អានតួអត្ថបទ
ចិន

ចិន​លើកលែង​ទោស​អ្នកទោស​ក្នុង​ឱកាស​ខួប ៧០ឆ្នំា​នៃ​ការ​បញ្ចប់​សង្រ្គាមលោក​លើក​ទី២

នៅ​ថ្ងៃទី២៩ សីហា រដ្ឋាភិបាល​ចិន​បាន​សម្រេច​លើកលែង​ទោស​ដល់​អ្នកទោស​ជា​ច្រើន​ពាន់នាក់។ ការ​សម្រេច​យ៉ាង​ដូច​នេះ​របស់​ទីក្រុង​ប៉េកំាង គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ខួបគម្រប់ ៧០ឆ្នំា​នៃ​ការ​ចាញ់​សង្រ្គាមលោក​លើកទី២ របស់​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នំា ១៩៤៥។ នា​ឱកាស​នោះ ចិន​ក៏​បាន​ត្រៀម​រៀបចំ​មហា​ក្បួន​ព្យុះហយាត្រា​យោធា​នៅ​ទីលានធានអាន់មេន​នា​ថ្ងៃទី៣ កញ្ញា​ខាង​មុខ​ដោយ​មាន​ទាហាន​ចូលរួម​ជាង ១០ ០០០នាក់។

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង
លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង REUTERS/Saul Loeb/Pool
ផ្សាយពាណិជ្ជកម្ម

 

វិធានការ​លើកលែង​ទោស​អ្នកទោស​ចិន​ដែល​គណៈកម្មាធិការ​នៃ​រដ្ឋសភា​ចិន​ទើប​បាន​អនុម័ត​ពេល​នេះ គឺ​សំដៅ​ជា​ពិសេស​លើ​អ្នកទោស​ដែល​ជា​អតីត​យុទ្ធជន អ្នកទោស​មាន​វ័យចំណាស់ វ័យក្មេង ឬ​មួយ​ក៏​កំពុង​មាន​ជម្ងឺ នេះ​បើ​យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ចិន​ស៊ីនហួរ។ កាសែត​ស៊ីនហួរ​ដែល​បាន​ស្រង់​ព័ត៌មាន​ពី​ប្រភព​តុលាការ​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​អ្នកទោស​ជា​ច្រើន​ពាន់​នាក់​ដែល​នឹង​ត្រូវ​លើក​លែង​ទោស ហើយ​ក្នុង​ចំណោម​អ្នកទោស​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​មាន​អាយុ ៩៥ឆ្នំា។

យោង​តាម​កាសែត​ស៊ីនហួរ​ដដែល មាន​ទោសឧក្រិដ្ឋ​ចំនួន ៤ប្រភេទ​ដែល​រដ្ឋាភិបាល​ចិន​ចាត់​ទុក​ថា លែង​ជា​ការ​គំរាមកំហែង​ចំពោះ​សង្គមជាតិ​ទៀត​ឡើយ ក្នុង​នោះ​មាន​ក្រុម​ទាហានជើងចាស់​ដែល​បាន​ទទួល​ទោស​នៅ​ក្នុង​សម័យ​សង្រ្គាមប្រឆំាង​ជប៉ុន និង​នៅ​ក្នុង​សម័យ​សង្រ្គាមស៊ីវិល​ក្នុង​ប្រទេស​ចិន​ដែល​បាន​បញ្ចប់​ក្នុង​ឆ្នំា ១៩៤៩ ព្រម​ទំាង​ក្រុម​អតីត​យុទ្ធជន​ផ្សេង​ទៀត។

ដោយឡែក អ្នកទោស​ណា​ដែល​ជាប់ចោទ​ពី​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដូច​យ៉ាង​លួចលុយ​រដ្ឋ ស៊ីសំណូកសូកប៉ាន់ ភេរវនិយម ឬ​មួយ​ក៏​ឧក្រិដ្ឋកម្ម​រៀបចំ​ទុក​មុន​នឹង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​វិធានការ​លើកលែង​ទោស​នោះ​ទេ។ តែ​អ្នកទោស​ជា​ឧក្រិដ្ឋជន​ដែល​មាន​អាយុ​ចាប់​ពី ៧៥ឆ្នំា​ឡើង និង​អ្នក​ពិការ​ដងខ្លួន​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​ក៏​រាប់​បញ្ចូល​នៅ​ក្នុង​អ្នកទោស​ដែល​ត្រូវ​លើកលែង​ទោស​ដែរ។ ទន្ទឹម​គ្នា​នេះ វិធានការ​លើកលែង​ទោស​នេះ​ក៏​ទាក់ទង​ចំពោះ​អ្នកទោស​ដែល​បទឧក្រិដ្ឋ​របស់​ពួក​គេ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ពេល​មាន​អាយុ ១៨ឆ្នំា និង​ដែល​ទទួល​ទោស​ជាប់គុក​ច្រើន​បំផុត ៣ឆ្នំា ឬ​មួយ​ក៏​ការ​អនុវត្តន៍​របស់​ពួក​គេ​នៅ​សល់​តិច​ជាង ១ឆ្នំា។

តំាង​ពី​ការ​បង្កើត​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ឆ្នំា ១៩៤៩ មក នេះ​ជា​លើកទី៨ ដែល​ចិន​បាន​អនុវត្តន៍​នូវ​វិធានការ​លើកលែង​ទោស។ ដោយឡែក និង​ក្រៅ​ពី​វិធានការ​លើកលែង​ទោស ចិន​ក៏​ត្រៀម​រៀបចំ​ផង​ដែរ​នូវ​មហាក្បួន​ព្យុះហយាត្រា​មួយ​នៅ​ទីលាន​ធានអាន់មេន ក្រុង​ប៉េកំាង​នា​ថ្ងៃទី៣ កញ្ញា​ខាង​មុខ ដោយ​មាន​ទាហាន​ចូលរួម​ចំនួន ១២ ០០០នាក់ និង​បញ្ចេញ​យន្តហោះ​ចម្បំាង​នៅ​លើ​អាកាស​ចំនួន ២០០គ្រឿង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ