អានតួអត្ថបទ
ភូមា

កងទ័ព និង​ពួកឧទ្ទាម​កាឈីន​ចាប់អាវុធ ប្រយុទ្ធ​ដាក់​គ្នា​ជា​ថ្មី

មនុស្ស​ជាច្រើន​រយនាក់​បាន​រត់ភៀសខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដើម្បី​គេច​ចេញ​ពី​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​មួយ រវាង​ទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម នៅ​រដ្ឋ​កាឈីន ភាគខាងជើង​​ប្រទេស​ភូមា។ សមរភូមិ​ប្រយុទ្ធ មិន​បន្ធូរដៃ​របស់កងទ័ព​រដ្ឋាភិបាល​ធ្វើឡើង នៅមួយថ្ងៃ​ក្រោយ​ពួកឧទ្ទាម​ចាប់​ជំរិត​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ប្រចាំ​តំបន់​នោះ និង​ប៉ូលិស​បីនាក់។ 

កងទ័ព​របស់​ចលនា​ឯករាជ្យ​កាឈីន (KIA) នៅ​ Mai Ja Yang ក្នុង​រដ្ឋ​កាឈីន ខែ​មករា ២០១៣ (បណ្ណសារ)
កងទ័ព​របស់​ចលនា​ឯករាជ្យ​កាឈីន (KIA) នៅ​ Mai Ja Yang ក្នុង​រដ្ឋ​កាឈីន ខែ​មករា ២០១៣ (បណ្ណសារ) REUTERS/Kaung Htet
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ដែល​ពួក​ឧទ្ទាម​កាឈីន ចាប់​ជា​ចំណាប់ខ្មាំង កាលពីថ្ងៃ​ពុធ​ត្រូវ​បាន​ដោះលែង​រួចហើយ ប៉ុន្តែ ប៉ូលិស​ភូមា​បីនាក់ នៅ​បន្តជាប់​ជា​ចំណាប់ខ្មាំង​របស់​ក្រុមទាមទារ​ឯករាជ្យ​កាឈីន​ដដែល។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​Global New Light of Myanmar។

 
អ្នកទទួល​ខុសត្រូវ​ទ័ព​កាឈីន​វិញ​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​ថា ការប្រយុទ្ធគ្នា​​ខ្លាំង ដែល​មិនបាន​ កើត​មាន​ក្នុងរយៈពេល​មួយឆ្នាំ​ចុងក្រោយនេះ បាន​ផ្ទុះឡើង តាំងពី​ព្រឹកព្រលឹមស្រាងៗ ដោយ​កងទ័ព​រដ្ឋាភិបាល​ភូមា​បាន​បើក​ការបាញ់​ប្រហារ​ទៅលើ​តំបន់​គ្រប់គ្រង​របស់​ឧទ្ទាម​កាឈីន នៅ​ភាគខាងជើង​ប្រទេស​ភូមា។

សកម្មជន​ម្នាក់​របស់​បណ្តាញ​ដើម្បី​សន្តិភាព​នៅ​កាឈីន បាន​និយាយ​ថា មនុស្ស​ជាង​៨០០​នាក់​បាន​រត់ចោល​ផ្ទះសម្បែង និង​រកកន្លែង​ជ្រក​គេច​ពីគ្រាប់កាំភ្លើង នៅតាម​វត្ត និង​វិហារ​សាសនា​គ្រឹស្ត។

តំាង​ពី​ខែ​វិច្ឆិកា ពោល​គឺ​បន្ទាប់​ពី​ពួកឧទ្ទាម​កាឈីន​១២​នាក់ ត្រូវ​ទ័ព​រដ្ឋាភិបាល​បាញ់​សម្លាប់ ភាពតានតឹង​កើតមាន​ជាប្រចាំ នៅ​ក្នុង​តំបន់​ភាគខាងជើង​ភូមា។ ​បទឈប់បាញ់​ដែល​មាន​សុពលភាព​អស់​១៧​ឆ្នាំ នៅ​ភូមា ក៏​ត្រូវ​ភាគី​ទាំង​សងខាង រំលោភ មិន​គោរពតាម។ ការប្រទះអាវុធគ្នា​ជាញឹកញយ​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួកឧទ្ទាម​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ១សែននាក់ តាំង​ពី​ឆ្នាំ ២០១១មក ត្រូវ​រត់ភៀសខ្លួន ទៅ​រស់នៅ​តាម​តំបន់​ជាប់​ព្រំដែន​ចិន។

ចាប់តាំង​ពី​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស ឆ្នាំ ១៩៤៨ ភូមា​នៅតែ​រងញាំញី ដោយ​សង្រ្គាម​ស៊ីវិល ក្នុង​ស្រុក​រវាង​អ្នកកាន់​អំណាច​កណ្តាល និងពួក​កុលសម្ព័ន្ធ អ្នកតំណាង​ជនជាតិ​ភាគតិច ដែល​មាន​ច្រើន​ក្រុម​នៅ ភូមា។ កាលពី​ខែ​កញ្ញា​កន្លងទៅ ការប៉ុនប៉ង​ចរចា ដើម្បី​ បទឈប់បាញ់​ថ្នាក់ជាតិ​បាន​ជួប​បរាជ័យ។ ខុសពី​ពួកឧទ្ទាម​របស់​កុលសម្ព័ន្ធ​ចំនួន​១៤​ដែល​បាន​ចុះកិច្ចព្រមព្រៀង​ធ្វើ​បទឈប់បាញ់​ជាមួយ​រដ្ឋាភិបាល ពួកឧទ្ទាម​កាឈីន និង​ស្ហាន នៅ​តែ​មិនព្រម​ចុះញ៉ម​នឹង​រដ្ឋាភិបាល​ភូមា។

នៅ​ពេល​ដែល​ការបោះឆ្នោត​សភា កាន់តែ​ខិត​ចូលមកដល់ នៅ​ចុងឆ្នាំ ២០១៥ រដ្ឋាភិបាល​ស៊ីវិល​ភូមា​ចង់​បាន​បទឈប់បាញ់​ថ្នាក់ជាតិ ជាមួយ​ពួក​ឧទ្ទាម ដើម្បី​បញ្ចុះបញ្ចូល​ អូសទាញ​ទាំង​មតិ​ជាតិ និងអន្តរជាតិ។ ប៉ុន្តែ ការវាយប្រហារ​មិនឈប់​របស់​ទាហាន​រដ្ឋាភិបាល​ទៅលើ​ក្រុមឧទ្ទាម ដែល​មិនសម្របខ្លួន តាម​រដ្ឋាភិបាល បាន​បង្ក​ឲ្យ​មាន​បរិយាកាស​មិនទុកចិត្ត ចំណែក​ការប្រយុទ្ធ​គ្នា នៅ​តែ​បន្ត​មាន នៅ​តាម​តំបន់​ដែល​កាន់កាប់​ដោយ​ពួកកាឈីន និង​ពួក​ស្ហាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ