អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភូមា៖ហេតុអ្វី​បាន​ជា​លោក​ស្វេ ម៉ាន​ត្រូវ​បាន​គេ​កំចាត់​ចេញ​ពី​តំណែង​ប្រធាន​បក្ស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ សីហា​កន្លង​ទៅ​នេះ លោក​ស្វេ ម៉ាន ប្រធាន​រដ្ឋសភា និង​ជា​គណបក្ស​សាមគ្គី និង​អភិវឌ្ឍន៍​សហភាព​ដែល​ជា​បក្ស​កាន់​អំណាច​សព្វថ្ងៃ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​គណបក្ស​យ៉ាង​ទាន់ហន់។ ការ​កំចាត់​លោក​ស្វេ ម៉ាន​ចេញ​ពី​ប្រធាន​បក្ស​ត្រូវ​បាន​គេ​ឲ្យ​ហេតុផល​ជា​ផ្លូវការ​ថា គឺ​ជា​ការ​ដោះដូរ​ដើម្បី​ឲ្យ​ការងារ​របស់​បក្ស​មាន​ដំណើរការ​ល្អ និង​ទទួល​បាន​ប្រសិទ្ធិភាព​ជាង​មុន។ តែ​ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ទង្វើ​នេះ​ជា​រដ្ឋប្រហារ​នៅ​ផ្ទៃក្នុង​បក្ស​ដែល​មាន​ការ​រៀបចំ​ទុក​ជា​មុន ពិសេស​នៅ​ប៉ុន្មាន​មុន​ការ​រៀបចំ​បោះឆ្នោត​សភា​នា​ខែ​វិច្ឆិកា​ខាង​មុខ។ តើ​អ្វី​ទៅ ជា​ការ​ពិត?

ភូមា៖ហេតុអ្វី​បាន​ជា​លោក​ស្វេ ម៉ាន​ត្រូវ​បាន​គេ​កំចាត់​ចេញ​ពី​តំណែង​ប្រធាន​បក្ស?
ភូមា៖ហេតុអ្វី​បាន​ជា​លោក​ស្វេ ម៉ាន​ត្រូវ​បាន​គេ​កំចាត់​ចេញ​ពី​តំណែង​ប្រធាន​បក្ស? REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

វា​ពិត​ណាស់​ថា ការ​រុះរើ​ដោះដូរ​សមាសភាព​ដឹកនំា​នៅ​ក្នុង​គណបក្ស​មួយ រហូត​ដល់​ផ្លាស់​តំណែង​ប្រធាន ជា​រឿង​មួយ​ធម្មតា តែ​អ្វី​ដែល​មិន​ធម្មតា និង​ហាក់​ដូច​ជា​ចម្លែក​បន្តិច​នៅ​ក្នុង​ប្រទេស​ភូមា​នោះ​គឺ​ថា លោក​ស្វេ ម៉ាន​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញ​ពី​តំណែង​បក្ស​តែ​ម្តង។ ការ​ហ៊ាន​និយាយ​យ៉ាង​ដូច​​នេះ​ក៏​ដោយ​សារ​ថា នៅ​ក្នុង​ថ្ងៃ​ដក​តំណែង​លោក​ស្វេ ម៉ាន រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លំាង​ប៉ូលិស​យ៉ាង​ច្រើន​សម្បើម​ព័ទ្ធ​ជុំវិញ​ទីស្នាក់ការ​គណបក្ស។ តើ​រូបភាព​របៀប​នេះ មិនមែន​ជា​ការ​ធ្វើ​រដ្ឋប្រហារ​ទេ ឬ​យ៉ាង​ណា? ហើយ​បើ​ជា​រូបភាព​ធ្វើ​រដ្ឋប្រហារ​មែន តើ​វា​ជា​ស្នាដៃ​របស់​អ្នក​ណា?។ សំណួរ​មួយ​ទៀត​សួរ​ថា ហេតុ​អ្វី​បាន​ជា​ការ​ដក​លោក​ស្វេ ម៉ាន​ចេញ​ពី​ប្រធាន​បក្ស​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​សភា​នា​ខែ​វិច្ឆិកា​ខាង​មុខ?។

មក​ដល់​ត្រង់​ចំណុច​នេះ​ត្រូវ​បាន​ក្រុមអ្នក​វិភាគ​មើល​ឃើញ​យ៉ាង​ច្បាស់​ក្រឡែត​ថា អ្នក​ដែល​បាន​ផ្តួចផ្តើម​គំនិត​រៀបចំ​កំចាត់​លោក​ស្វេ ម៉ាន​ចេញ​ពី​តំណែង​ប្រធាន​បក្ស គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​ប្រធានាធិបតី​ថេន សេន​សព្វថ្ងៃ​ទេ។ ចូរ​កុំ​ភ្លេច​ថា ក្នុង​ពេល​ដែល​ភូមា​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​របបសឹក លោក​ស្វេ ម៉ាន និង​លោក​ថេន សេន​ជា​ឧត្តមសេនីយ​ដូច​គ្នា តែ​បើ​គិត​ជា​ឋានន្តរសក្តិ លោក​ស្វេ ម៉ាន​ដែល​ជា​មនុស្ស​ខ្លំាង​លំដាប់​ទី៣ របស់​របបសឹក​មាន​ឋានៈ​ខ្ពស់។ នៅ​ក្រោយ​ការ​រំលាយ​របបសឹក​ក្នុង​ឆ្នំា ២០១១ ឧត្តមសេនីយ​ស្វេ ម៉ាន​មាន​មហិច្ឆតា​ចង់​កាន់​តំណែង​ប្រធានាធិបតី តែ​នៅ​ទីបំផុត តំណែង​កំពូល​មួយ​នេះ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​ឧត្តមសេនីយ​ថេន សេន ហើយ​លោក​ស្វេ ម៉ាន​បាន​ទទួល​តំណែង​ប្រធាន​រដ្ឋសភា។

ការ​បែងចែង​អំណាច​របៀប​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា គឺ​ដើម្បី​បញ្ចប់​ការ​ប្រជែង​កម្លំាង​គ្នា​រវាង​អតីត​ឧត្តមសេនីយ​ទំាង​ពីរ​រូប។ តែ​ពេល​វេលា​កាន់​តែ​ខិត​ទៅ​មុខ ពិសេស​នៅ​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​សភា​នា​ខែ​វិច្ឆិកា​ឈាន​មក​ដល់ ទំនាក់ទំនង​រវាង​ឥស្សរជន​នយោបាយ​ជើង​ចាស់​ទំាង​ពីរ​នាក់​ក៏​បាន​ផ្តើម​រង្គោះរង្គើ​កាន់​តែ​ខ្លំាង​ឡើង​ដែរ។ អ្វី​ដែល​លោក​ស្វេ ម៉ាន​បាន និង​កំពុង​សម្លឹង​ឃើញ​នៅ​ពេល​ខាង​មុខ គឺ​តំណែង​ប្រធានាធិបតី។ អ៊ីចឹង​ហើយ​បាន​ជា​នា​រយៈពេល​ចុងក្រោយ​នេះ លោក​ស្វេ ម៉ាន​បាន​ផ្តើម​ដើរ​តួនាទី​ជា​ប្រធានាធិបតី​ដោយ​កាត់​មុខ កាត់​មាត់​លោក​ថេន សេន ពិសេស​ការ​រំកិល​ទៅ​រក​លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្សប្រឆំាង គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​គេ​មើល​ឃើញ​ថា ជា​អ្នក​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ខាង​មុខ។

លោក​ស្វេ ម៉ាន​បាន​ដឹង​យ៉ាង​ច្បាស់​ថា ដើម្បី​អាច​ទទួល​បាន​តំណែង​ប្រធានាធិបតី លោក​ត្រូវ​ការ​សម្លេង​គំាទ្រ​ពី​លោកស្រី​អ៊ុង សានស៊ូជី និង​គណបក្ស​របស់​លោកស្រី​នៅ​ក្នុង​រដ្ឋសភា។ ចូរ​កុំ​ភ្លេច​ថា ច្បាប់​ធម្មនុញ្ញ​ភូមា​សព្វថ្ងៃ​បាន​រារំាង​ឥស្សរជន​នយោបាយ​ណា​ដែល​រៀបការ​ជា​មួយ​ជន​បរទេស ឬ​មួយ​ក៏​មាន​កូន​ជាមួយ​ជនបរទេស​ឡើង​កាន់​តំណែង​ប្រធានាធិបតី​។ ដូច្នេះ​គ្មាន​ទេ​តំណែង​ប្រធានាធិបតី​សម្រាប់​លោកស្រី​អ៊ុង សានស៊ូជី ព្រោះ​លោកស្រី​បាន​រៀបការ​ជាមួយ​ជនបរទេស។ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ថា លោកស្រី​អ៊ុង សានស៊ូជី​អាច​នឹង​ចង​សម្ព័ន្ធ​ជាមួយ​លោក​ស្វេ ម៉ាន​ដើម្បី​ទទួល​បាន​តំណែង​អនុប្រធានាធិបតី ក្នុង​ករណី​ណា​ដែល​លោក​ស្វេ ម៉ាន​កាន់​តំណែង​ប្រធានាធិបតី។

សំណួរ​សួរ​ថា ចុះ​លោក​ថេន សេន​វិញ តើ​លោក​នឹង​ឈប់​កាន់​តំណែង ឬ​មួយ​ក៏​ចង់​កាន់​បន្ត​ទៀត?។ រហូត​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​សញ្ញា ឬ​តម្រុយ​​អ្វី​មួយ​ដែល​អាច​បញ្ជាក់​បំណង​របស់​លោក​ថេន សេន​បាន​ឡើយ។ គួរ​ជម្រាប​ជូន​ថា​នៅ​ភូមា សភា​ជា​អ្នក​បោះឆ្នោត​ជ្រើសរើស​រូប​ប្រធានាធិបតី ហើយ​នៅ​ក្នុង​សភា​ភូមា​ទៀត​សោត មាន​អសនៈ​ចំនួន ២៥% ត្រូវ​បាន​គេ​កក់​ទុក​ជា​ស្វ័យប្រវត្តិ​សម្រាប់​កងទ័ព​ដោយ​មិន​បាច់​បោះឆ្នោត។ លោក​ថេន សេន​អាច​ពឹង​លើ​សន្លឹក​ឆ្នោត​របស់​ក្រុមអ្នកតំណាងរាស្រ្ត​ទាហាន​ទំាង​អស់​សម្រាប់​អាណត្តិ​ថ្មី តែ​អ្វី​ដែល​លោក​ថេន សេន​កំពុង​បារម្ភ​ខ្លំាង​នោះ គឺ​ក្រុម​សមាជិក​សភា​នៃ​បក្សប្រឆំាង​របស់​លោកស្រី​អ៊ុង សានស៊ូជី​ដែល​លោក​ស្វេ ម៉ាន​កំពុង​ចែចូវ។

ដូច្នេះ​ជម្រើស​របស់​លោក​ថេន សេន​គឺ​ច្បាស់​ណាស់ មនុស្ស​ដែល​លោក​ត្រូវ​កំចាត់ និង​ដែល​អាច​កំចាត់​បាន​ឥឡូវ​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​ស្វេ ម៉ាន​ឡើយ។ តើ​ទង្វើ​របៀប​នេះ ជា​ការ​ប្រជែង​កម្លំាង​គ្នា​រវាង​អតីត​ឧត្តមសេនីយ​ថេន សេន និង​ស្វេ ម៉ាន ឬ​មួយ​ក៏​ជា​ការ​ផ្តើម​បែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស​កាន់អំណាច?

ចម្លើយ​មួយ​ណា​ក៏​ត្រូវ​ដែរ ប្រជែង​កម្លំាង​គ្នា​រវាង​មនុស្ស​ខ្លំាង​ពីរ​នាក់​ក៏​ត្រូវ ឬ​មួយ​ក៏​ការ​ផ្តើម​បែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស​កាន់អំណាច​ក៏​ថា​បាន។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា អ្នក​ឈ្នះ​នៅ​ក្នុង​រឿងរ៉ាវ​នេះ​មិនមែន​លោក​ថេន សេន ហើយ​ក៏​មិនមែន​លោក​ស្វេ ម៉ាន​ដែរ តែ​គឺ​លោកស្រី​អ៊ុង សានស៊ូជី​ឯណោះ​ទៅ​វិញ​ទេ។ នៅ​ថ្ងៃ​អង្គារ ទី១៨ សីហា លោកស្រី​អ៊ុង សានស៊ូជី​បាន​ថ្លែង​ថា គណបក្ស​លោកស្រី​នឹង​ចងសម្ព័ន្ធភាព​ជាមួយ​លោក​ស្វេ ម៉ាន និង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ គេ​បាន​ដឹង​ហើយ​ថា តើ​នរណា​ជា​មិត្ត និង​នរណា​ជា​សត្រូវ​របស់​គណបក្សប្រឆំាង។ ទន្ទឹម​គ្នា​នេះ លោកស្រី​អ៊ុង សានស៊ូជី​ក៏​បាន​សម្តែង​ក្តីបារម្ភ​ដូច​អាមេរិក និង​អង់គ្លេស​ទាក់ទង​នឹង​វិធានការ​បែប​រដ្ឋប្រហារ​ក្នុង​ការ​ដក​តំណែង​លោក​ស្វេ ម៉ាន។

គឺ​ជា​រូបភាព​មួយ​ដែល​ធ្លាប់​អនុវត្តន៍​ដោយ​របបសឹក​នៅ​ក្នុង​អតីតកាល។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ពេល​នេះ គឺ​ខ្លាច​តែ​ព្រឹត្តិការណ៍​មួយ​នេះ​ក្លាយ​ជា​សញ្ញា​នៃ​ការ​ផ្តើម​ក្តាប់​អំណាច​ជា​ថ្មី​របស់​យោធា​នៅ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ