អានតួអត្ថបទ
ភូមា

តុលាការ​ភូមា​កាត់ទោស​ជនជាតិ​នូវែលសេឡង់​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំកន្លះ​ពី​បទ​ប្រមាថ​ពុទ្ធសាសនា

ជនជាតិ​នូវែលសេឡង់​ម្នាក់ រួម​ជាមួយ​នឹង​ជនជាតិ​ភូមា​ពីរនាក់​ផ្សេងទៀត ត្រូវ​បាន​តុលាការ​ភូមា​កាត់ទោស​នៅថ្ងៃ​អង្គារ​នេះ​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ២ឆ្នាំ​កន្លះ ក្រោម​បទចោទប្រកាន់​ថា​បាន​ប្រមាថ​ពុទ្ធសាសនា។ អង្គការ​សិទ្ធិមនុស្ស​វិញ​បាន​ហៅ​ការ​កាត់ទោស​នេះ​ថា​ជា​ការ​រំលោភ​លើ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ។

លោក Philip Blackwood នៅ​ពេល​ចេញ​ពី​សវនាការ​ស្តាប់​ការ​សម្រេចទោស​របស់​តុលាការ​ក្រុង​រ៉ង់ហ្គូន ថ្ងៃ​អង្គារ ទី១៧ មីនា ២០១៥
លោក Philip Blackwood នៅ​ពេល​ចេញ​ពី​សវនាការ​ស្តាប់​ការ​សម្រេចទោស​របស់​តុលាការ​ក្រុង​រ៉ង់ហ្គូន ថ្ងៃ​អង្គារ ទី១៧ មីនា ២០១៥ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

លោក Philip Blackwood រួមជាមួយ​នឹង​សហការី​ជនជាតិ​ភូមា​ពីរនាក់​ផ្សេងទៀត ដែល​ជា​ម្ចាស់ និង​ជា​អ្នក​គ្រប់គ្រង​រង្គសាល​មួយ នៅ​ទីក្រុង​រ៉ង់ហ្គូន ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២ឆ្នាំ​កន្លះ ដោយ​តម្រូវ​ឲ្យ​ធ្វើការ​ជា​ទម្ងន់ ដោយសារ​តែ​ពួកគេ​បាន​យក​ពុទ្ធរូប​ទៅប្រើ​ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ហាង​របស់​ពួកគេ។

កាលពីខែ​ធ្នូ លោក Philip Blackwood បាន​ធ្វើការ​ចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​នូវ​រូបថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រង្គសាល​របស់​ខ្លួន​​ ដោយ​បង្ហាញ​ពី​រូប​ព្រះពុទ្ធ​ពាក់​កាស​ស្តាប់ភ្លេង​ជា​របៀប DJ ដែល​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ផុសផុល ពី​សំណាក់​ព្រះសង្ឃ និង​សាធារណមតិ​​ជាទូទៅ នៅ​ទូទាំង​ប្រទេស​ភូមា។

នៅ​ក្នុង​សវនាការ​ជំនុំជម្រះក្តី ជនជាប់ចោទ​ទាំង​ ៣រូប បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ចុះផ្សាយ​រូបថត​ពិតមែន ក៏ប៉ុន្តែ បាន​បដិសេធ​ថា ពួកគេ​មិនមាន​ចេតនា​ប្រមាថ​ចំពោះ​ពុទ្ធសាសនា​នោះទេ ហើយ​ពួកគេ​ក៏​បាន​ធ្វើការ​សុំទោស​ជា​សាធារណៈ​ចំពោះ​ទង្វើ​របស់​ពួកគេ​ផងដែរ។ ការ​ឆ្លើយ​ការពារខ្លួន​នេះ​មិន​ត្រូវ​បាន​​​​តុលាការ​ទទួល​យក​នោះទេ ដោយ​ចៅក្រម​តុលាការ​ក្រុងរ៉ង់ហ្គូន​បាន​​កំណត់​ថា លោក Philip Blackwood មាន​ចេតនា​ប្រមាថ​ពុទ្ធសាសនា​ពិតប្រាកដ នៅ​ពេល​ដែល​គាត់​ចុះផ្សាយ​រូប​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch បាន​ចេញ​សេចក្តីថ្លែងការណ៍​​​មួយ​ភ្លាមៗ នៅថ្ងៃ​អង្គារ​នេះ ដោយ​បាន​​រិះគន់​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​រ៉ង់ហ្គូន​ថា​ ជា​ការ​ប៉ះពាល់​ទៅដល់​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ ព្រមទាំង​បាន​លើកឡើង​ថា អាជ្ញាធរ​ភូមា​គួរតែ​ទទួល​យក​នូវ​ “ការ​សុំទោស​​ជា​សាធារណៈ និង​ដោយ​ស្មោះ​អស់​ពីចិត្ត​ របស់​ជនជាប់ចោទ​ទាំង៣​ ហើយ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាពវិញ​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ”។

គួរបញ្ជាក់ថា នៅ​ក្នុង​រយៈពេល​ថ្មីៗ​នេះ សហគមន៍​អន្តរជាតិ​បាន​នាំគ្នា​សម្តែង​នូវ​ក្តីព្រួយបារម្ភ ចំពោះ​ការ​កើនឡើង​នៃ​ចលនា​ជាតិនិយម​ពុទ្ធសាសនា និង​អំពើ​ហិង្សា​សាសនា ដែល​បាន និង​កំពុង​កើតមាន​ឡើង នៅ​ក្នុង​ប្រទេស​ភូមា ជាពិសេស អំពើ​ហិង្សា រវាង​អ្នក​កាន់​ពុទ្ធសាសនា ដែល​ជា​សាសនាភាគច្រើន និង​អ្នក​កាន់​សាសនា​អ៊ីស្លាម ដែល​ជា​សាសនា​ភាគតិច។ ការរិះគន់​បាន​កើតមាន​ឡើង​ខ្លាំង​​ទៅលើ​គម្រោង​បង្កើត​ច្បាប់មួយ ដើម្បី​រឹតបន្តឹង​​ការ​រៀបអាពាហ៍​ពិពាហ៍​រវាង​អ្នកកាន់​ពុទ្ធសាសនា និង​អ្នក​កាន់​សាសនា​ផ្សេង។ សេចក្តីព្រាងច្បាប់ ដែល​រដ្ឋាភិបាល​របស់​លោក​ថេន សេន បាន​រៀបចំ​ធ្វើឡើង ទៅតាម​ញត្តិ​ទាមទារ​របស់​ព្រះសង្ឃ​មួយ​ក្រុម ដែល​គេ​ចាត់ទុក​ថា​ជា​អ្នក​មាន​គំនិត​ជ្រុលនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ