អានតួអត្ថបទ
ភូមា

ជាប់គុក ២​ឆ្នាំ ដោយសារ​ជេរប្រមាថ​សាសនានៅ​ភូមា

អ្នកនិពន្ធ​សៀវភៅ និង​ជា​សមាជិក​របស់​គណបក្ស​ប្រឆាំង​ភូមា ត្រូវ​បាន​តុលាការ​ភូមា កាត់ទោស នៅថ្ងៃ​អង្គារ​ទី ២ មិថុនា ឲ្យ​ជាប់គុក​ពីឆ្នាំ ក្នុងបទ​បាន​ជេរប្រមាថ​សាសនា។​ប្រជាជន​ភូមា ៨៥ភាគរយ​គោរពជឿ​សាសនា​ព្រះពុទ្ធ។ ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ការពារ​យ៉ាង​រឹងមាំ ដោយ​ក្រុមព្រះសង្ឃ ដ៏​មាន​ឥទ្ធិពល ដែល​ជា​អ្នកញុះញង់​ឲ្យ​មាន​នយោបាយ​ស្អប់​អ្នកកាន់​សាសនា​អ៊ីស្លាម​នៅភូមា។ 

ក្រុម​ព្រះសង្ឃ​ភូមា ជាតិនិយម​ជ្រុល​ដូចជា​ចលនា ៩៦៩​ដឹកនាំ​ប្រជាជន​ភូមា​ធ្វើ​បាតុកម្មតប​នឹង​ការរិះគន់​របស់​បរទេស ក្នុង​រឿង​គ្រប់គ្រង​ជនជាតិ​រ៉ូហ៊ីងយ៉ា
ក្រុម​ព្រះសង្ឃ​ភូមា ជាតិនិយម​ជ្រុល​ដូចជា​ចលនា ៩៦៩​ដឹកនាំ​ប្រជាជន​ភូមា​ធ្វើ​បាតុកម្មតប​នឹង​ការរិះគន់​របស់​បរទេស ក្នុង​រឿង​គ្រប់គ្រង​ជនជាតិ​រ៉ូហ៊ីងយ៉ា ®REUTERS/Aubrey Belford
ផ្សាយពាណិជ្ជកម្ម

ទីន លីនអូ (Htin Lin Oo) ជា​អ្នកនិពន្ធ និង​ជា​មនុស្ស​ស្និទ្ធ​នឹង​លោកស្រី អ៊ុងសាន ស៊ូជី ក្នុង​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ភូមា​ចាប់ឃុំ​ខ្លួន តាំង ពី​ខែ​ធ្នូ ឆ្នាំ ២០១៤ បន្ទាប់​ពី​លោក​បាន​ថ្លែង និង​ផ្សព្វផ្សាយ​សុន្ទរកថា​របស់​លោក ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​បាន​បង្ក​ឲ្យ​មាន​កំហឹង​ដុតរោល​ក្នុង​ចំណោម​ព្រះសង្ឃ​ភូមា។

 
តាម​មេធាវី​របស់​លោក​ទីន លីនអូ កូនក្តី​របស់​លោក​គ្រាន់​តែ​បាន​និយាយ​រិះគន់​រាល់អ្នក​ដែល​យក​ឈ្មោះ​ព្រះពុទ្ធ ឈ្មោះ​សាសនា និង​ឈ្មោះ​ជាតិ មក​ប្រើ​ដើម្បី ញុះញង់​ឲ្យ​មាន​ការស្អប់ និង​ឈ្លោះគ្នា។ គឺ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នកនិពន្ធ​ភូមា ត្រូវ​តុលាការ​របស់​ខេត្ត​ចូងអូ ប៉ែកកណ្តាល​ភូមា សម្រេច នៅ​ថ្ងៃ​អង្គារ កាត់ទោស លោក​ឲ្យ​ជាប់​គុក ២​ឆ្នាំ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty international បាន​រិះគន់​ការសម្រេចចិត្ត​របស់​តុលាការ និង​ចាត់ទុក​លោក​ទីន លីនអូ​ជា​អ្នកទោស​មនសិការ។ សម្រាប់​Amnesty internatilonal ដោយ​អយុត្តិធម៌ លោក​ទីន លីនអូ ត្រូវ​បាន​កាត់ទោស ដោយសារ​តែ​លោក​បញ្ចេញ​យោបល់ ដើម្បី​ជំរុញ​ការយោគយល់​អធ្យាស្រ័យ រវាង​អ្នកកាន់​សាសនា​ខុសគ្នា ក្នុង​ប្រទេស​ភូមា។

ចាប់តាំង​ពី​ដើម​ឆ្នាំនេះ លោក​ទីន លីនអូ​ជា​មនុស្ស​ទី ៤​ដែល​តុលាការ​ភូមា​កាត់ទោស​ឲ្យ​ជាប់គុក ក្នុង​បទ​ជេរ​ប្រមាថ​ពុទ្ធសាសនា។ កាលពី​ខែ​មីនា​កន្លងទៅ ជនជាតិ​នូវែលហ្សេឡង់​ម្នាក់ និង​សហជីវិន​ពីរនាក់ ត្រូវ​បាន​តុលាការ​ប្រកាស​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​២​ឆ្នាំ​កន្លះ និង​ចាប់បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់ ដោយសារ​តែ​ពួកគេ​ទាំង​៣​នាក់​បាន​យក​រូបព្រះពុទ្ធ​ទៅ​កែច្នៃ ធ្វើ​ជា​រូបផ្សាយ​ពាណិជ្ជកម្ម ឲ្យ​រង្គសាល​របស់ពួកគេ។ អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ បារម្ភ​ថា ភូមា​ដែល​ទើប​ទ្វារ ធ្វើកំណែទម្រង់​នយោបាយ អាច​នឹង​ដើរ​ថយក្រោយ។ ផ្ទុយ​ពី​ការសន្យា​ដោះលែង​រាល់​អ្នកទោស​នយោបាយ អាជ្ញាធរ​ភូមា ដែល​ទទួល​ការញុះញង់​ពី​ក្រុមពុទ្ធសាសនិក ជាតិ​និយម ជ្រុល កំពុង​យក​លេស​សាសនា ដើម្បី​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ចាប់ចង ក្រុមអ្នកប្រឆាំង​នឹង​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ