អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី​បិទ​ព្រលានយន្តហោះ​បាលី​សាជាថ្មី​ដោយសារ​តែ​ផ្សែង​ភ្នំភ្លើង

ការធ្វើ​ដំណើរតាមផ្លូវ​អាកាស នៅ​​តំបន់​ទេសចរណ៍​ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ត្រូវ​ជួប​នឹង​បញ្ហា​រអាក់រអួល​សាជាថ្មី​ម្តងទៀត នៅថ្ងៃ​អាទិត្យ​នេះ ក្រោយ​ពី​អាជ្ញាធរ​សម្រេច​ផ្អាក​ដំណើរការ​ព្រលានយន្តហោះ​នៅកោះបាលី ដោយសារ​តែ​មានការ​រំខាន​ពី​ផ្សែង​ភ្នំភ្លើង។ អាជ្ញាធរ​បាន​បិទព្រលានយន្តហោះ​បាលី​នេះ​ទៅវិញ តែមួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​បាន​បើក​ឲ្យ​ដំណើរការ​ កាល​ពីថ្ងៃ​សៅរ៍ម្សិលមិញ ដើម្បី​បើក​ផ្លូវ​ឲ្យ​​អ្នក​ទេសចរបរទេស​​ធ្វើ​ដំណើរត្រឡប់​ទៅ​ស្រុកគេ​វិញ។

អ្នកដំណើរ​​កំពុងសម្រាក​នៅ​ក្នុង​ព្រលាន​យន្តហោះ​បាលី ដោយសារ​តែ​ជើងហោះហើរ​របស់​ពួកគេ​ត្រូវ​លុបចោល កាលពីថ្ងៃ​ទី១០ កក្កដា ២០១៥
អ្នកដំណើរ​​កំពុងសម្រាក​នៅ​ក្នុង​ព្រលាន​យន្តហោះ​បាលី ដោយសារ​តែ​ជើងហោះហើរ​របស់​ពួកគេ​ត្រូវ​លុបចោល កាលពីថ្ងៃ​ទី១០ កក្កដា ២០១៥ AFP PHOTO / SONNY TUMBELAKA
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ ដែល​ភ្នំភ្លើង​នៅលើ​កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី បាន​ផ្ទុះ​​បញ្ចេញ​ផ្សែង​និង​ផេះ​ដេដាស​ទៅក្នុង​បរិយាកាស ហើយ​ចាប់ពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ផ្សែងភ្នំភ្លើង​ដ៏​ក្រាសឃ្មឹកនេះ​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បិទ​ព្រលាន​យន្តហោះ​ជាច្រើន​កន្លែង ក្នុងនោះ​ក៏​មាន​ព្រលានយន្តហោះ​នៅ​​តំបន់​ទេសចរណ៍​នៅ​កោះ​បាលី​ផងដែរ ដែល​ជាហេតុ​ធ្វើ​ឲ្យ​អ្នក​​ទេសចរ​បរទេស​រាប់ពាន់នាក់​ត្រូវ​ជាប់គាំង​ដំណើរ។

កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ ព្រលាន​យន្តហោះ​នៅ​បាលី​នេះ ត្រូវ​បាន​អាជ្ញាធរ​​បើក​ឲ្យ​ដំណើរការ​ឡើងវិញ ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​ទេសចរ​ធ្វើ​ដំណើរ​ចេញ​ពី​កោះបាលី។ ក៏ប៉ុន្តែ មិនដល់​​២៤ម៉ោង​ក្រោយមក អាជ្ញាធរ​ក៏​បាន​សម្រេច​បិទ​ព្រលាន​យន្តហោះ​នេះ​ទៅវិញ ស្ទើរតែ​ពេញ​មួយថ្ងៃ​អាទិត្យ​នេះ ដោយសារ​តែ​គេសង្កេតឃើញ​ថា ខ្យល់​បាន​ប្តូរទិសដៅ ហើយ​បក់​នាំ​ផ្សែង​ភ្នំភ្លើងឲ្យ​ត្រឡប់​មក​កាន់​កោះ​បាលី​វិញ។

មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ីបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ព្រលាន​យន្តហោះ​បាលី​បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ។

យោងតាម​អ្នក​ជំនាញ​ភ្នំភ្លើង គិត​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​នេះ ភ្នំភ្លើង Raung នៅ​លើ​កោះជ្វា​ប្រទេស​ឥណ្ឌូណេស៊ី នៅតែ​បន្ត​ផ្ទុះ ដោយ​​​បញ្ចេញ​ផ្សែង​លាយ​ផេះ រហូត​ទៅដល់​រយៈកម្ពស់​ប្រមាណ​ជា ១ពាន់​ម៉ែត្រ។ គួរបញ្ជាក់ថា ភ្នំភ្លើង Raung នេះ គឺ​ជា​ភ្នំភ្លើងមួយ ក្នុង​ចំណោម​ភ្នំភ្លើង​ទាំង ១២៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​គេ​ចាត់ទុក​ថា​ជា​ភ្នំភ្លើង​សកម្ម អាច​នឹង​ផ្ទុះឡើង​នៅ​គ្រប់ពេល។

ផ្សែងភ្នំភ្លើង​ ដែល​មាន​លាយ​ផេះ​ដ៏​ក្រាសឃ្មឹក គឺ​ជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ​ចំពោះ​យន្តហោះ។ គេ​នៅចាំបាន​ថា កាល​ពី​ឆ្នាំ​១៩៨២ យន្តហោះ​ធុន​ប៊ូអ៊ីង ៧៤៧ របស់​ក្រុមហ៊ុន British Airways ត្រូវ​រលត់ម៉ាស៊ីន​ទាំង៤ នៅ​ពេល​ហោះកាត់​ផ្សែងភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ី។ ហេតុការណ៍​ស្រដៀងគ្នា​នេះ​ក៏​បាន​កើតមានឡើង​ដែរ ទៅលើ​យន្តហោះ​​ធុន​ប៊ូអ៊ីង ៧៤៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ហូឡង់ នៅ​ពេលហោះ​កាត់​ផ្សែង​ភ្នំភ្លើង​នៅ​រដ្ឋ​អាឡាស្កា សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ សំណាងល្អ នៅ​ក្នុងហេតុការណ៍​ទាំងពីរ​នេះ អ្នក​បើកបរយន្តហោះ​សុទ្ធតែ​អាច​បញ្ចៀស​គ្រោះថ្នាក់ ហើយ​ធ្វើការ​ចុះចត​យន្តហោះ​ជា​បន្ទាន់​ប្រកប​ដោយ​ជោគជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ