អានតួអត្ថបទ
ចិន-អាមេរិក

សមុទ្រចិនខាងត្បូង៖​ហេតុអ្វី​បាន​ជា​អាមេរិក​លូកដៃ​កាន់​តែ​ជ្រៅ?

សង្រ្គាម​ពាក្យ​សម្តី​កំពុង​បន្ត​កើត​មាន​យ៉ាង​ផុសផុល​រវាង​ចិន និង​អាមេរិក​ទាក់ទង​នឹង​សមុទ្រចិនខាងត្បូង។ បន្ទាប់​ពី​មាន​វត្តមាន​នាវាចម្បាំង​អាមេរិក​មួយ​គ្រឿង​នៅ​ក្បែរ​ទីប្រជុំ​កោះ​ប៉ារ៉ាសែល​នា​ថ្ងៃ​សៅរ៍ ទី៣០ មករា​មក ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយឆ្លង​ដាក់​គ្នា​យ៉ាង​ចាស់​ដៃ។ សូម​ជម្រាប​ជូន​ថា ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​ជម្លោះ​រវាង​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន តែ​នា​រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​អាមេរិក​បាន​ចូល​ខ្លួន​អន្តរាគមន៍​កាន់​តែ​ខ្លាំង តាម​រយៈ​ការ​បញ្ជូន​នាវាចម្បាំង ឬ​មួយ​ក៏​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ក្បែរ​កោះ​មួយ​ចំនួន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

នាវាចម្បាំង​អាមេរិក USS Curtis Wilbur ក្បែរ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​
នាវាចម្បាំង​អាមេរិក USS Curtis Wilbur ក្បែរ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ REUTERS/U.S. Navy/Mass Communication Specialist 3rd Class Declan
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​ចិន​បាន​ធ្វើ​ឡើង​ព្រម​គ្នា​ពី​ក្រសួង​ការបរទេស និង​ក្រសួង​ការពារជាតិ។ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ក្រសួង​ការបរទេស​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​មាន​លក្ខណៈ​ការទូត​ដោយ​បាន​អំពាវនាវ​អាមេរិក​កុំ​ឲ្យ​បំផ្លាញ​សេចក្តី​ទុក​ចិត្ត​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​បាន​ចាត់​ទុក​វត្តមាន​នាវាចម្បាំង​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​គ្មាន​ការ​អនុញ្ញាត​ថា ជា​ការ​រំលោភបំពាន​លើ​អធិបតេយ្យភាព​របស់​ចិន។ ចំណែក​ប្រតិកម្ម​របស់​ក្រសួង​ការពារជាតិ​ចិន​វិញ​​ហាក់​ដូច​ជា​មាន​លក្ខណៈ​ព្រមាន​ធ្ងន់ៗ​ដោយ​បាន​ចោទ​អាមេរិក​ពី​បទ​បំផ្លិចបំផ្លាញ​សន្តិភាព​តាម​រយៈ​ទង្វើ​បង្ក​រឿង​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ និង​ដែល​អាច​ឈាន​ដល់​ការ​ប៉ះទង្គិច​ផ្លូវ​យោធា​នៅ​ក្នុង​តំបន់។

ជា​ការ​ឆ្លើយ​តប​វិញ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​លោក Jeff Davis បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​ថា បេសកកម្ម​របស់​នាវាចម្បាំង​អាមេរិក​នៅ​ក្បែរ​កោះ​ទ្រីតុង (Triton) ស្ថិត​ប៉ែក​ខាង​លិច​ទីប្រជុំ​កោះ​ប៉ារ៉ាសែល (Paracels) នា​ថ្ងៃ​សៅរ៍ ទី៣០ មករា​មាន​គោលដៅ​តែ​មួយ​គត់ គឺ​ធានា​ពី​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ​ក្នុង​តំបន់​មួយ​ដែល​គ្មាន​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​ចិន តៃវ៉ាន់ និង​ប្រទេស​វៀតណាម​ទេ។ តែ​ទោះ​បី​ជា​អាមេរិក​ព្យាយាម​ផ្តល់​ហេតុផល​អ្វី​ក៏​ដោយ ក៏​នៅ​មិន​អាច​ទប់​កំហឹង​របស់​ចិន​បាន​ដែរ។

មិនមែន​ជា​លើកទី១ និង​ក៏​មិនមែន​ជា​លើក​ចុងក្រោយ

វត្តមាន​នាវាចម្បាំង​អាមេរិក​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​នា​ថ្ងៃ​សៅរ៍ ទី៣០ មករា​មិនមែន​ជា​លើកទី១ និង​ប្រហែល​មិនមែន​ជា​លើក​ចុង​ក្រោយ​ទេ។
ជាក់ស្តែង​ក្នុង​ខែ​តុលា ឆ្នាំ ២០១៥ កន្លង​ទៅ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​មួយ​គ្រឿង​របស់​ខ្លួន​ទៅ​ក្បែរ​ទីប្រជុំកោះ​សិប្បនិម្មិត​ដែល​ចិន​កំពុង​បន្ត​ការ​សាងសង់​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីប្រជុំកោះ​សប្រាតឡេ (Spratleys) ប៉ែក​ខាង​ត្បូង។ គួរ​បញ្ជាក់​ជូន​ថា ក្រៅ​ពី​ទីប្រជុំកោះ​ប៉ារ៉ាសែល (Paracels) នៅ​មាន​ទីប្រជុំកោះ​សប្រាតឡេ (Spratleys) មួយ​ទៀត​ដែល​ជា​តំបន់​យុទ្ធសាស្រ្ត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​កំពុង​មាន​ជម្លោះ​ដណ្តើម​គ្នា​យ៉ាង​តានតឹង​ជាមួយ​នឹង​ប្រទេស​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និង​កោះតៃវ៉ាន់។

ក្រៅ​ពី​ការ​បញ្ជូន​នាវាចម្បាំង អាមេរិក​ក៏​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ឲ្យ​ទៅ​ហោះ​ឆ្វែល​ឆ្លប​មើល​ស្ថានការណ៍​រួម​ពី​លើ​តំបន់​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ។ ហេតុផល​ដែល​អាមេរិក​បាន​លើក​យក​ទៅ​សំអាង គឺ​ច្បាប់អន្តរជាតិ​ស្តីពី​ការ​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ​នៅ​ក្នុង​តំបន់​មួយ​ដែល​ទីក្រុង​វ៉ាស៊ីតោន​យល់​ថា មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ប្រទេស​ណា​មួយ​ទេ។ អាមេរិក​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ចិន​ជា​ច្រើន​ដង​ថា ដោយ​ផ្អែក​តាម​ច្បាប់​អន្តរជាតិ អាមេរិក​នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន​ជា​បន្ត​ទៀត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

អាមេរិក​លូកដៃ​កាន់​តែ​ជ្រៅ​នៅ​ក្នុង​ជម្លោះ​មួយ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ខ្លួន

អាច​មាន​ហេតុផល​ច្រើន​ដែល​បញ្ជាក់​ពី​ការ​លូកដៃ​កាន់​តែ​ជ្រៅ​របស់​អាមេរិក​នៅ​ក្នុង​ជម្លោះ​មួយ​ដែល​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាមេរិក។ តែ​ហេតុផល​សំខាន់​ជាង​គេ​មាន​តែ ២គត់ ទី១ អាមេរិក​មិន​ចង់​ទុក​បណ្តោយ​ឲ្យ​ចិន​បន្ត​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច និង​យោធា​តែ​ម្នាក់​ឯង​នៅ​ក្នុង​តំបន់ និង​ទី២ អាមេរិក ក៏​ដូច​ជា​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​តទល់​នឹង​ចិន​ផ្ទាល់​បារម្ភ​ខ្លាច​ចិន​ក្រសោប​កាន់កាប់​តំបន់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទាំង​មូល​ដែល​ជា​តំបន់​យុទ្ធសាស្រ្ត​នៃ​ពាណិជ្ជកម្ម​ផ្លូវសមុទ្រ​អន្តរជាតិ និង​ជា​តំបន់​ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ​នៅ​ក្នុង និង​នៅ​ក្រោម​បាត​សមុទ្រ។

ទន្ទឹម​គ្នា​នេះ វត្តមាន​កាន់​តែ​ញឹកញាប់​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាច​ជា​សក្ខីកម្ម​មួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចង់​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​ប្រទេស​វៀតណាម ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ កន្លង​មក ទីក្រុង​វ៉ាស៊ីនតោន​ធ្លាប់​បាន​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា តែ​ចិន​ក៏​ធ្លាប់​បាន​ព្រមាន​ដោយ​ចាត់​ទុក​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន និង​ដែល​ចិន​ចេះ​ដោះស្រាយ​ខ្លួន​ឯង​ដោយ​មិន​ត្រូវ​ការ​មេរៀន​ពី​អ្នក​ណា​ទេ។ ជា​ការ​ពិត ចិន​ធ្លាប់​បាន​បង្ហាញ​ពី​ជំហរ​ក្នុង​ការ​ដោះស្រាយ តែ​ជា​លក្ខណៈ​ទ្វេភាគី ពោល​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​មួយៗ។

តែ​ប្រទេស​ទំាង​នោះ​ចង់​បាន​ដំណោះស្រាយ​ជា​លក្ខណៈ​អន្តរជាតិ​ដោយ​គេ​យល់​ថា ជជែក​មួយ​ទល់​មួយ គឺ​ចាញ់​ប្រៀប​យ័ក្ស​ចិន​រួច​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ