អានតួអត្ថបទ
ជប៉ុន

តំណាង​រាស្ត្រ​ជប៉ុន​ប្រវាយ​ប្រតប់​គ្នា ​រឿង​អនុម័ត​ច្បាប់​ការពារ​ជាតិ​ថ្មី

គម្រោងច្បាប់​ការពារ​ជាតិ​ជប៉ុន​ថ្មី​ ដែល​អនុញ្ញាត​ឲ្យ​ជប៉ុន​ អាច​បញ្ជូន​កងទ័ព ​ទៅ​ធ្វើ​បេសកកម្ម​នៅ​បរទេស​ ជួយ​សម្ព័ន្ធមិត្ត ​កំពុងតែ​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​ព្រឹទ្ធសភា ​យ៉ាង​ក្តៅ​គគុក។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង ​បាន​ព្យាយាម​រារាំង​ការ​ពិភាក្សា​គ្នា ​ជា​ច្រើន​លើក​ ​ហើយ​ដែល​ឈាន​ទៅ​ដល់​ការ​ប្រវាយ​ប្រតប់​គ្នា ​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុង​សភា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ​១៧​កញ្ញា​នេះ។ ចំណែក​នៅ​ខាង​ក្រៅ ​តាម​ផ្លូវ​ឯណោះ​វិញ ​ប្រជាជន​ជប៉ុន​ជាង​ ១ម៉ឺន​នាក់ ​បាន​ធ្វើ​បាតុកម្ម ​ទាមទារ​កុំឲ្យ​សភា​ជប៉ុន ​អនុម័ត​គម្រោង​ច្បាប់​ ដ៏​ចម្រូង​ចម្រាស​នេះ។

លោកស្រី Hiroe Makiyama តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ឡើង​ជាន់​ពី​លើ​​តំណាងរាស្ត្រ​ផ្សេងៗ​ ដែល​ខំការពារ​កុំឲ្យគេ​ចូល​ទៅ​វាយ​លោក​​ប្រធានគណ​កម្មការពិ​សេស​កិច្ច​ការពារជាតិ​
លោកស្រី Hiroe Makiyama តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ឡើង​ជាន់​ពី​លើ​​តំណាងរាស្ត្រ​ផ្សេងៗ​ ដែល​ខំការពារ​កុំឲ្យគេ​ចូល​ទៅ​វាយ​លោក​​ប្រធានគណ​កម្មការពិ​សេស​កិច្ច​ការពារជាតិ​ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ជប៉ុន​ ដែល​គេ​ទទួល​ស្គាល់​ថា ​ជា​មនុស្ស​ស្ងប់ស្ងាត់ ​ប៉ុន្តែ​ពេល​នេះ ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ដោយសារ​មាន​ការ​ប្រទូស្តរាយ ​រុញ​ច្រាន​គ្នា​ យ៉ាង​អាណាធិបតេយ្យ ​រវាង​តំណាងរាស្រ្ត​ជប៉ុន ​នៅ​ក្នុង​ព្រឹទ្ធសភា ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង ​ ក្នុង​ខណៈពេល​ដែល​តំណាង​រាស្រ្ត​ជប៉ុន​ទាំង​អស់ ​ប្រជុំ​ពិភាក្សា​គ្នា ​លើ​គម្រោង​ច្បាប់​ការពារ​ជាតិ​ថ្មី ​ ដែល​ច្បាប់​នេះ ​និង​អនុញ្ញាត​ ឲ្យ​ជប៉ុន​ អាច​បញ្ជូន​កងទ័ព ​ទៅ​ធ្វើ​បេសកកម្ម​ នៅ​បរទេស ​ដើម្បី​ជួយ​ប្រទេស​សម្ព័ន្ធមិត្ត។

 
ក្រុម​​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ជប៉ុន​ បាន​នាំគ្នា​ស្រែក​តវ៉ា ​និង​ឡោមព័ទ្ធ ​លោក​តំណាង​រាស្ត្រ ​Masahito Sato ​ដែល​​ជា​ប្រធាន​គណកម្មការ​ពិសេស​ទទួល​បន្ទុក​កិច្ច​ការពារ​ជាតិ ​ហើយ​បាន​យក​ដៃ​រុញច្រាន​រូប​លោក​ចុះឡើង​ បង្ករ​​​ជា​ការ​ប្រវាយ​ប្រតប់​គ្នា ​យ៉ាង​ចលាចល។ តាម​ការ​ពិត​ទៅ​ ការ​ពិភាក្សា​គ្នា ​បាន​ធ្វើឡើង​តាំងតែ​ពី​យប់​ថ្ងៃ​ពុធ ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​ត្រូវ​អាក់ខាន ​ដោយសារ​តែ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ​​បាន​រារាំង ​ខ្ទប់ទ្វារ​មិន​ឲ្យ​មាន​ការ​ពិភាក្សា។

ភ្លាមៗ ​ក្នុង​ហេតុការណ៍​ដ៏​រញ៉េរញ៉ៃ​នេះ ​លោក​ Tetsuro Fukuyama​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ បាន​ចាប់​កាន់​ក្បាល​​មីក្រូ ​ស្រែក​ទាំង​អួល​ដើមក ​ដែល​មាន​ខ្លឹមសារ​ជា​អាទិ៍​ថា៖ ​ “រដ្ឋាភិបាល​មិន​អាច​ធ្វើអ្វី​ស្រេច​តែ​ចិត្ត​ ដោយ​អាង​តែខ្លួន​ មាន​សម្លេង​ភាគ​ច្រើន ​ក្នុង​សភា​នោះ​ទេ។ រដ្ឋាភិបាល​ត្រូវតែ​ស្តាប់​យោបល់ ​របស់​ប្រជាជន​ជប៉ុន​ទូទៅ។”

ជា​ការ​ពិតណាស់​ អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយ ​មាន​ប្រជាជន​ជប៉ុន​ជាង​មួយ​ម៉ឺន​នាក់ ​បាន​ដើរ​ធ្វើ​បាតុកម្ម ​ស្ទើរតែ​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ លោក​ស៊ិនហ្សូអាបេ ​បោះបង់​ចោល​គម្រោង​ច្បាប់​នេះ។ នៅ​យប់​ថ្ងៃ​ពុធ ​មាន​មនុស្ស​ប្រមាណ​ជា​១៣០០០​នាក់​ ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​សភា។ តាម​ការ​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ជប៉ុន ​យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​១៣​នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន ​ពី​បទ​បង្ករ​ចលាចល ​និង​រារាំង​សមត្ថកិច្ច​ប៉ូលីស។

សូម​បញ្ជាក់​ថា ​គម្រោង​ច្បាប់​ការពារ​ជាតិ ​ដែល​ស្នើ​ឡើង​​ ដោយ​រដ្ឋាភិបាល​លោក​ស៊ិនហ្សូអាបេ ​បាន​ប៉ះ​ពាល់​​​​យ៉ាង​ខ្លាំង​ ទៅ​លើ​រដ្ឋធម្មនុញ្ញ​ជប៉ុន​ ដែល​បាន​កំណត់​ឲ្យ​ជប៉ុន​ ក្លាយ​ជា​ប្រទេស​សន្តិភាព​ មិន​ចូល​រួម​សង្រ្គាម​​ណា​ទាំង​អស់ ​ចាប់​តាំង​ពី​ចប់​សង្រ្គាម​លោក​លើក​ទីពីរ។ ជាមួយ​នឹង​មេរៀន ​ពី​អតីតកាល ​ប្រជាជន​ជប៉ុន​ទូទៅ​ រឹងរូស ​មិន​ចង់​ឲ្យ​ជប៉ុន​ ទៅ​ប្រលាក់​ប្រឡូស ​ក្នុង​សង្រ្គាម​ ណា​មួយ​ផ្សេង​ទៀត​ទេ។ ប៉ុន្តែ​លោក ​ស៊ិនហ្សូអាបេ ​បាន​អះអាង​ថា ​ពេល​នេះ​ជា​យុគសម័យ​ថ្មី ​ជាមួយ​នឹង​បរិបទ​នយោបាយ​អន្តរជាតិ​ថ្មី ​ដែល​ជប៉ុន​ត្រូវតែ​បត់បែន​តាម។ ជា​ពិសេស ​ស្ថិត​ក្នុង​កាលៈទេសៈ ​ដែល​ចិន​កំពុង​តែ​វាទទី​ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​វា​គឺ​ជា​ករណីកិច្ច​របស់​ជប៉ុន​ ក្នុង​ការ​សហការ​ ជួយ​សម្ព័ន្ធ​មិត្ត ​ដើម្បី​រក្សា​សន្តិភាព ​និង​ស្ថិរភាព​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ