អានតួអត្ថបទ
កម្ពុជា

សង្គមស៊ីវិល​​សាទរ​ក្រសួង៣​​ ដែល​រៀប​គម្រោង​ដោះស្រាយ​ទំនាស់​ដីធ្លី​

សង្គម​ស៊ីវិល​បានបង្ហាញ​អំពី​ការ​សាទរ​ចំពោះ​ការជួបប្រជុំគ្នា​ ដើម្បី​រៀប​គម្រោង​ក្នុងការ​គ្រប់គ្រង​ដីធ្លី និង​ធនធានធម្មជាតិ រវាង​ក្រសួង៣គឺ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ក្រសួងបរិស្ថាន។ ក្រសួង​ទាំងបី​បាន​បើក​កិច្ចប្រជុំ​រួមគ្នា​មួយ​កាលពី​ថ្ងៃទី៣កុម្ភៈ​ ដើម្បី​រិះរក​វិធី​គ្រប់គ្រង​ដីធ្លី។ យ៉ាងណាក៏ដោយ មន្ត្រី​សង្គម​ស៊ីវិល​អះអាងថា ប្រសិនបើ​ការជួបប្រជុំ​មានតែ​លើ​ក្រដាស នោះ​បញ្ហា​នឹង​នៅតែ​បន្ត​កើតមាន​ដដែល។

ការ​ធ្វើ​ដី​សម្បទាន​បង្ក​ជា​ជម្លោះ​ដីធ្លីជាមួយ​សហគមន៍ជនជាតិ​ភាគតិច
ការ​ធ្វើ​ដី​សម្បទាន​បង្ក​ជា​ជម្លោះ​ដីធ្លីជាមួយ​សហគមន៍ជនជាតិ​ភាគតិច © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ការ​រួមដៃគ្នា​នៃ​ក្រសួង​ទាំង៣នេះ គឺជា ជំហាន​ដំបូង​នៃ​ការកែទម្រង់​ថ្មី​របស់​រដ្ឋាភិបាល​អាណ​ត្តិ​ថ្មី​នេះ ហើយ​ប្រសិនបើ​ការកែទម្រង់​នេះ​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិន​​មាន​ឆន្ទៈ​ក្នុងការ​កែទម្រង់​មែន​នោះ  មា​នន័យថា កំនែទម្រង់​ស៊ីជម្រៅ​នេះ ​គឺជា​ជំហាន​វិជ្ជមាន​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី​ និង​ការថែរក្សា​អោយបាន​គង់វង្ស​នូវ​ធនធានធម្មជាតិ​ក​ម្ពុ​ជា ដែល​កំពុងតែ​បាត់បង់ទៅ។

មន្ត្រី​ស៊ើបអង្កេត​សិទ្ធិមនុស្ស​រូបនេះ​បន្ត​ផ្តល់​ជា​យោបល់​ថា ក្រសួង​គួរតែ​ពិនិត្យឡើងវិញ​ការ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ដីព្រៃ​សម្បទាន និង​ពិនិត្យឡើងវិញ​ពី​សកម្មភាព​ក្រុមហ៊ុន​ដែល​កំពុងដំនើរការ។ ប្រសិនបើ​ក្រុមហ៊ុន​ណា​ធ្វើ​ខុសច្បាប់​ រដ្ឋាភិបាល​គួរ​ដក​ដី​សម្បទាន​នោះមក​ធ្វើជា​កម្មសិទ្ធិ​រដ្ឋ​ឡើងវិញ។ ក្រៅពីនេះ រដ្ឋាភិបាល​គួរតែ​ផ្អាក​ការផ្តល់​ដីព្រៃ​សម្បទាន​និង​ដី​សម្បទាន​សេដ្ឋកិច្ច។ លោក អំ សំអាត បន្ថែមថា មួយរយៈ​ចុងក្រោយ​នេះ បញ្ហា​ជម្លោះដីធ្លី​បាន​នៅ​ទ្រឹង ប៉ុន្តែ​មាន​តំបន់​ខ្លះ បញ្ហាដីធ្លី​ចាប់ផ្តើម​កំរើក​ឡើងវិញ​ហើយ  ដែល​នេះ​ជា​រឿង​ដែល​គួរអោយ​ព្រួយបារម្ភ។ យ៉ាងណាក៏ដោយ លោក ប៉ែន ប៊ុណ្ណា​រ៍ មន្ត្រី​របស់​អង្គការ​អាដហុក​ប្រចាំខេត្ត​មណ្ឌលគិរី​ បាន​អះអាងថា ការគ្រប់គ្រង​ធនធានធម្មជាតិ​ទំនងជា​ហួសពេល​ហើយ​ពី​ព្រោះ​អ្វីៗត្រូវបាន​បំផ្លាញ​ស្ទើរតែ​អស់​ទៅហើយ។

សូម​បញ្ចា​ក់ថា នៅ​ថ្ងៃ ទី ០៣ កុម្ភៈ ឆ្នាំ២០១៤ រដ្ឋមន្ត្រី​និង​មន្ត្រី​ជំនាញ​មកពី​ក្រសួង​ចំនួន៣គឺ​ក្រសួង​ដែនដី ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន បាន​ជួបប្រជុំគ្នា ក្នុង​គោលដៅ​សម្រប​សម្រួល​​ការអនុវត្ត​ន៍​ច្បាប់ និង​រៀបចំ​គម្រោង​ក្នុងការ​គ្រប់គ្រង​ដីធ្លី និង​ធនធានធម្មជាតិ។ បើតាម​សេចក្តីប្រកាស​ពត៌មាន របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ​ក្រសួង​ទាំង៣មាន​ឆន្ទៈ​រួមគ្នា​សម្រេច​គោលដៅ​គ្រប់គ្រង​ដីធ្លី​របស់​រដ្ឋ ​អោយមាន​ប្រសិទ្ធភាព ហើយ​ក្នុង​កិច្ចប្រជុំ​ពួកគេ​បាន​ឯកភាព​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ ដើម្បី​រៀបចំ​ផែនទី​ឯកភាពគ្នា និង​ឈានទៅ​ចុះបញ្ជី​ដី​រដ្ឋ​ចំពោះ​ដី​ដែល​មិនទាន់បាន​ចុះបញ្ជី។

យោងតាម​ប្រភព​ដដែល ដោយសារ​ដី​រដ្ឋ មាន​វិសាលភាព​ធំធេង និង​ស្ថិតនៅ​គ្រប់​ទិសទី​ ក្រសួង​​ទាំង៣​ក៏បាន​ឯកភាព​ថា​ ចាប់ផ្តើម​ការងារ​ពី​តំបន់​ដែលមាន​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​ជួល​រយៈពេល​វែង​ដើម្បី​ធានា​ការវិនិយោគ និង​កាត់បន្ថយ​ទំនាស់​ដីធ្លី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ