អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហុងកុង៖ហេតុអ្វី​បាន​ជា​លទ្ធិប្រជាធិបតេយ្យ​កំពុង​ទទួល​ការ​គំរាមកំហែង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី១៧ មិថុនា សភា​ហុងកុង​ផ្តើម​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​បោះឆ្នោត​ដ៏​ចម្រូងចម្រាស។ តែ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប៉ូលិស​ហុងកុង​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន ១០នាក់ ព្រម​ទំាង​រឹបអូស​បាន​នូវ​សម្ភារៈ និង​គ្រឿងផ្សំ​ជា​ច្រើន​សម្រាប់​ផលិតជាតិ​ផ្ទុះ។ ប៉ូលីស​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ចំណោម​មនុស្ស​ចាប់​ខ្លួន​ទំាង ១០នាក់​នោះ មាន​ម្នាក់​បាន​ប្រកាស​សារភាព​ថា ជា​សកម្មជន​ចេញ​ពី​ចលនាជ្រុលនិយម​មួយ។ ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ក្រុមជ្រុលនិយម​កំពុង​ត្រៀមខ្លួន​រៀបចំ​អំពើហិង្សា​បង្ហូរឈាម​នៅ​ហុងកុង​ដើម្បី​ប្រឆំាង​នឹង​សេចក្តីព្រាងច្បាប់បោះឆ្នោត​នៅ​ហុងកុង​ដែល​ចង្អុលបង្ហាញ​ដោយ​ចិន​ប៉េកំាង។

បាតុករ​ហុងកុង​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​រដ្ឋសភា​ដើម្បី​ប្រឆំាង​នឹង​សេចក្តីព្រាង​ច្បាប់​បោះឆ្នោត​
បាតុករ​ហុងកុង​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​រដ្ឋសភា​ដើម្បី​ប្រឆំាង​នឹង​សេចក្តីព្រាង​ច្បាប់​បោះឆ្នោត​ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​នេះ មាន​ជនសង្ស័យ​តែ ១០នាក់​គត់​ដែល​បាន​ចាប់​ខ្លួន ក្នុង​នោះ មាន​បុរស ៦នាក់ និង​ស្រ្តី ៤នាក់​ដែល​មាន​អាយុ​ពី ២១ ទៅ ៥៨ឆ្នំា។ ជនសង្ស័យ ២នាក់​ដំបូង​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​អាទិត្យ ទី១៤ មិថុនា​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ត្រៀម​ខ្លួន​សាកល្បង​ជាតិផ្ទុះ​នៅ​ក្នុង​បន្ទប់​ពិសោធន៍​មួយ​ស្ថិត​ក្នុង​ស្រុក​សៃគុង​ដែល​ជា​អតីត​ស្រុក​អ្នកនេសាទ និង​ជា​កន្លែង​ដែល​សំបូរ​ដោយ​ពលរដ្ឋ​បស្ចិមលោក​រស់នៅ។ ទន្ទឹម​នឹង​ការ​ចាប់​ខ្លួន​ជនសង្ស័យ ប៉ូលិស​ក៏​រឹបអូស​បាន​សម្ភារៈ និង​គ្រឿងផ្សំ​ជា​ច្រើន​សម្រាប់​ផលិតជាតិ​ផ្ទុះ ពិសេស​ជាតិគីមី​ហៅកាត់ TATP ដែល​ភេរវជន​បាន​ប្រើ​នៅ​ក្នុង​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នំា ២០០៥។ បន្ទាប់​មក ប៉ូលិស​ក៏​បាន​រក​ឃើញ​ផែនទី​ចំនួន​២ផ្ទំាង​ទាក់ទង​នឹង​សង្កាត់ Wan Chai និង Admiralty ដែល​ជា​ទីប្រជុំ​ជន​សំខាន់​ជាង​គេ​នៅ​ហុងកុង។

សំណួរ​ដែល​កំពុង​ចោទ​ឡើង​ពេល​នេះ​គឺ​ថា តើ​ជនសង្ស័យ​ចាប់​ខ្លួន​ទំាង​អស់​ជា​នរណា ចេញ​មក​ពី​ប្រភព​ណា និង​ថា តើ​ពួក​គេ​មាន​បំណង​ធ្វើ​សកម្មភាព​អ្វី​នៅ​លើ​ទឹកដី​ហុងកុង?

បើ​យោង​តាម​ប៉ូលីស មាន​ជនសង្ស័យ​យ៉ាង​តិច​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​ចាប់​ខ្លួន​ទំាង ១០នាក់​ជា​សមាជិក​របស់​គណបក្ស​ឯករាជ្យជាតិ។ តែ​បញ្ហា​នៅ​ត្រង់​ថា​មក​ទល់​ថ្ងៃ​នេះ គេ​មិន​ដែល​ធ្លាប់​ដឹង និង​ធ្លាប់​ឮ​ឈ្មោះ​គណបក្ស​មួយ​នេះ​សោះ​ឡើយ។ ចំណែក​ប្រភព​ព័ត៌មាន​មួយ​ទៀត​ចុះ​ផ្សាយ​ដោយ​កាសែត South China Morning Post ថែម​ទំាង​បាន​ចុះ​ផ្សាយ​សម្តី​របស់​ជនសង្ស័យ​ម្នាក់​ដែល​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា « បំផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់ និង​សម្លាប់​ចោល​ទំាង​អស់​គ្នា សូម​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​មាន​អាយុ​យឺនយូរ »។

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ប្រភព​ផ្លូវការ​ណា​មួយ​ហ៊ាន​ចេញ​មុខ​បញ្ជាក់​ពី​ប្រភព​កំណើត​របស់​គណបក្ស​ឯករាជ្យជាតិ​ដែល​ប្រកាស​ក្តែងៗ​ដោយ​ជនសង្ស័យ​ចាប់​ខ្លួន​នោះ​ទេ តែ​សារព័ត៌មាន​នៅ​ហុងកុង​បាន​នំា​គ្នា​ចុះ​ផ្សាយ​ថា មិនមែន​ជា​គណបក្ស​ទេ តែ​ជា​ចលនា​ជ្រុលនិយម​អនាមិក​មួយ​ដែល​បាន​ចាប់​កំណើត​ចេញ​ពី​ក្បួន​បាតុកម្ម​របស់​សកម្មជន​អ្នក ប្រជាធិបតេយ្យ​កាល​ពី​ខែ​មករា​កន្លង​ទៅ។ មក​ដល់​ត្រង់​ចំណុច​នេះ​នំា​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា កម្មវត្ថុ​របស់​ចលនា​អនាមិក​មួយ​នេះ គឺ​រួមកម្លំាង​ជាមួយ​អ្នកប្រជាធិបតេយ្យ​ដើម្បី​ប្រឆំាង​នឹង​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​របស់​ចិន​ប៉េកំាង​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង។

សូម​ជម្រាប​ជូន​ថា វត្តមាន​លេច​ធ្លោ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ចលនា​អនាមិក​ក្រោម​ឈ្មោះ​គណបក្ស​ឯករាជ្យជាតិ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​សភា​ហុងកុង​ផ្តើម​ជជែក​ដេញដោល​លើ​សេចក្តីព្រាងច្បាប់​បោះឆ្នោត​ថ្មី​មួយ​ដ៏​ចម្រូងចម្រាស។ នៅ​ក្នុង​សេចក្តីព្រាងច្បាប់​បោះឆ្នោត​នោះ រដ្ឋអំណាច​កណ្តាល​នៅ​ប៉េកំាង​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ហុងកុង​អាច​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនំា​របស់​ខ្លួន​ដោយ​ផ្ទាល់​នៅ​ឆ្នំា ២០១៧។ គួរ​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា តំាង​ពី​ប្រទេស​អង់គ្លេស​បាន​ប្រគល់​ដែនដី​ហុងកុង​ទៅ​ចិន​វិញ​ក្នុង​ឆ្នំា ១៩៩៧ មក ប៉េកំាង​បាន​យល់​ព្រម​ឲ្យ​ហុងកុង​មាន​លក្ខន្តិក​ជា​ដែនដី​ស្វ័យ័ត ហើយ​ការ​តែងតំាង​ថ្នាក់ដឹកនំា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​មួយ​មាន​សមាជិក ១ ២០០នាក់ ភាគ​ច្រើន​ជា​អ្នក​មាន​ទំនោរ​រក​ចិនកុម្មុយនិស្ត។

វា​ពិត​ជា​ដំណឹង​ល្អ​មួយ​ដែល​ប៉េកំាង​យល់ព្រម​ផ្តល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ហុងកុង​ជា​អ្នក​រើស​ថ្នាក់ដឹកនំា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង តែ​នេះ​គ្រាន់​ជា​អ្វី​ដែល​ចិន​ធ្វើ​ឲ្យ​ល្អ​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ ព្រោះ​ចូរ​កុំ​ភ្លេច​ថា សេចក្តីព្រាងច្បាប់​បោះឆ្នោត​ថ្មី​ដែល​សភា​ហុងកុង​កំពុង​ជជែក​ពិភាក្សាពេល​នេះ គឺ​ជា​សេចក្តីព្រាងច្បាប់​បោះឆ្នោត Made in China ដែល​ប៉េកំាង​ចង់​ឱបរឹត​ហុងកុង​ឲ្យ​តឹង​ជា​មុន​តែ​ប៉ុណ្ណោះ។ ជាក់ស្តែង ប៉េកំាង​បាន​កំណត់​ឲ្យ​មាន​បេក្ខជន​តែ ២ ឬ ៣នាក់​គត់​ដែល​អាច​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត និង​ដែល​រូប​បេក្ខជន​នោះ​ទៀត​សោត ជា​មនុស្ស​ជ្រើសរើស​ដោយ​ប៉េកំាង។

គឺ​ទង្វើ​របស់​ចិនដីគោក​របៀប​នេះ​ហើយ​ដែល​បាន និង​កំពុង​ដុតកម្តៅ​កំហឹង​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ពិសេស​នៅ​ក្នុង​ចំណោម​សិស្ស និស្សិត។ គេ​ពិត​ជា​នៅ​ចំា​បាន​មិន​ភ្លេច​កាល​ពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នំា ២០១៤ សិស្ស និស្សិត​ហុងកុង​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​សេចក្តីព្រាងច្បាប់​បោះឆ្នោត និង​ទាមទារ​ឲ្យ​ប៉េកំាង​បញ្ឈប់​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង។ ក្បួនបាតុកម្ម​ដែល​គេ​ហៅ​ថា ចលនាឆ័ត្រ​បាន​ធ្វើ​ឲ្យ​សកម្មភាព​នានា​នៅ​កណ្តាល​បេះដូង​ហុងកុង​ជាប់​គំាង​រយៈពេល ៧៩ថ្ងៃ។ បាតុកម្ម​រយៈពេល​ជាង ២ខែ​ដែល​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទំាង​អស់។

ឥឡូវ​នេះ រឿង​ច្រំដែល​បាន​វិល​ត្រឡប់​ជា​ថ្មី​ដែល​លើក​នេះ អាច​នឹង​មាន​កម្តៅ​ក្តៅ​ខ្លំាង​ជា​មុន ព្រោះ​ថា​ទី១ ចំ​ពេល​ដែល​សភា​ហុងកុង​ផ្តើម​ពិនិត្យ និង​ត្រៀម​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​បោះឆ្នោត​នោះ​ឲ្យ​បាន​មុន​ដំណាច់​សប្តាហ៍​នេះ និង​ទី២ ចំ​ពេល​ដែល​មាន​លេច​វត្តមាន​ក្រុមជ្រុលនិយម​ដែល​គ្រោង​អនុវត្ត​វិធានការ​ជ្រុលនិយម និង​ហិង្សា​ដើម្បី​កាច់​ធ្មុង​ប៉េកំាង។ នេះ​ពិត​ជា​រឿង​ថ្មី​ស្រឡាង​ដែល​រហូត​មក​ដល់​ឥឡូវ ហុងកុង​មិន​ដែល​ក្លាយ​ជា​ផ្ទំាងស៊ីប​នៃ​ការ​វាយប្រហារ​តាម​បែប​ភេរវនិយម​ទេ។ តែ​ចិន​ប៉េកំាង​បាន​ព្រមាន​ទុក​ជា​មុន​រួច​ជា​ស្រេច​ថា នឹង​កំចាត់​រាល់​ទង្វើ​ជ្រុលនិយម​គ្រប់​រូបភាព​ឲ្យ​ដល់​ឫសគល់​នៅ​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ