​រងរបួស​កាលពី​ព្រឹក​មិញ​ខណៈដែល​ពួកគេ​ព្យាយាម​ចូលកាន់​កាប់​អគារ​ទី៩ ដែល​សាងសង់​ទុកចោល​ដោយ​ក្រុមហ៊ុន​ផាន​អ៊ី​មិច។ អាជ្ញាធរ​ក្រុងភ្នំពេញ​ឲ្យ​ដឹងថា នោះ​ជា​វិធានការ​​រដ្ឋបាល ដោយសារ​ការចូលទៅ​ស្នាក់នៅ​ក្នុង​អគារ​នោះ​ខុសច្បាប់។ តែ​ការ​ប្រទូស​សា​រ៉ា​យ​នោះ ត្រូវបាន​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស។

អាជ្ញាធរ ប៉ះទង្គិច​គ្នា​ជាមួយ អ្នក​ភូមិបុរីកីឡា នៅព្រឹក​ថ្ងៃទី១៤កុម្ភៈ ២០១៤។
អាជ្ញាធរ ប៉ះទង្គិច​គ្នា​ជាមួយ អ្នក​ភូមិបុរីកីឡា នៅព្រឹក​ថ្ងៃទី១៤កុម្ភៈ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោច​មាន​ប្រជាជន​នៅ​សហគមន៍​បុរី​កីឡា​ចំនួន៩នាក់​រងរបួស​ធ្ងន់ ​និង​ស្រាល​បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅឯ​សំណង់​អគារ​ទី៩ ដែល​គេ​ស្គាល់​ថា​បាន​សាងសង់ឡើង​ដោយ ក្រុមហ៊ុន​ផាន​អ៊ី​មិច។ ការប្រឈមមុខ​ដែលមាន​ការបង្ក្រាប​ដោយ​ហិ​ង្សា​​ពី​សំណាក់​អាជ្ញាធរ​នេះ បាន​កើតឡើង​បន្ទាប់ពី​ប្រជាជន​ជាង១៥០គ្រួសារ នៃ​តំបន់​បុរី​កីឡា​បាន​ព្យាយាម​ចូលទៅ​ស្នាក់​នៅបាន​រយៈពេល​ពីរ​ថ្ងៃ ក្នុង​អគារ​ដែល​គេ​អះអាងថា​ជា​កម្មសិទ្ធិឯកជន។

បន្ទាប់ពី​មានការ​បណ្តេញ​ចេញពី​ទីនោះ លោក ពេជ្រ លឹម​ឃួន ប្រធាន​សហគមន៍​បុរី​កីឡា បាន​ថ្លែងថា​អាជ្ញាធរ​បាន​ប្រើ​អំពើ​ហិ​ង្សា​​​ធ្ងន់ធ្ងរ​មកលើ​ពួកគាត់ ដែល​គ្រាន់តែ​ទាមទារ​​សិទ្ធិ​រស់នៅ​សមរម្យ​នៅក្នុង​តំបន់​ដែល​ធ្លាប់​រស់នៅ​ ជា​យូរ​មកហើយ​នោះ។ លោក លឹម​ឃួន អះអាងថា​ ការ​ការសម្រេច​​​ចិត្ត​ចូលទៅ​រស់​នៅលើ​អគារ​ទី៩នោះ គឺ​ដោយសារតែ អាជ្ញាធរ​មិន​ដោះស្រាយ​បញ្ហាដីធ្លី​ឲ្យ​ពួកគាត់​ដែលមាន​ការអូសបន្លាយ។

ទាក់ទង​ទៅនឹង​បញ្ហា​នេះ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា​ប្រជាជន​ទាំងនោះ​ចូលទៅ​រស់នៅក្នុង​អគារ​ឯកជន​ខុសច្បាប់។ ពួកគេ​នឹង​ប្រឈម​ធ្ងន់ធ្ងរ​ជាង​នេះ​ចំពោះ​ការប្តឹងផ្តល់​ពី​ម្ចាស់​អគារ ប្រសិនបើ​មិន​ចេញពី​ទីនោះ​នាពេលនេះ ។ ហេតុនេះ​ហើយ​​ទើប សមត្ថកិច្ច​បង្ខំចិត្ត​មាន​វិធានការ​រដ្ឋបាល​នាពេលនេះ។

ក៏ប៉ុន្តែ​វិធានការ​នេះ ត្រូវ​ទទួលរង​នូវ​ការរិះគន់​ពី​សង្គម​ស៊ីវិល​យ៉ាងខ្លាំង ភ្លាមៗនេះដែរ។ លោក​​អំ សំអាត ប្រធាន​ក្រុមបច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ឲ្យ​ដឹងថា​​លោក​មានការ​សោកស្តាយ​ចំពោះ​ការបង្ក្រាប​នេះ ដោយ​លោក​ពិ​ព័ណ៌នា​ថា ជា​សកម្មភាព ​ដែល​មិនមាន​ការលើកលែង សូម្បីតែ​ថ្ងៃនេះ​ជា​ថ្ងៃបុណ្យ​ព្រះ​ពុទ្ធ​សាសនា​មាឃបូជា និង​ជា​ថ្ងៃ​នៃ​សេចក្តីស្រលាញ់​ ដែល​មនុស្ស​ផ្តល់នូវ​ការអាណិតអាសូរ​ឲ្យ​គ្នា​ពេញ​ពិភពលោកក៏ដោយ។ សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូបនេះ​បន្តថា អំពើ​ហិង្សា​​​បែបនេះ​មិនមែនជា​ដំណោះស្រាយ​ដែល​អាច​បញ្ចប់​ភាព​រ៉ាំរ៉ៃ​​របស់​សហគមន៍​បុរី​កីឡា​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ