អានតួអត្ថបទ
អឺរ៉ុប

ចរាចរណ៍​ផ្លូវអាកាស​នៅអឺរ៉ុប​ជាប់គាំង​ដោយ​មកពី​ផេះ​ភ្នំភ្លើង

ចរាចរណ៍​ផ្លូវអាកាស នៅអឺរ៉ុប​ប៉ែក​ខាងជើង ត្រូវ​បាន​ជាប់គាំង​ទាំងស្រុង ដោយ​បណ្តាល​មកពី​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ប្រទេសអ៊ីសឡង់ដ៍ (Islande)។ ជើងហោះហើរ​រាប់ពាន់​ត្រូវបាន​​គេ​លុបចោល កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ព្រលានយន្តហោះ​រាប់សិប​ត្រូវ​បាន​បិទ។ ជើងហោះហើរ​ពី​បណ្តា​ប្រទេស​នៅ​អាស៊ី មក​អឺរ៉ុប​ក៏​ត្រូវ​លុបចោល​ខ្លះ​ដែរ។

ភ្នំភ្លើង​នៅ​ប្រទេស​អ៊ីសឡង់ដ៍ (Islande) ផ្ទុះ​​បញ្ចេញ​ផ្សែង​ដេដាស​ទៅ​ពាសពេញ​ផ្ទៃមេឃ​អឺរ៉ុប
ភ្នំភ្លើង​នៅ​ប្រទេស​អ៊ីសឡង់ដ៍ (Islande) ផ្ទុះ​​បញ្ចេញ​ផ្សែង​ដេដាស​ទៅ​ពាសពេញ​ផ្ទៃមេឃ​អឺរ៉ុប ©Reuters
ផ្សាយពាណិជ្ជកម្ម

គិតមកត្រឹម​​យប់​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ ព្រលាន​យន្តហោះ​ធំៗ នៅក្នុង​ប្រទេស​អង់គ្លេស បារាំង អាឡឺម៉ង់ អៀរឡង់ ស៊ុយអែដ ហុឡង់ ប៊ែលហ្ស៊ិក ដាណឺម៉ាក និង​ប៉ូឡូញ ត្រូវបាន​បិទ​លែង​ឲ្យ​ដំណើរការទាំងស្រុង។ រាល់ជើងហោះហើរ​​ឡើង និង​ចុះ នៅ​ព្រលាន​យន្តហោះ​ទាំងនេះ​ ត្រូវបាន​លុបចោល​ទាំងអស់។

ការបិទព្រលានយន្តហោះ​ នៅអឺរ៉ុប ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផងដែរ​ ​ដល់​ការហោះហើរ​ នៅ​​អាស៊ី។ ក្រុមហ៊ុន​អាកាសចរណ៍​អូស្រ្តាលី ជប៉ុន និង​នូវែលហ្សេឡង់ បាន​ប្រកាស​លុបចោល​រាល់ជើង​ហោះហើរ​ទាំងអស់​ទៅ​អឺរ៉ុប។ ជើងហោះហើរ​​ខ្លះ​របស់​ក្រុមហ៊ុនថៃ ម៉ាឡេស៊ី សិង្ហបុរី និង​ហុងកុង ក៏ត្រូវ​បាន​លុបចោល​ដែរ។

យោង​តាម​មន្រ្តី​ទទួល​បន្ទុក​សុវត្ថិភាព​ផ្លូវអាកាស​របស់​អឺរ៉ុប ជើងហោះហើរ​ចេញ និង​ចូល​​ទៅ​អឺរ៉ុប នឹង​ត្រូវ​បន្ត​ជាប់គាំង​យ៉ាងតិច​ក៏​២​ថ្ងៃ​ទៀត​ដែរ។

គួរ​បញ្ជាក់ថា ភ្នំភ្លើង​ដ៏ធំមួយ​បាន​ផ្ទុះ កាល​ពី​ថ្ងៃ​ពុធ នៅ​ប្រទេសអ៊ីសឡង់ដ៍។ ផ្សែង​ដែល​ហុយ​ចេញ​ពី​ភ្នំភ្លើង​នេះ​បាន​រសាត់​ទៅពាសពេញ​អឺរ៉ុប​ប៉ែកខាងជើង។ រហូត​មកទល់ពេលនេះ ភ្នំភ្លើង​នេះ នៅតែ​បន្ត​ផ្ទុះ​​បង្ហុយផ្សែង​ទៅ​ក្នុង​បរិយាកាស​តទៅទៀត។

ផ្សែង​ភ្នំភ្លើង​នេះ​ផ្តុំ​គ្នា​ជា​ពពក​យ៉ាង​ក្រាស់ ស្ថិត​នៅ​កំពស់​ប្រមាណ​ជា ១០ ទៅ​១៥​គីឡូម៉ែត្រ​ ដែល​ជា​រយៈកំពស់​សម្រាប់​ផ្លូវហោះហើរ។ ផ្សែងភ្នំភ្លើង​​ដ៏ក្រាស់នេះ​​អាចធ្វើ​ឲ្យ​ម៉ាស៊ីន​យន្តហោះ​គាំងបាន។ 

គេនៅចាំបានថា កាល​ពីឆ្នាំ ១៩៨២ យន្តហោះ​របស់​ក្រុមហ៊ុន British Ariway និង​ Singapore Airway បាន​រលត់​ម៉ាស៊ីន​ទាំងអស់ នៅពេលហោះចូល​ក្នុង​ផ្សែង​ភ្នំភ្លើង នៅ​ឥណ្ឌូនេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ