អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កុម្មុយនិស្ត​វៀតណាម​៤០ឆ្នាំ​ក្រោយ​ឈ្នះ​សង្រ្គាម​លើ​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ព្រហស្បតិ៍​​៣០មេសា​នេះ គឺ​​ជាថ្ងៃ​គម្រប់ ៤០ឆ្នាំ​គត់ ដែល​សង្រ្គាម​វៀតណាម​ត្រូវ​បញ្ចប់​ជាផ្លូវការ។ វៀតណាម​កុម្មុយនិស្តបាន​យកឈ្នះ​លើ​កងទ័ព​​អាមេរិក ហើយ​វៀតណាម​ដែល​ត្រូវ​ពុះចែក​ជា​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង​ ​ត្រូវ​បាន​រួបរួម​ជា​ប្រទេស​តែមួយឡើងវិញ។ ៤០ឆ្នាំ​ក្រោយជ័យជម្នះ​នេះ វៀតណាម​នៅតែ​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​របបកុម្មុយនិស្ត ក៏ប៉ុន្តែ មនោគមន៍​វិជ្ជា​កុម្មុយនិស្ត​​កំពុងតែ​ឆ្លងកាត់​នូវ​វិបត្តិ ដោយ​​ចលនា​ប្រឆាំង​នឹង​បក្ស​កុម្មុយនិស្ត​វៀតណាម​បានកើតឡើង​កាន់តែ​ខ្លាំង បើទោះបីជា​​មាន​ការ​រឹតត្បឹតសិទ្ធិសេរីភាព​ពី​សំណាក់​អាជ្ញាធរ។

ពិធី​រំឭកខួប​ជ័យជម្នះ​របស់​ពួក​កុម្មុុយនិស្តក្នុង​សង្រ្គាម​វៀតណាម កាល​ពីពេល​កន្លងមក (រូបថតឯកសារ)
ពិធី​រំឭកខួប​ជ័យជម្នះ​របស់​ពួក​កុម្មុុយនិស្តក្នុង​សង្រ្គាម​វៀតណាម កាល​ពីពេល​កន្លងមក (រូបថតឯកសារ) REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម ដែល​គេ​ឲ្យ​ឈ្មោះ​ថា “សង្រ្គាមវៀតណាម” តាមការពិត​ គឺ​ជា​សង្រ្គាម ដែល​បាន​កើតឡើង នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​ទាំងមូល គឺ​ទាំង​ក្នុង​ប្រទេស​វៀតណាម និង​​ប៉ះពាល់​ទៅដល់​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា និង​ឡាវ។ សង្រ្គាម​នេះ​បាន​ចាប់ផ្តើម​ឡើង នៅ​ឆ្នាំ​១៩៥៥ នៅ​ក្រោយ​ពេល​ដែល​អាមេរិក​បញ្ជូន​កងទ័ព​ចូល​ធ្វើ​អន្តរាគមន៍ ជួយ​កងទ័ព​វៀតណាម​ខាង​ត្បូង ដើម្បី​ប្រយុទ្ធតទល់​នឹង​វៀតណាម​ខាងជើង ដែល​ដឹកនាំ​ដោយ​ពួក​កុម្មុយនិស្ត។ អន្តរាគមន៍​យោធា​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​ត្រូវ​ផុងខ្លួន​ក្នុង​សង្រ្គាម​អស់រយៈពេល​ជិត ២០ឆ្នាំ ហើយ​ត្រូវ​បិទបញ្ចប់​ជាមួយ​នឹង​បរាជ័យ​ដ៏​សែន​ជូរចត់​មួយ ក្នុង​ប្រវត្តិ​សាស្រ្ត។

សង្រ្គាម​វៀតណាម​ត្រូវ​បាន​គេ​កំណត់​ថា​បាន​បិទបញ្ចប់​ជាផ្លូវការ នៅថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​១៩៧៥ នៅពេល​ដែល​កងទ័ព​កុម្មុយនិស្ត​វៀតណាម​ខាងជើង​បាន​វាយលុក​ចូល​កាន់កាប់​ទីក្រុង​សៃហ្កន (ព្រៃនគរ) ហើយ​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ត្រូវ​ដួលរលំ។ នៅ​ក្រោយ​សង្រ្គាម ​វៀតណាម ដែល​ត្រូវ​ពុះចែក​ជាពីរ​​ប្រទេស តាំង​ពី​ឆ្នាំ​១៩៤៩​មកនោះ ក៏​ត្រូវ​បាន​បង្រួបបង្រួម​ជា​ប្រទេស​តែមួយឡើងវិញ ក្រោម​ការ​ដឹកនាំ​នៃ​របប​កុម្មុយនិស្តវៀតណាម​ខាងជើង។

ក៏ប៉ុន្តែ ការ​បង្រួបបង្រួម​ដោយ​ប្រើ​កម្លាំង​ទ័ព​នេះ​បាន​បន្សល់​ទុក​នូវ​ការ​ពុះចែក​នូវ​ផ្នត់គំនិត​ខុសគ្នា រវាង​វៀតណាម​ខាងជើង និង​វៀតណាម​ខាង​ត្បូង រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ជាពិសេស ក្នុង​ចំណោម​អ្នក​ដែល​មាន​វ័យ​ចំណាស់​ដែល​ធ្លាប់​ឆ្លងកាត់​សម័យ​សង្រ្គាម។ ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ប្រវត្តិសាស្រ្ត​ជាច្រើនបាន​បង្ហាញ​ថា នៅ​ក្រោយ​សង្រ្គាម មាន​អតីត​មន្រ្តី​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង​រហូតដល់​ទៅ ២០ម៉ឺននាក់ ត្រូវ​បាន​ពួក​កុម្មុយនិស្ត​ចាប់ខ្លួន​យក​ទៅដាក់​ក្នុង​ជំរំ​ប្រមូលផ្តុំ ហើយ​មាន​ខ្លះ​ត្រូវ​ជាប់ឃុំ​រហូត​ដល់​ឆ្នាំ​១៩៩២។ ចំណែក​ឯ​ប្រជាជន​វៀតណាម​ខាង​ត្បូង​​រាប់សិបម៉ឺននាក់​ផ្សេងទៀតបាន​រត់ភៀសខ្លួន​តាមទូក​ទៅ​បរទេស។ ចលនា​ជនភៀសខ្លួន​វៀតណាម ដែលគេហៅថា « Boat People » ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្រៅប្រទេស ជាពិសេស នៅ​បារាំង និង​នៅ​កាណាដា ហើយ​ដែល​​បាន​ក្លាយ​ជា​កម្លាំង​ដ៏​សំខាន់​មួយ ក្នុងការ​ប្រឆាំង​នឹង​របបកុម្មុយនិស្ត​វៀតណាម​ក្នុងស្រុក។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ មេដឹកនាំ​កំពូលៗ​វៀតណាម រាប់​ចាប់តាំង​ពី​ប្រធានាធិបតី នាយករដ្ឋមន្រ្តី រហូតដល់​សមាជិក​បក្សកុម្មុយនិស្ត​​នឹងចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​ដ៏​ធំមួយ នៅ​ក្នុង​អតីត​រដ្ឋធានី​នៃ​វៀតណាម​ខាង​ត្បូង ដែល​បច្ចុប្បន្ន​គេ​ឲ្យឈ្មោះ​ថា ក្រុង​ហូជីមិញ ដើម្បី​រំឭកវិញ្ញានក្ខន្ធ​ដល់​ប្រជាជន​វៀតណាម​រាប់លាននាក់​ដែល​បាត់បង់​ជីវិត​ក្នុង​សង្រ្គាម និង​ជាពិសេស ដើម្បី​អបអរ​ខួប ៤០ឆ្នាំ​នៃ​ជ័យជម្នះ​របស់​វៀតណាម​លើ​កងទ័ព​អាមេរិក គឺ​ជ័យជម្នះ​របស់​ចលនា​កុម្មុយនិស្ត​នៅ​វៀតណាម។

ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ៤០ឆ្នាំក្រោយ​ជ័យជម្នះ ថ្វីដ្បិត​តែ​វៀតណាម​នៅតែ​មាន​របបនយោបាយ​បែប​កុម្មុយនិស្ត (​អំណាច​រដ្ឋ​ទាំងអស់​ត្រូវ​គ្រប់គ្រង​ដោយ​បក្ស​តែមួយ គឺ​បក្ស​កុម្មុយនិស្ត ដោយ​បិទខ្ទប់​រាល់​សំឡេង​ប្រឆាំង) ក៏ប៉ុន្តែ មនោគមន៍​វិជ្ជា​កុម្មុយនិស្ត​នៅ​វៀតណាម​កំពុងតែ​ឆ្លងកាត់​នូវ​វិបត្តិ ដោយសារ​តែ​កត្តា​ធំៗ​ចំនួន ៣ គឺ​ការ​ការរីកដុះដាលនៃ​ចលនា​សេដ្ឋកិច្ច​បែប​មូលធននិយម វិសមភាព​ក្នុង​សង្គម និង​អំពើ​ពុករលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

នៅ​ក្រោយ​ឆ្នាំ​១៩៧៥ ​សង្រ្គាមរយៈពេល ២០ឆ្នាំ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​​វៀតណាម​ត្រូវ​ខូចខាត​ខ្ទេចខ្ទី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បក្ស​កុម្មុយនិស្ត​វៀតណាម​សុខចិត្ត​បោះបង់​ចោល​សេដ្ឋកិច្ច​ផែនការ ហើយ​បើក​ចំហ​ទីផ្សារ​ចាប់យក​សេដ្ឋកិច្ច​ទីផ្សារ​សេរី ដោយ​យក​គំរូ​តាម​ចិន។ មេដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាម​តែងតែ​លើកឡើង​ការពារខ្លួន​ថា កំណែទម្រង់​សេដ្ឋកិច្ច នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ បាន​ទទួល​ជោគជ័យ ក្នុងការ​​ទាក់ទាញ​វិនិយោគ​បរទេស ជំរុញ​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាព​ក្រីក្រ។

ជាការពិត គេ​សង្កេតឃើញ​ថា វៀតណាម​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ចាប់តាំង​ពី​ឆ្នាំ​១៩៩១ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ទៀតសោត គេ​ព្យាករ​ថា សេដ្ឋកិច្ច​វៀតណាម​នឹង​មាន​កំណើន​ ៦,៥% ដែល​ជា​អត្រា​មួយ​ខ្ពស់​ធៀប​នឹង​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត។ ក៏ប៉ុន្តែ ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម តែងតែ​បាន​នាំគ្នា​ធ្វើការ​កត់សម្គាល់​ថា ធនធាន​ដែល​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច​រាប់សិបឆ្នាំ​កន្លងទៅនេះ មិន​ត្រូវ​បាន​ចែករំលែក​ដល់​ប្រជាជន​ដោយ​ស្មើភាព​គ្នានោះទេ ដោយ​គម្លាត​រវាង​អ្ន​កមាន និង​អ្នក​ក្រ កើតមានកាន់តែ​ខ្លាំង ហើយ​ក្នុងពេល​ជាមួយគ្នា គេតែងតែ​លេចឮ​​ឥតដាច់​នូវ​រឿងអាស្រូវ​ពុករលួយ ដែល​ភាគច្រើន​មាន​ជាប់ពាក់ព័ន្ធ​នឹង​មន្រ្តី​ជាន់ខ្ពស់​បក្ស។ ទាំងអស់​នេះគឺ​​​សុទ្ធសឹង​ជា​ហេតុផល​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​ចលនា​ប្រឆាំង​នឹង​បក្ស​កុម្មុយនិស្ត​វៀតណាម​មាន​ការ​កើនឡើង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ដែល​អ្នក​ជំនាញ​ខ្លះ​យល់ថា អ្នក​ដែល​ឈ្នះ​សង្រ្គាម​វៀតណាម កាល​ពី ៤០ឆ្នាំមុន កំពុងតែ​​ឆ្លងកាត់​នូវ​បរាជ័យ​ក្នុងការ​គ្រប់គ្រង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ