អានតួអត្ថបទ
ភូមា

ភូមា៖លោកថេន សេន​ចេញ​មុខ​ធ្វើ​ជា​អន្តរការី​ទាមទារ​ឲ្យ​សភា​កែប្រែ​គម្រោង​ច្បាប់​អប់រំ

នៅ​ប្រទេស​ភូមា លោក​ប្រធានាធិបតី​ថេន សេន​បាន​ចេញ​មុខ​ធ្វើ​ជា​អន្តរការី​ដោយ​បាន​ទាមទារ​ឲ្យ​សភា​ធ្វើ​ការ​កែប្រែ​លើ​គម្រោង​ច្បាប់​អប់រំ។ គម្រោង​ច្បាប់​អប់រំ​ដែល​ក្រុម​សិស្ស និស្សិត​ចាត់ទុក​ថា មាន​លក្ខណៈ​ប្រឆំាង​នឹង​លទ្ធិប្រជាធិបតេយ្យ។ សំណើ​ទាមទារ​របស់​លោក​ថេន សេន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សិស្ស និស្សិត​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី២១ មករា​ថា នឹង​រក្សា​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​គម្រោង​ច្បាប់​អប់រំ​ថ្មី​នោះ។

លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​បក្ស​ប្រឆាំង​ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ភូមា ​ថេន សេន
លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​បក្ស​ប្រឆាំង​ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ភូមា ​ថេន សេន ©REUTERS/Aung Myin Yezaw
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​មួយ​របស់​វិមាន​ប្រធានាធិបតី​ដែល​លោក​ថេន សេន​បាន​ថ្លែង​យ៉ាង​ច្បាស់ៗ​ថា មាន​តែ​ការ​ធ្វើ​វិសោតនកម្ម​លើ​គម្រោង​ច្បាប់​ស្តីពី​កា​អប់រំ​ដ៏​ចម្រូងចម្រាស​ទេ ទើប​គេ​អាច​រួមចំណែក​ឲ្យ​មាន​សន្តិភាព និង​ស្ថិរភាព ព្រម​ទំាង​អនុញ្ញាត​ឲ្យ​សិស្ស និស្សិត​បន្ត​ការ​សិក្សា​រៀនសូត្រ​របស់​ខ្លួន​ដោយ​សុខ​សន្តិភាព។ ការ​បញ្ចេញ​ប្រតិកម្ម​របស់​លោក​ប្រធានាធិបតី​ភូមា​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ ក្រោយ​ពី​មាន​សិស្ស​មួយ​ក្រុម​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​ក្នុង​ទីក្រុង​ម៉ង់ដាឡៃ​ដើម្បី​ប្រឆំាង​នឹង​គម្រោង​កំណែទម្រង់​ច្បាប់​អប់រំ​ដែល​សភា​កំពុង​ធ្វើ​ការ​សិក្សា។ គម្រោង​ច្បាប់​ដែល​បាតុករ​សិស្ស និស្សិត​យល់​ថា មាន​លក្ខណៈ​ប្រឆំាង​នឹង​លទ្ធិប្រជាធិបតេយ្យ និង​ថា សញ្ញា​នៃ​ឆន្ទៈ​ដ៏​ល្អ​របស់​រដ្ឋាភិបាល​ពេល​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ ចំណែក​លោក​លេខាធិការ​នៃ​សហព័ន្ធ​សហជីព​សិស្ស​បាន​បញ្ចេញ​ប្រតិកម្ម​ថា អ្វី​ដែល​សិស្ស និស្សិត​ចង់​បាន គឺ​ការ​ផ្លាស់ប្តូរ​ពិត​ប្រាកដ​មួយ។

គួរ​ជម្រាប​ជូន​ថា បន្ទាប់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ដំបូង​ក្នុង​ខែ​វិច្ឆិកា ឆ្នំា ២០១៤ កន្លង​ទៅ ក្រុមសិស្ស និស្សិត​គ្រោង​នឹង​ដង្ហែរ​ក្បួន​បាតុកម្ម​ពី​ទីក្រុង​ម៉ង់ដាឡៃ​ទៅ​កាន់​ទីក្រុង​រ៉ង់ហ្គូន​ដែល​មាន​ចម្ងាយ ៦០០គីឡូម៉ែត្រ​ដោយ​ធ្វើ​ការ​ឈប់​សម្រាក​ជា​ដំណាក់ៗ​នៅ​តាម​ផ្លូវ។ អ្វី​ដែល​ពួក​គេ​បាន​ទាមទារ​ជា​ចម្បង​នៅ​ក្នុង​គម្រោង​ច្បាប់​អប់រំ​ថ្មី​នោះ គឺ​សុំ​ឲ្យ​មាន​ការ​ដំឡើង​ថវិកាអប់រំ និង​ទាមទារ​កុំ​ឲ្យ​លប់​ចោល​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព​សិស្ស និស្សិត។ គួរ​ជម្រាប​ជូន​ថា សិស្ស និស្សិត ជា​កម្លំាង​នយោបាយ​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រវត្តិ​នៃ​ប្រទេស​ភូមា​សម័យ​ថ្មី។ នៅ​ក្នុង​អតីតកាល ពួក​គេ​ក៏​ធ្លាប់​បាន​ងើប​ប្រឆំាង​នឹង​របបសឹក​អស់​ជា​ច្រើន​ទសវត្ស ដូច​យ៉ាង​មហា​បាតុកម្ម​ក្នុង​ឆ្នំា ១៩៩៨ ដែល​ត្រូវ​បាន​កម្លំាងទ័ព​វាយបង្រ្កាប​យ៉ាង​បង្ហូរ​ឈាម។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា គឺ​ទើប​តែ​ក្នុង​ឆ្នំា ២០១១ កន្លង​ទៅ​ទេ​ដែល​ភូមា​បាន​ប្តូរ​ពី​របប​ដឹកនំា​ដោយ​យោធា​មក​របបដឹកនំា​ដោយ​ស៊ីវិល និង​ដែល​រូប​លោក​ថេន សេន​ផ្ទាល់ ក៏​បាន​ដោះសម្លៀកបំពាក់​យោធា​មក​ស្លៀក​ស៊ីវិល​ដើម្បី​កាន់​តំណែង​ប្រធានាធិបតី​សព្វថ្ងៃ។ តែ​បញ្ហា​នៅ​ត្រង់​ថា នៅ​មាន​រឿង​សេសសល់​ពី​របបសឹក​ជា​ច្រើន​ដែល​ធ្វើ​កំណែទម្រង់​ឡើង​វិញ ពិសេស​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ