អានតួអត្ថបទ
ថៃ

មេរោគ​មជ្ឈិមបូព៌ាមែរ (MERS) បាន​ឆ្លង​ចូល​ដល់​ប្រទេស​ថៃ

នៅ​ក្នុង​ប្រទេស​ថៃ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​វត្តមាន​មេរោគ​មជ្ឈិមបូព៌ាមែរ (MERS) លើកទី១ នៅ​ក្នុង​ទីក្រុង​បាងកក។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ប្រទេស​អាស៊ី​ទី២ បន្ទាប់​ពី​កូរ៉េខាងត្បូង​ដែល​ឆ្លង​មេរោគ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ាមែរ (MERS) មាន​ប្រភព​ចេញ​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត។ លោក​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ថៃ​រ៉ាយ៉ាតា រ៉ាយ៉ាតាណាវីន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​វត្តមាន​មេរោគមែរ និង​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ជ្រួលច្របល់។

ក្រុម​បុគ្គលិក​របស់​ក្រុមហ៊ុន Thai Airways កំពុង​បាញ់​ថ្នំា​បង្ការ​មេរោគមែរ​នៅ​ក្នុង​យន្តហោះ
ក្រុម​បុគ្គលិក​របស់​ក្រុមហ៊ុន Thai Airways កំពុង​បាញ់​ថ្នំា​បង្ការ​មេរោគមែរ​នៅ​ក្នុង​យន្តហោះ Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ថៃ​រ៉ាយ៉ាតា រ៉ាយ៉ាតាណាវីន បាន​បញ្ជាក់​ពី​វត្តមាន​មេរោគមែរ​លើកទី១ ក្នុង​ទឹកដី​ថៃ។ យោង​តាម​លោក​រ៉ាយ៉ាតាណាវីន អ្នក​មាន​ផ្ទុក​មេរោគមែរ​មិនមែន​ជា​ជនជាតិ​ថៃ​ទេ តែ​ជា​បុរសជនជាតិ​អូម៉ង់​មាន​អាយុ ៧៥ឆ្នំា​ដែល​បាន​មក​ដល់​ទឹកដី​ថៃ​កាល​ពី​ថ្ងៃទី១៥ មិថុនា​ដើម្បី​ព្យាបាល​ជម្ងឺបេះដូង​នៅ​ក្នុង​មន្ទីរពេទ្យ​ដ៏​ធំ​មួយ​ស្ថិត​​ក្នុង​ទីក្រុង​បាងកក។ គឺ​ជា​មន្ទីរពេទ្យ​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​មក​ពី​តំបន់​មជ្ឈិមបូព៌ា។ លោក​រ៉ាយ៉ាតាណាវីន​បាន​លំអិត​បន្ថែម​ថា នៅ​ពេល​ដែល​បុរស​ជនជាតិ​អូម៉ង់​បាន​មក​ដល់​មន្ទីរពេទ្យ​ឯកជន​ក្នុង​ទឹកដី​ថៃ​ដំបូង រូប​គាត់​មាន​អាការៈ​ក្អក និង​ពិបាក​ដក​ដង្ហើម។ ខណៈ​នេះ រដ្ឋអំណាច​ថៃ​បាន​នំា​យក​សមាជិកគ្រួសារ ៣នាក់​ដែល​នំា​អ្នកជម្ងឺ​មក​ថៃ​ទៅ​រក្សា​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកទេស​ជម្ងឺ​ឆ្លង​ក្នុង​ក្រុង​បាងកក។

ដោយឡែក អ្នកនំាពាក្យ​រដ្ឋាភិបាល​បាន​ប្រកាស​ធានា​ថា ក្រសួង​សុខាភិបាល​កំពុង​​តាម​ដាន​ការ​វិវត្តន៍​របស់​មេរោគមែរ​យ៉ាង​យក​ចិត្ត​ទុកដាក់ ព្រម​ទំាង​ចាត់​វិធានការ​ទៅ​តាម​នីតិវិធី​ពេទ្យ​ដើម្បី​បញ្ជៀស​ការ​ឆ្លង​រាតត្បាត។ ទន្ទឹម​គ្នា​នេះ អ្នកនំាពាក្យ​រដ្ឋាភិបាល​រូប​នេះ​ដដែល​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​រក្សាភាព​ស្ងប់ស្ងាត់​កុំ​ជ្រួលច្របល់ និង​ថា រដ្ឋអំណាច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​រក​អ្នកដំណើរ​ផ្សេង​ទៀត​ដែល​បាន​ជិះ​នៅ​ក្នុង​យន្តហោះ​ជាមួយ​អ្នកជម្ងឺ​ដែល​បាន​មក​ដល់​ទឹកដី​ថៃ​កាល​ពី​ថ្ងៃទី១៥ មិថុនា តាម​ជើង​យន្តហោះ​លេខ WY០៨១៥ របស់​ក្រុមហ៊ុន Oman Air។

ករណី​ឆ្លង​មេរោគមែរ​លើក​ដំបូង​នៅ​ក្នុង​ទឹកដី​ថៃ​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ប្រទេស​អាស៊ី​ទី២ បន្ទាប់​ពី​កូរ៉េខាងត្បូង​ដែល​មេរោគ​មជ្ឈិមបូព៌ាមែរ (MERS) បាន​សម្លាប់​មនុស្ស ២៣នាក់ និង​មាន​អ្នក​ឆ្លង​ចំនួន ១៦២នាក់។ គួរ​រម្លឹក​ជូន​ថា មេរោគមែរ​នេះ​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​អារាប៊ីសាអូឌីត​ដែល​មាន​អ្នក​ស្លាប់ ៤១២នាក់ និង​អ្នក​ឆ្លង​ជាង ៩៥០នាក់ គិត​តំាង​ពី​ឆ្នំា ២០១២។ មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ថ្នំា​វ៉ាក់សំាង​សម្រាប់​ការពារ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ