អានតួអត្ថបទ
ជប៉ុន

ច្បាប់​ការពារជាតិ​ជប៉ុន​ត្រូវបាន​អនុម័ត​ជា​ស្ថាពរ​តែ​ក្រុមប្រឆាំង​នៅតែ​បន្ត​តវ៉ាជំទាស់

ច្បាប់​ការពារជាតិ​ថ្មី​ ដែល​មាន​គោលដៅ​ពង្រីក​តួនាទី​កងទ័ព​ជប៉ុន​នៅ​បរទេស ត្រូវ​បាន​អនុម័ត​ជា​ស្ថាពរ​នៅ​ព្រឹកព្រលឹម​ថ្ងៃ​សៅរ៍នេះ ក្រោយ​ពី​មាន​ការ​តស៊ូមតិ​យ៉ាង​តឹងតែង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ រហូត​មាន​ការ​ប្រទូស្តរាយគ្នា​ នៅ​ក្នុង​ព្រឹទ្ធសភា​។ ក៏ប៉ុន្តែ បើទោះបីជា​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ជា​ស្ថាពរ​រួចហើយ​ក៏ដោយ ក្រុមអ្នក​ប្រឆាំង​នៅតែ​បន្ត​ធ្វើការ​តវ៉ា​ជំទាស់ ដោយ​ទាមទារ​ឲ្យ​លុបច្បាប់​នេះ​ចោលវិញ។

សមាជិក​សភា​មក​ពី​គណបក្ស​កាន់អំណាច​ទះដៃ​អបអរសាទរ​ក្រោយ​ការ​អនុម័ត​ច្បាប់​ការពារជាតិ ព្រឹកថ្ងៃ​សៅរ៍ ១៩កញ្ញា ២០១៥
សមាជិក​សភា​មក​ពី​គណបក្ស​កាន់អំណាច​ទះដៃ​អបអរសាទរ​ក្រោយ​ការ​អនុម័ត​ច្បាប់​ការពារជាតិ ព្រឹកថ្ងៃ​សៅរ៍ ១៩កញ្ញា ២០១៥ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

ជាលើកទី១ នៅ​ក្នុងរយៈពេល ៧០ឆ្នាំ គឺ​ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោកលើកទី២​មក ជប៉ុន​​​មាន​ច្បាប់​ថ្មី​មួយ ដែល​បើក​ផ្លូវ​ឲ្យ​កងទ័ព​ជប៉ុន​អាច​ត្រូវ​ដាក់​ពង្រាយ​ទៅ​បរទេស ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​សម្ព័ន្ធមិត្ត បើទោះបីជា​ជប៉ុន​មិន​ទទួល​រងការ​វាយប្រហារ​ដោយ​ផ្ទាល់​ក៏ដោយ។

សម្រាប់​លោក​ស្ហ៊ីនហ្សូ អាបេ និង​គណបក្ស​អភិរក្ស​និយម​របស់​លោក ច្បាប់​ការពារជាតិ​ថ្មីនេះ​ គឺ​ជា​ការ​ចាំបាច់​ ដើម្បី​​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​​ប្រទេស​ចិន និង​កូរ៉េ​ខាងជើង។ ក៏ប៉ុន្តែ ក្រុម​អ្នក​ប្រឆាំង​វិញ​យល់ថា ច្បាប់​នេះ​អាច​នឹង​ទាញ​ជប៉ុន​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម​នៅ​ឯ​បរទេស ហើយ​ដែល​មិន​ជាប់ពាក់ព័ន្ធ​នឹង​សន្តិសុខជាតិ​របស់​ជប៉ុន។

សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​បាន​អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា បើទោះបីជា​ច្បាប់​ការពារជាតិ​ថ្មីនេះ​ត្រូវ​បាន​អនុម័ត​ជាស្ថាពរ​ហើយ​ក៏ដោយ ក៏ពួកគេ​នឹង​មិនបញ្ឈប់​ការ​តវ៉ា​ប្រឆាំង​តែ​ត្រឹមនេះ​នោះដែរ។ នៅ​ខាង​ក្រៅ​វិមាន​សភា មនុស្ស​ប្រមាណ​ជា ៣០០នាក់​បាន​នាំគ្នា​ប្រមូលផ្តុំ​គ្នា​ តវ៉ា​ទាមទារ​ឲ្យ​លុបច្បាប់​នេះ​ចោលវិញ។ ក្នុងពេល​ជាមួយគ្នា គណបក្ស​ប្រឆាំង រួមជាមួយ​នឹង​ក្រុម​អ្នក​ជំនាញ​ខាង​នីតិ​ធម្មនុញ្ញ​ជប៉ុន កំពុងតែ​សិក្សា​អំពី​គម្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅតុលាការ​ ប្រឆាំង​នឹង​ច្បាប់​ថ្មី​នេះ ដែល​ពួកគេ​យល់ថា​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់​ជប៉ុន។

គួរបញ្ជាក់ថា ក្រៅពី​ចលនា​ប្រឆាំង​នៅក្នុង​ស្រុក ច្បាប់​ការពារជាតិ​ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល​របស់​លោក​ស្ហ៊ីន​ហ្សូ អាបេ ក៏​ទទួល​រងនូវការ​រិះគន់​យ៉ាង​ខ្លាំង​ផងដែរ​ពី​​​ប្រទេស​ជិតខាង គឺ​ចិន និង​កូរ៉េ​ខាង​ត្បូង ដែល​​ជាអតីត​ប្រទេស​រងគ្រោះ​ដោយ​នយោបាយ​យោធា​និយម​របស់​ជប៉ុន​ពី​អតីតកាល។ ផ្ទុយទៅវិញ​ ប្រទេស​សម្ព័ន្ធមិត្ត​របស់​ជប៉ុន ជាពិសេស អាមេរិក និង​អូស្រ្តាលី ព្រមទាំង​ហ្វីលីពីន ដែល​កំពុងតែ​ជាប់ជម្លោះ​ដែន​សមុទ្រ​ជាមួយចិន សុទ្ធតែ​បាន​នាំគ្នា​អបអរសាទរ​កំណែទម្រង់​វិស័យ​ការពារជាតិ​របស់​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ