អានតួអត្ថបទ
កូរ៉េខាងត្បូង

អង្គការ OMS ចង្អុល​មុខ​កូរ៉េខាងត្បូង​ពី​ការ​មើលស្រាល​មេរោគ​មជ្ឈិមបូព៌ា​មែរ (MERS)

នៅ​ថ្ងៃ​ពុធ ទី១៨ មិថុនា អង្គការ​សុខភាពពិភពលោក​ហៅ​កាត់​ថា OMS បាន​ដំឡើង​សម្លេង​ដាក់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ពី​បទ​មិន​បាន​ចាត់​វិធានការ​ខ្លំាងក្លា​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាតត្បាត​មេរោគ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ាមែរ (MERS)។ OMS បាន​សម្គាល់​ឃើញ​ពី​កង្វះ​សមត្ថភាព​របស់​មន្រ្តី​សុខាភិបាល​កូរ៉េខាងត្បូង​លើ​មេរោគ​មែរ​ដែល​ឆ្លង​មក​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ប្រតិកម្ម​ខ្លំាងៗ​របស់ OMS បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​មេរោគ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា​មួយ​នេះ​ទើប​បាន​សម្លាប់​ប្រជាជន​កូរ៉េ​ម្នាក់​ទៀត​នា​ថ្ងៃ​ពុធ ទី១៧ មិថុនា។

លោកស្រី​អគ្គនាយក​​អង្គការ OMS Margaret Chan និង​អគ្គនាយករង លោក Keiji Fukuda
លោកស្រី​អគ្គនាយក​​អង្គការ OMS Margaret Chan និង​អគ្គនាយករង លោក Keiji Fukuda REUTERS/Pierre Albouy
ផ្សាយពាណិជ្ជកម្ម

គិត​តំាង​ពី​ថ្ងៃទី២០ ឧសភា​មក ពោល​តំាង​ពី​មាន​អ្នកជម្ងឺ​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​បាន​វិល​ត្រឡប់​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​វិញ​មក មេរោគ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ាមែរ (MERS) បាន​សម្លាប់​មនុស្ស ២០នាក់ និង​មាន​អ្នក​ឆ្លង​ចំនួន ១៦២នាក់​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ ទឹកដី​កូរ៉េខាងត្បូង​ដែល​កំពុង​ទទួល​រងគ្រោះថ្នាក់​ដោយ​មេរោគ​នេះ​ខ្លំាង​ជាង​គេ បន្ទាប់​ពី​ប្រទេស​អារាប៊ីសាអូឌីត​ដែល​គិត​តំាង​ពី​ឆ្នំា ២០១២ មក មាន​អ្នកឆ្លង​ជាង ៩៥០នាក់ និង​អ្នកស្លាប់ ៤១២នាក់។

អង្គការ​សុខភាពពិភពលលោក​បាន​ទាញ​សញ្ញាអាសន្ន​ដោយ​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ស្ថានការណ៍​ធ្លាក់​ជ្រុល​ហួស​ដូច​នៅ​កូរ៉េខាងត្បូង។ ប្រឈម​នឹង​មេរោគមែរ​នេះ គណៈកម្មាធិការ OMS បាន​បើក​កិច្ចប្រជុំបន្ទាន់​មួយ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ លោក​ហ្វ៊ូគូដា អគ្គនាយករង OMS ទទួល​បន្ទុក​សន្តិសុខ​សុខភាព​បាន​ថ្លែង​នៅ​ក្នុង​សន្និសីតកាសែត​ថា វត្តមាន​មេរោគមែរ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​នៅ​កូរ៉េខាងត្បូង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​យឺតយ៉ាវ​ក្នុង​ទប់ស្កាត់។

អង្គការ OMS ដែល​ទើប​បាន​បញ្ជូន​បុគ្គលិក​មួយ​ក្រុម​ទៅ​កាន់​កូរ៉េខាងត្បូង​បាន​លើក​ករណី​ពី​កង្វះ​ចំណេះដឹង​របស់​បុគ្គល​សុខាភិបាល​ឯកជន និង​រដ្ឋ​នៅ​កូរ៉េខាងត្បូង​ទាក់ទង​នឹង​មេរោគមែរ ព្រម​ទំាង​កង្វះ​វិធានការ​បង្ការឆ្លង​នៅ​ក្នុង​មន្ទីរពេទ្យ។ ករណី​កង្វះ​វិធានការ​បង្ការ​នេះ​ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រុមអ្នជំនាញ​ដែរ ពិសេស​ការ​ដែល​ទុក​បណ្តោយ​ឲ្យ​អ្នកជម្ងឺ​អាច​ទាក់ទង​ជាមួយ​អ្នកផ្សេង​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ។

នៅ​ដើម​សប្តាហ៍​នេះ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហឺ​បាន​គូស​បញ្ជាក់​ថា គេ​មិន​គួរ​ណា​បង្កើត​ឲ្យ​បរិយាកាស​ស្លន់ស្លោ​ខ្លំាង​នៅ​ក្នុង​ចំណោម​មហាជន​ទូទៅ​ទេ តែ​សម្តី​របស់​លោកស្រី​ប៉ាក់ គុនហឺ​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​មួយ​ចោទ​ពី​បទ​បាន​មើលស្រាល​លើ​មេរោគមែរ។ យោង​តាម OMS នៅ​មិន​ទាន់​មាន​ថ្នំា​វ៉ាក់សំាង​សម្រាប់​ការពារ​មេរោគមែរ​ទេ និង​ថា អត្រា​មរណៈ​របស់​មេរោគ​ផ្លូវដង្ហើម​មួយ​នេះ​មាន​ប្រមាណ​ជា ៣៥%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ