អានតួអត្ថបទ
ភូមា

ភូមា៖លោកស្រី​អ៊ុង សានស៊ូជី​មាន​សុទិដ្ឋិនិយម​នៅ​ក្រោយ​ជំនួប​ជាមួយ​លោក​ថាន់ ស្វេ

នៅ​ក្នុង​ប្រទេស​ភូមា លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្សប្រឆាំង គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ជួប​សន្ទនា​ជាមួយ​លោក​ថាន់ ស្វេ អតីត​ប្រមុខ​របបសឹក​នៅ​ថ្ងៃ​សៅរ៍ ទី៥ ធ្នូ។ ជំនួប​រវាង​លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព និង​អតីត​មនុស្សខ្លាំង​ភូមា​ទទួល​បាន​លទ្ធផល​ល្អ ព្រោះ​លោក​ថាន់ ស្វេ​បាន​គាំទ្រ និង​សម្លឹង​ឃើញ​លោកស្រី​អ៊ុង សានសូជី​ជា​អនាគត​អ្នកដឹកនាំ ចំណែក​រូប​លោកស្រី​អ៊ុង សានស៊ូជី​ក៏​បាន​ថ្លែង​ពី​សុទិដ្ឋិនិយម​សម្រាប់​អនាគត​ប្រទេស​ភូមា។ គួរ​ជម្រាប​ជូន​ថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ។

លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្សប្រឆាំង គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​
លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្សប្រឆាំង គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​លោកស្រី​អ៊ុង​សានស៊ូជី និង​អតីត​ឧត្តមសេនីយ​ថាន់​ស្វេ​ជា​ជំនួប​សម្ងាត់ ព្រោះ​ជា​ជំនួប​មួយ​ដែល​គេ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​មុន ឬ​មួយ​ជា​ជំនួប​មួយ​ដែល​មិន​បាន​គ្រោង​ទុក​ជា​មុន។ លោកស្រី​អ៊ុង សានស៊ូជី និង​លោក​ថាន់ ស្វេ​មិន​បាន​ថ្លែង​អ្វី​នៅ​ក្រោយ​ជំនួប​ទេ តែ​ព័ត៌មាន និង​ខ្លឹមសារ​នៃ​ជំនួប​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ដោយ​ចៅ​ប្រុស​របស់​អតីត​ឧត្តមសេនីយ​ថាន់ ស្វេ គឺ​លោក​ណៃស្វេ ថ្វៃអ៊ុង និង​លោក​វីន យីន អ្នកនាំពាក្យ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ លោក​វីន យីន​ដែល​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ពិត​ជា​មាន​ជំនួប​សម្ងាត់​រវាង​លោក​ថាន់ ស្វេ និង​លោកស្រី​អ៊ុង សានស៊ូជី​មែន និង​ថា នេះ​ជា​ជំនួប​លើកទី១ គិត​តាំង​ពី​ឆ្នាំ ២០០៣។

ចំណែក​លោក​វីន ថេន ថ្នាក់ដឹកនំា​ម្នាក់​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​នាំ​ពាក្យ​លោកស្រី​អ៊ុង សានស៊ូជី​ដែល​ថា លោក​ថាន់ ស្វេ​បាន​និយាយ​ប្រាប់​លោកស្រី​ពី​ការ​ដែល​លោក​បាន​គាំទ្រ​ឲ្យ​មាន​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា និង​ការ​ដែល​លោក​ថាន់ ស្វេ​បាន​ទទួល​ស្គាល់​នូវ​សកម្មភាព និង​ជោគជ័យ​របស់​លោកស្រី​អ៊ុង សានស៊ូជី។ ចំណែក​ចៅប្រុស​របស់​លោក​ថាន់ ស្វេ​បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​ថា ជីតា​ថាន់ ស្វេ​បាន​និយាយ​ប្រាប់​លោកស្រី​អ៊ុង សានស៊ូជី​ពី​ការ​គាំទ្រ​ដោយ​ស្មោះត្រង់​ដែល​លោក​អាច​ធ្វើ​បាន ប្រសិន​បើ​លោកស្រី​អាច​បំពេញ​ការងារ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស និង​ថា ទាំង​អស់​គ្នា​ត្រូវ​តែ​ហ៊ាន​ទទួល​ស្គាល់​ការពិត ព្រម​ទំាង​បាន​សម្លឹង​ឃើញ​លោកស្រី​អ៊ុង សានស៊ូជី​ជា​អនាគត​អ្នកដឹកនាំ​ប្រទេស។

តែ​លោក​ថាន់ ស្វេ​មិន​បាន​បញ្ជាក់​ពី​អនាគត​អ្នកដឹកនាំ​ប្រទេស​របស់​លោកស្រី​អ៊ុង សានស៊ូជី​ក្នុង​ឋានៈ​ជា​អ្វី​ទេ។ យ៉ាង​ណា​ក៏​ដោយ លោកស្រី​អ៊ុង សានស៊ូជី​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់ បន្ទាប់​ពី​បាន​ជួប​អតីត​មនុស្ស​ខ្លាំង​របបសឹក​ថាន់ ស្វេ។

អតីត​មនុស្ស​ខ្លាំង​ភូមា​លោក​ថាន់ ស្វេ​នៅ​មាន​ឥទ្ធិពល​ក្នុង​ឆាកនយោបាយ​ភូមា !

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នា​ដើម​ខែ​វិច្ឆិកា​កន្លង​មក លោកស្រី​អ៊ុង សានស៊ូជី​បាន​ចូល​ជួប​សន្ទនា​ជាមួយ​អ្នកកាន់អណាច​សព្វថ្ងៃ។ លោកស្រី​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ថេន សេន និង​មេទ័ព​លោក​មីន អ៊ុងឡាង​នា​ថ្ងៃ​ពុធ ទី២ ធ្នូ។ តែ​ជំនួប​ជាមួយ​អតីត​ប្រមុខ​របបសឹក​លោក​ថាន់ ស្វេ​ពេល​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​សារៈសំខាន់​ដូច​គ្នា។ សំខាន់ ព្រោះ​ទាំង​អ្នកដឹកនាំ​សព្វថ្ងៃ និង​អតីតអ្នកដឹកនាំ​សុទ្ធ​តែ​ចេញ​មក​ពី​ប្រភព​ដូច​គ្នា ពោល​សុទ្ធសឹង​ជា​ក្រុម​មនុស្ស​ខ្លាំង​ក្នុង​ជំនាន់​របបសឹក។ គ្រាន់​តែ​ថា លោក​ថាន់ ស្វេ​ដែល​បច្ចុប្បន្ន​មាន​អាយុ ៨២ឆ្នាំ​ទើប​តែ​បាន​សម្រេចចិត្ត​​ដក​ខ្លួន​ចេញ​ពី​កិច្ចការ​នយោបាយ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

សំណួរ​ដែល​កំពុង​បន្ត​ចោទ និង​ដែល​រូបលោកស្រី​អ៊ុង សានស៊ូជី​ខ្លួន​ឯង​មិន​អាច​មើល​រំលង​បាន​នោះ គឺ​ឥទ្ធិពល​របស់​លោក​ថាន់ ស្វេ​នៅ​ក្នុង​ឆាកនយោបាយ​ភូមា​សព្វថ្ងៃ។

គួរ​ជម្រាប​ជូន​ថា លោក​ថាន់ ស្វេ​ជា​ប្រមុខ​ដឹកនាំ​របបសឹក​កណ្តាប់​ដៃដែក​ជិត ២ទសវត្ស​ពី​ខែ​មេសា ឆ្នំា ១៩៩២ ដល់​ខែ​មីនា ឆ្នាំ ២០១១។ គឺ​រូប​លោក​ថាន់ ស្វេ​ដែល​បាន​ចាប់​លោកស្រី​អ៊ុង សានស៊ូជី​ទៅ​ឃុំឃាំង​ក្នុង​គេហដ្ឋាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ គឺ​រូប​ឧត្តមសេនីយ​ថាន់ ស្វេ​ដែល​បាន​បញ្ជា​ឲ្យ​កម្លំាង​ប៉ូលិស និង​ទាហាន​វាយបង្រ្កាប​យ៉ាង​បង្ហូរឈាម​លើ​ក្រុម​បាតុករ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ដឹកនំា​ដោយ​លោកស្រី​អ៊ុង សានស៊ូជី​ក្នុង​ដំណាច់​ទសវត្ស​ឆ្នាំ ៨០។ គឺ​អតីត​មនុស្សខ្លាំង​ថាន់ ស្វេ​ដែល​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​ក្នុង​ឆ្នាំ ១៩៩១ ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង​សានស៊ូជី​ទទួល​បាន​ជោគជ័យ​ភ្លូកទឹក ភ្លូកដី។

ដូច្នេះ​គេ​អាច​និយាយ​បាន លោក​ថាន់ ស្វេ និង​លោកស្រី​អ៊ុង សានស៊ូជី​ជា​សត្រូវ​នឹង​គ្នា។ តែ​ឥឡូវ​នេះ សត្រូវ​របស់​លោកស្រី​អ៊ុង សានស៊ូជី​បាន​ចេញ​មុខ​គាំទ្រ​លោកស្រី​ពេញ​ទី ព្រម​ទាំង​សម្លឹង​ឃើញ​លោកស្រី​ជា​អនាគត​អ្នកដឹកនាំ​ទៀត​ផង។ គឺ​ការ​គាំទ្រ​របស់​លោក​ថាន់ ស្វេ​នេះ​ហើយ​ដែល​លោកស្រី​អ៊ុង សានស៊ូជី​មិន​ញញើត​នឹង​ថ្លែង​ពី​សុទិដ្ឋិនិយម​សម្រាប់​អនាគត​ប្រទេស​ភូមា។ លោកស្រី​យល់​ច្បាស់ណាស់​ថា តិច ឬ​ច្រើន អតីត​ឧត្តមសេនីយ​ថាន់ ស្វេ​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ឆាកនយោបាយ​ភូមា។

កងទ័ព​នៅ​បន្ត​ដើរ​តួនាទី​សំខាន់​ក្នុង​ឆាកនយោបាយ​ភូមា

ភូមា​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ីអាគ្នេយ៍​ដែល​ស្គាល់​តែ​របបដឹកនំា​យោធា ហើយ​សូម្បី​តែ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ទើប​បង្កើត​ឡើង​ក្នុង​ឆ្នំា ២០១១ ក៏​ដឹកនំា​ឲ្យ​អតីត​យោធា​ដែរ រាប់​ទំាង​លោក​ប្រធានាធិបតី​ថេន សេន​ផង។ ពិត​ណាស់​ថា គណបក្ស​លោកស្រី​បាន​ឈ្នះឆ្នោត​យ៉ាង​ធំធេង​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​មែន តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នៅ​ក្នុង​ចំនួន​អសនៈ​ទំាង ៤៤០ នៅ​ក្នុង​រដ្ឋសភា មាន​អសនៈ ១ភាគ៤ ត្រូវ​បាន​កក់​ទុក​សម្រាប់​កងទ័ព​ជា​ស្វ័យប្រវត្តិ​ដោយ​មិន​បាច់​បោះឆ្នោតហើយ​ការ​តែងតំាង​រដ្ឋមន្រ្តី​ក្រសួង​សំខាន់ៗ​មួយ​ចំនួន ដូច​យ៉ាង​ក្រសួង​ការពារជាតិ ក្រសួង​មហាផ្ទៃ ឬ​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែនជា​បន្ទុក​របស់​មេបញ្ជាការ​កងទ័ព។

ដូច្នេះ​ឃើញ​ថា ទោះ​បី​ជា​លទ្ធផល​បោះឆ្នោត​បាន​ផ្តល់​ជោគជ័យ​ភ្លូកទឹក ភ្លូកដី​ឲ្យ​គណបក្ស​របស់​លោកស្រី​អ៊ុង សានស៊ូជី​មែន ក៏​កងទ័ព​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ភូមា និង​ដែល​លោកស្រី​អ៊ុង សានស៊ូជី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​រួម​សហការណ៍​ជាមួយ​កងទ័ព​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ