អានតួអត្ថបទ
ចិន-អាមេរិក

ចិន​ព្រមាន​អាមេរិក​កុំ​ឲ្យ​លូក​ដៃ​ជ្រៅ​ពេក​ក្នុង​សំណុំរឿង​សមុទ្រចិន​ខាង​ត្បូង

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ មីនា ក្រសួង​ការពារជាតិ​ចិន​បាន​ចេញ​មុខ​ព្រមាន​អាមេរិក​ឲ្យ​ប្រយ័ត្នប្រយែង​ក្នុង​សំណុំរឿង​សមុទ្រចិន​ខាង​ត្បូង​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន។ តែ​អាមេរិក​ហាក់​ដូច​ជា​បាន​ជួយ​ឈឺឆ្អាល​កាន់​តែ​ខ្លាំង​នា​រយៈពេល​ចុង​ក្រោយ​នេះ។ ដោយ​និយាយ​មិន​លាក់កំបាំង ក្រសួង​ការពារជាតិ​ចិន​បាន​បរិហារ​ចំៗ​លើ​កិច្ចព្រមព្រៀង​យោធា​ដែល​អាមេរិក និង​ហ្វីលីពីន​ទើប​បាន​ចុះ​ហត្ថលេខា​នា​ពេល​ថ្មីៗ​កន្លង​ទៅ។

នាវាចម្បាំង​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង
នាវាចម្បាំង​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង REUTERS/U.S. Navy/Mass Communication Specialist 3rd Class Declan
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​យោធា​ដែល​អាមេរិក និង​ហ្វីលីពីន​ទើប​បាន​ចុះ​ហត្ថលេខា​ក្នុង​ខែ​មីនា​កន្លង​ទៅ គឺ​ទាក់ទង​នឹង​ការ​ដែល​ហ្វីលីពីន​បាន​អនុញ្ញាត​ឲ្យ​ទាហាន​អាមរិកាំង​បោះ​ទីតាំង​នៅ​លើ​មូលដ្ឋាន​យោធា​ហ្វីលីពីន​ចំនួន ៥កន្លែង និង​ដែល​មាន​មូលដ្ឋាន​យោធា​ខ្លះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សមុទ្រចិន​ខាង​ត្បូង។ សមុទ្រចិន​ខាងត្បូង​​ដែល​ជា​ប្រភព​ជម្លោះ​រវាង​ចិន និង​ហ្វីលីពីន ព្រម​ទាំង​រវាង​ចិន​ជាមួយ​ប្រទេស​អាស៊ី​ផ្សេង​ទៀត មាន​វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និង​ប្រទេស​ព្រុយណេ។ ប៉េកាំង​ធ្លាប់​បាន​បញ្ជាក់​ម្តង​ជា​ពីរ​ដង​ថា សមុទ្រចិច​ខាងត្បូង​ទាំងមូល​ជា​កម្មសិទ្ធី​របស់​ខ្លួន​ដែល​គ្មាន​នរណា​អាច​ប៉ះពាល់​បាន។

តែ​កន្លង​មក និង​ក្រៅ​ពី​ប្រទេស​ជាប់​ជម្លោះ​ផ្ទាល់​ជាមួយ​ចិន ក៏​មាន​ប្រទេស​ខ្លះ​ចូលខ្លួន​ជួយ​ឈឺ​ឆ្អាល​ប្រឆាំង​នឹង​ចិន​ដែរ ពិសេស​គឺ​អាមេរិក។ នា​រយៈពេល​ចុង​ក្រោយ​នេះ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​របស់​ខ្លួន​ទៅ​កាន់​ក្បែរ​ទីប្រជុំកោះ​កាន់កាប់​ដោយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​លើក​យក​ហេតុផល​ថា ដើម្បី​ការពារ​សេរីភាព​ចរាចរណ៍​ផ្លូវសមុទ្រ​ដែល​ជា​ដែន​សមុទ្រ​អន្តរជាតិ។ ទង្វើ​របៀប​នេះ​របស់​វ៉ាស៊ីនតោន​គឺ​ជា​សារ​បញ្ជូន​ប្រាប់​ប៉េកាំង​ថា ដែនសមុទ្រ​ចិន​ខាង​ត្បូង​ជា​របស់​សមូហភាព​ដែល​មិន​មែន​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ប្រទេស​ណា​មួយ​ទេ។

ទាក់ទង​នឹង​វត្តមាន​នាវាចម្បាំង​អាមេរិក​ក្នុង​តំបន់​ថ្មីៗ​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចិន​លោក​យ៉ាង យូយ៉ុន​ថ្លៃង​ថា លោក​បាន​ត្រឹម​ទូន្មាន​អាមេរិក​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង និង​កុំ​សូវ​លូកដៃ​ជ្រៅ​ពេក​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ។ ចំណែក​ការ​ពង្រឹង​សម្ព័ន្ធ​យោធា​រវាង​ហ្វីលីពីន និង​អាមេរិក​វិញ​ត្រូវ​បាន​លោក​យ៉ាង យូយ៉ុន​ចាត់​ទុក​ជា​ការ​ឆ្លុះបញ្ចាំង​នៃ​ចិត្ត​គំនិត​សង្គ្រាមត្រជាក់។

សូម​ជម្រាប​ជូន​ថា អាមេរិក​តែងតែ​បរិហារ​ចិន​ពី​ការ​ពង្រីក​មហិច្ឆតា​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​ការ​សាងសង់​កោះ​សិប្បនិមិត្ម ព្រលានយន្តហោះ និង​ការ​ដាក់​ពង្រាយ​គ្រឿង​សព្វាវុធ។ តែ​ចិន​បាន​ឆ្លើយ​បដិសេធ និង​បាន​ចោទ​អាមេរិក​វិញ​ថា ជា​អ្នក​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ