អានតួអត្ថបទ
ភូមា

ភូមា៖លោកស្រី​អ៊ុង សានស៊ូជី​សង្ឃឹម​ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ តែ​បារម្ភ​ពី​ភាព​មិន​ប្រក្រតី​ជា​យថាហេតុ

នៅ​រសៀល​ថ្ងៃ​អង្គារ ទី២៥ សីហា​ម្សិលមិញ លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆំាង​ដ៏​ធំ​នៅ​ភូមា​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​បារំាង AFP។ លោកស្រី​អ៊ុង សានស៊ូជី​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​នោះ​ថា លោកស្រី​មាន​សុទិដ្ឋិនិយម​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​ការ​បោះឆ្នោត​នោះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សេរី យុត្តិធម៌ និង​មាន​តម្លាភាព។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី​នៅ​តែ​ព្រួយបារម្ភ​ពី​ភាព​មិន​ប្រក្រតី​ជា​យថាហេតុ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។

លោកស្រីអ៊ុង សានស៊ូជី
លោកស្រីអ៊ុង សានស៊ូជី REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

មាន​ហេតុផល​ជា​ច្រើន​ដែល​លោកស្រី​អ៊ុង សានស៊ូជី​ហ៊ាន​អះអាង​ថា គណបក្ស​របស់​លោកស្រី​នឹង​ឈ្នះ​ឆ្នោត​នា​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ តែ​ហេតុផល​សំខាន់​នោះ គឺ​ហេតុផល​ប្រវត្តិសាស្រ្ត។ ហេតុផល​ប្រវត្តិសាស្រ្ត គឺ​គេ​ចង់​និយាយ​សំដៅ​លើ​ប្រវត្តិនយោបាយ​ដែល​ប្រទេស​ភូមា​បាន​ឆ្លង​កាត់​តំាង​ពី​ថ្ងៃ​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ក្នុង​ថ្ងៃទី ៤ មករា ឆ្នំា ១៩៤៨។

តំាង​ពី​ឆ្នំា ១៩៦២ មក ប្រទេស​ក្រីក្រ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ស្គាល់​តែ​របប​ដឹកនំា​យោធា​ផ្តាច់ការ។ គឺ​ទើប​តែ​នៅ​៣ឆ្នំា​ចុង​ក្រោយ​នេះ​ទេ ពោល​តំាង​ពី​ឆ្នំា ២០១១ មក​ដែល​ភូមា​បាន​ស្គាល់​របប​ដឹកនំា​ស៊ីវិល តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ថ្នាក់ដឹកនំា​ស៊ីវិល​ជាន់ខ្ពស់​សព្វថ្ងៃ​ក៏​សុទ្ធសឹង​ជា​អតីត​ឧត្តមសេនីយ​ដែល​បាន​យល់​ព្រម​ស្រាក​សម្លៀកបំពាក់​យោធា​ចេញ។ ក្នុង​រយៈពេល ៣ឆ្នំា​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី​ថេន សេន​ដែល​ជា​អតីត​ឧត្តមសេនីយ​ម្នាក់​ដែរ​នោះ​បាន​ផ្តើម​ធ្វើ​កំណែទម្រង់​ច្រើន​ណាស់។

កំណែទម្រង់​របស់​លោក​ថេន សេន​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​ទំនុក​ទុកចិត្ត និង​យល់ព្រម​លើក​ទណ្ឌកម្ម​មួយ​ចំនួន​ចេញ​ពី​ភូមា។ តែ​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​ដ៏​ល្វីងជូរចត់​ដែល​ភូមា​បាន​ឆ្លង​កាត់​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​ឲ្យ​ប្រជាជន​ភូមា​បំភ្លច​ចោល​ដោយ​ងាយៗ​ទេ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ប្រជាជន​ភូមា​ទូទៅ ពិសេស​មនុស្ស​ជំនាន់​ក្រោយ​ពិបាក​ជឿ​ទុក​ចិត្ត​លើ​ថ្នាក់ដឹកនំា​សព្វថ្ងៃ ហើយ​ងាក​​ទៅ​ផ្តល់​ការ​ទុកចិត្ត​លើ​លោកស្រី​អ៊ុង សានស៊ូជី។ រីឯ​រូប​លោកស្រី​អ៊ុង សានស៊ូជី​ខ្លួន​ឯង​ក៏​បាន​យល់​យ៉ាង​ច្បាស់​ចំពោះ​បញ្ហា​នេះ និង​អះអាង​ថា គណបក្ស​របស់​លោកស្រី​អាច​នឹង​បង្កើត​បាន​រដ្ឋាភិបាល​មួយ ហើយ​អាច​ដឹកនំា​ប្រទេស​គ្រាន់​បើ​ជាង​​រដ្ឋាភិបាល​មុនៗ​ទៅ​ទៀត។

តែ​លោកស្រី​អ៊ុង សានស៊ូជី​បាន​ព្រមាន​ទុក​ជា​មុន​រួច​ជា​ស្រេច​ថា ដើម្បី​អាច​ឲ្យ​គណបក្ស​របស់​លោកស្រី​ឈ្នះ​ឆ្នោត​ដឹក​នំា​ប្រទេស​បាន លុះ​ត្រា​ណា​តែ​ការ​រៀបចំ​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី យុត្តិធម៌ និង​មាន​តម្លាភាព​ពិតប្រាកដ។

លោកស្រី​អ៊ុង សានស៊ូជី​បារម្ភ​ចំពោះ​ព្រឹត្តិការណ៍​វិវត្តិន៍​ថ្មីៗ​ចុង​ក្រោយ

នៅ​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ឈាន​មក​ដល់​នា​ថ្ងៃទី៨ វិច្ឆិកា​ខាង​មុខ របបដឹកនំា​សព្វ​ថ្ងៃ​បាន​ជាប់ចោទ​ពី​បទ​បាន​ផ្តើម​បោះ​មួយ​ជំហាន​ថយ​ក្រោយ ដោយ​ពង្រឹង​អំណាច​របស់​ខ្លួន​តាម​រយៈ​ការ​រឹតបន្តឹង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ឬ​មួយ​ក៏​ផ្តើម​ចំណាត់​ការ​លើ​ក្រុម​មនុស្ស​ផ្ទៃក្នុង​បក្ស​ដែល​ខ្លួន​គិត​ថា ជា​អ្នក​ចង់​ដណ្តើម​អំណាច​ពី​ខ្លួន​នា​ពេល​ខាង​មុខ។ ជាក់ស្តែង​ថ្មីៗ​ចុង​ក្រោយ​នេះ គឺ​ការ​កំចាត់​លោក​ស្វេ ម៉ាន​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស។ ការ​ដក​តំណែង​ប្រធាន​គណបក្ស​ពី​លោក​ស្វេ ម៉ាន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ទង្វើ​រៀបចំ​ឡើង​ដោយ​លោក​ថេន សេន និង​បក្សពួក​ទាហាន​របស់​លោក​ក្នុង​គោលដៅ​ពង្រឹង​អំណាច​នៅ​មុន​ការ​បោះឆ្នោត។

ព្រឹត្តិការណ៍​ចុង​ក្រោយ​មួយ​នេះ​ត្រូវ​បាន​លោកស្រី​អ៊ុង សានស៊ូជី​បារម្ភ និង​យល់​ថា ផ្លូវ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ដែល​ភូមា​បាន​សន្យា​នោះ​ហាក់​ដូច​ជា​ឆ្ងាយ​សែន​ឆ្ងាយ​នៅ​ឡើយ។ ក្តីបារម្ភ​មួយ​ទៀត​របស់​លោកស្រី​អ៊ុង សានស៊ូជី គឺ​ការ​យក​សាសនា​ទៅ​ប្រើ​នៅ​ក្នុង​នយោបាយ ព្រោះ​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​កន្លង​ទៅ​នេះ ភូមា​បាន​ស្គាល់​កំណើន​ព្រះពុទ្ធសាសនា​ជ្រុលនិយម​ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុម​ព្រះសង្ឃ​ជ្រុលនិយម​មួយ​ចំនួន។ ថ្មីៗ​នេះ ឥទ្ធិពល​របស់​ក្រុម​ព្រះសង្ឃជ្រុលនិយម​បាន​ចាប់​បង្ខំ​រដ្ឋាភិបាល​ឲ្យ​អនុម័ត​នូវ​ច្បាប់​មួយ​ដែល​មាន​លក្ខណៈ​រើសអើង ពិសេស​រើសអើង​ចំពោះ​ពួក​រ៉ូហ៊ីងយ៉ា​អ្នក​កាន់សាសនា​អ៊ីស្លាម។

គឺ​ហេតុផល​ទំាង​អស់​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​លោកស្រី​អ៊ុង សានស៊ូជី​មាន​មន្ទិល​សង្ស័យ​ចំពោះ​ភាព​មិន​ប្រក្រតី ឬ​ការ​កេងបន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។

អ្វីៗ​វា​អាស្រ័យ​លើ​ឆន្ទៈ​ពិតប្រាកដ​របស់​គណបក្ស​កាន់​អំណាច

ឧបមា​ថា គណបក្ស​លោកស្រី​អ៊ុង សានស៊ូជី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ តើ​លោកស្រី​ពិត​ជា​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនំា​ប្រទេស​ដែរ ឬ​ទេ?។ តែ​មាន​សំណួរ​មួយ​ទៀត​បាន​ចោទ​ឡើង​ថា បើ​គណបក្ស​លោកស្រី​អ៊ុង សានស៊ូជី​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ តើ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​យល់ព្រម​ទទួល​ស្គាល់​ឬ​អត់?។

សំណួរ​ចុង​ក្រោយ​នេះ​ពិត​ជា​គ្មាន​នរណា​ម្នាក់​អាច​ផ្តល់​ចម្លើយ​ច្បាស់​លាស់​​ទេ។ ជា​ការ​ពិត ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី៨ វិច្ឆិកា​ខាង​មុខ គឺ​ជា​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​មួយ​ដែល​គណបក្សសម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី​ត្រូវ​ចូលរួម​ជា​លើកទី១ គិត​តំាង​ពី ២៥ឆ្នំា​កន្លង​ទៅ។ គួរ​ជម្រាប​ជូន​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​មិន​ត្រឹមតែ​ជា​ការ​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ត្រូវ​ជ្រើសរើស​រូប​ប្រធានាធិបតី​ថ្មី​ដែរ​នៅ​ប៉ុន្មាន​ខែ​ក្រោយ​មក។

ដូច្នេះ​ឃើញ​ថា ការ​បោះឆ្នោត​លើក​នេះ​ពិត​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​អាច​ថា ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​រូប​​លោកស្រី​អ៊ុង សានស៊ូជី​ក៏​ថា​បាន​ដែរ។ លោកស្រី​អ៊ុង សានស៊ូជី​ដែល​បាន​ប្រយុទ្ធ​តស៊ូ​ប្រឆំាង​នឹង​របបសឹក​អស់​ជា​ច្រើន​ឆ្នំា​កន្លង​មក។ នៅ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក ពោល​ក្នុង​ឆ្នំា ១៩៩០ គណបក្ស​របស់​លោកស្រី​អ៊ុង សានស៊ូជី​បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង តែ​របបសឹក​បាន​បដិសេធ​មិន​ទទួល​ស្គាល់ និង​ថែម​ទំាង​ចាប់​លោកស្រី​ទៅ​ឃុំ​នៅ​ក្នុង​គេហដ្ឋាន​ទៀត​ផង។

ដូច្នេះ​ឃើញ​ថា អ្វីៗ​វា​មិន​អាស្រ័យ​តែ​លើ​ប្រជាប្រិយភាព និង​សមត្ថភាព​របស់​លោកស្រី​អ៊ុង សានស៊ូជី​ប៉ុណ្ណោះ​ទេ តែ​វា​អាស្រ័យ​ផង​ដែរ​លើ​ឆន្ទៈ​ពិតប្រាកដ​របស់​គណបក្ស​កាន់អំណាច​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ