អានតួអត្ថបទ
ភូមា

លោក ថេន សេន ប្រកាស​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ឲ្យ​លោក​ស្រី អ៊ុងសាន ស៊ូជី

លោកប្រធានាធិបតី​ភូមា ថេន សេន បាន​ប្រកាស​ នៅ​ថ្ងៃនេះ​ថា ​​នឹង​មាន​ការ​​ផ្ទេរ​អំណាច​​រដ្ឋ​​បាល ដោយ​សន្តិវិធី ទៅ​ឲ្យ​គណបក្ស​ឈ្នះឆ្នោត​របស់​លោកស្រី អ៊ុងសាន ស៊ូជី។ គណ​បក្ស​សម្ព័ន្ធ​ជាតិ​​​ដើម្បី​​ប្រជាធិប​តេយ្យ របស់​​លោកស្រី​ អ៊ុងសាន ស៊ូជី បាន​​ឈ្នះ​ឆ្នោត​​សភា​​លើស​លប់​​​ជាង​​៨០​​ភាគ​​រយ ក្នុង​​ការ​​បោះ​ឆ្នោត​​ជាតិ កាល​ពី​​សប្តាហ៍​​មុន។ ប្រធានាធីបតី​​ភូមា​​ជិត​​​ផុត​​អាណត្តិ​ លោក ថេន សេន ​នៅថ្ងៃ​​អាទិត្យ​នេះ ក៏​បញ្ជាក់​ដែរ​ថា លោក​សន្យា​នឹង​មាន​ការ​​ផ្ទេរ​​អំណាច​ ហើយ​​សូម​កុំឲ្យ​មាន​​ការ​​ព្រួយ​​​បារម្ភ។

លោក ថេន សេន ប្រធានាធីបតីភូមាជិតផុតអាណត្តិ
លោក ថេន សេន ប្រធានាធីបតីភូមាជិតផុតអាណត្តិ Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង Rangoun លោក ថេន សេន ប្រធានាធិបតី​ភូមា​ជិត​ផុត​អាណត្តិ បាន​កោះ​ប្រជុំ នៅ​ថ្ងៃ​អាទិត្យ​នេះ និង​បាន​ប្រកាស​ថា នឹង​មាន​ការផ្ទេរអំណាចរដ្ឋបាល ដោយ​សន្តិវិធី ទៅ​ឲ្យ​គណបក្ស​ឈ្នះឆ្នោត​របស់លោកស្រី អ៊ុងសាន ស៊ូជី ។ មិន​តែ​ប៉ុណ្ណោះ លោក ថេន សេន ថែម​ទាំង​បាន​លើកស​រសើរ​ខ្លួនឯង​ផង​ថា ការឈ្នះឆ្នោត​របស់​បក្ស​ប្រឆាំង នៅពេល​នេះ គឺ​ជា​លទ្ធផល​ល្អ​​នៃ​ការធ្វើ​កំណែ​ទម្រង់​រដ្ឋាភិបាល​របស់​លោកទៀតផង។

 

លោក ថេន សេន ដែល​ទើបតែ​ចេញមុខ ជា​សាធារណៈ​លើក​ទី១ បន្ទាប់ពី​ការបោះឆ្នោត​​ជាតិ​​សប្តាហ៍​មុខ នៅ​ថ្ងៃ​នេះ បាន​អបអរ​សាទរ គណបក្ស​ប្រឆាំង និង​បញ្ជាក់​ប្រាប់​ថា «សូម​​កុំបារម្ភពី​ការ​ផ្លាស់ប្តូរ​អំណាច​​នេះ ហើយ​​លោក​​​សូម​​​សន្យា​»​។ ទន្ទឹម​នឹង​នេះ អ្នកនាំ​ពាក្យ​​​គណ​បក្ស​សម្ព័ន្ធជាតិ​​ដើម្បី​​ប្រជាធិប​តេយ្យ​របស់លោកស្រី អ៊ុង សានស៊ូជី បាន​គូស​បញ្ជាក់​ថា «នេះគឺជា​ការ​ផ្សះផ្សា​រ​ជាតិ​​ដ៏​ធំ​សម្បើម»។

 

ចំណែក​ប្រមុខ​បក្សប្រឆាំង លោកស្រី អ៊ុង សានស៊ូជី បាន​រក្សាភាពស្ងាត់​ស្ងៀម​​តាំងតែ​​ពី​​ការ​បោះឆ្នោត​រួច ហើយ​ក៏កំពុងតែ​រង់ចាំ​ការចរចា​បន្តទៀត នៅសប្តាហ៍ក្រោយ គឺនៅ​រដ្ឋធានី Naypyidaw ដែលជាទីក្រុង​រដ្ឋបាល​របស់​ប្រទេសភូមា។ ទោះយ៉ាង​ណា​ក្តី ការចរចា​ នៅ​អាទិត្យ​​​ក្រោយនេះ នៅមិនទាន់​មាន​ការ​កំណត់ថ្ងៃ ខែម៉ោងពេល ឲ្យជាក់​ច្បាស់​​នៅឡើយទេ។

 

យ៉ាងណាក៏ដោយចុះ គេ​​មិន​ទាន់​ដឹងថា តំណែងអនាគតប្រធានាធិបតី​អាណត្តិថ្មី​របស់​​ប្រទេសភូមា ត្រូវ​ធ្លាក់​ទៅលើ​នរណា​នៅឡើយ​ទេ។ ក៏ប៉ុន្តែ ចំពោះលោកស្រី អ៊ុងសាន ស៊ូជី បើតាម​ច្បាប់​​រដ្ឋធម្មនុញ្ញភូមា ច្បាស់ជា​មិនអាចក្លាយជា​ប្រធានាធិបតី​ភូមា​បានឡើយ ដោយ​សារ​តែ​​លោក​ស្រី មាន​កូនប្រុស២នាក់ សញ្ជាតិបរទេស ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ បើលោកស្រី​​ចង់​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ ក៏រឹតតែលំបាកទៅទៀត ប្រសិនបើពុំមានការ​យល់​ព្រម​ពីពួក​យោធា ដែល​កាន់កាប់​សំឡេង​២៥ភាគរយ ក្នុងរដ្ឋសភានោះ។

 

សូមបញ្ជាក់ថា បើតាមរដ្ឋធម្មនុញ្ញ ពួកយោធាទាំង២៥ភាគរយ ក្នុងរដ្ឋសភានោះ ត្រូវជាប់​ជា​តំណាង​រាស្ត្រដោយការតែងតាំង មិនបាច់មាន​ការបោះឆ្នោត​ទេ។ ជារួម បើអ្វីៗប្រព្រឹត្តទៅដោយរលូនមែន ប្រទេសភូមា នឹងមានរដ្ឋសភា និងរដ្ឋាភិបាលថ្មី នៅដើមក្រោមឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ