អានតួអត្ថបទ

មេដឹកនាំ​ចិន-ជប៉ុន-កូរ៉េខាងត្បូង​បើកធ្វើ​ជំនួបកំពូល​ត្រីភាគី​ដ៏កម្រ

មេដឹកនាំ​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​បើក​ធ្វើ​ជំនួបកំពូល​ត្រីភាគី នៅថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ទីក្រុង​សេអ៊ូល។ ជំនួបកំពូល​ត្រីភាគី ដែល​ប្រទេស​ទាំងបី​ធ្លាប់​រៀបចំ​ធ្វើ​ជារៀងរាល់​ឆ្នាំ ក៏ប៉ុន្តែ ត្រូវ​ជាប់គាំង​តាំង​ពីឆ្នាំ​២០១២ ក្រោយ​ពី​លោក​ស្ហ៊ីនហ្សូ អាបេ និង​គណបក្ស​អភិរក្ស​និយម​ឡើងកាន់​អំណាច​នៅ​ជប៉ុន។ តាមរយៈ​ជំនួបកំពូល​នៅថ្ងៃ​អាទិត្យ​នេះ មេដឹកនាំ​ប្រទេស​ទាំងបី​បាន​ប្រកាសថា ទំនាក់ទំនង​ត្រូវ​បាន​ស្តារឡើងវិញ​យ៉ាងពេញលេញ។

លោកស្រី​ប៉ាក់ គុនហេ ចាប់ដៃ​ជាមួយ​លោក​ស្ហ៊ីនហ្សូ អាបេ និង​លោក​លី ខឺឈាំង ក្នុង​អំឡុង​ជំនួបកំពូល​ត្រីភាគី នៅទីក្រុង​សេអ៊ូល ថ្ងៃ​អាទិត្យ ១ វិច្ឆិកា ២០១៥
លោកស្រី​ប៉ាក់ គុនហេ ចាប់ដៃ​ជាមួយ​លោក​ស្ហ៊ីនហ្សូ អាបេ និង​លោក​លី ខឺឈាំង ក្នុង​អំឡុង​ជំនួបកំពូល​ត្រីភាគី នៅទីក្រុង​សេអ៊ូល ថ្ងៃ​អាទិត្យ ១ វិច្ឆិកា ២០១៥
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួបកំពូល​នៅថ្ងៃ​អាទិត្យ​នេះ លោកស្រី​ប៉ាក់ គុនហេ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក​លី ខឺឈាំង នាយករដ្ឋមន្រ្តី​ចិន និង​លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន បាន​ផ្តោត​ទៅលើ​ប្រធានបទ​ដ៏សំខាន់​មួយ គឺ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែល​ជា​ចំណងដ៏សំខាន់មួយ​តែងតែ​ចង​​ទំនាក់ទំនង​ប្រទេស​ទាំងបី មិន​ឲ្យ​ដាច់ទាំងស្រុង បើទោះបីជា​ត្រូវ​ប្រឈមមុខ​នឹង​ភាពតានតឹង​ខ្លាំង​យ៉ាងណាក៏ដោយ។ ក្រៅពី​បញ្ហា​សេដ្ឋកិច្ច​នេះ មេដឹកនាំ​ទាំងបី​ក៏​បាន​ជជែក​គ្នា​ផងដែរ អំពី​សំណុំរឿង​នុយក្លេអ៊ែរ​​​កូរ៉េ​ខាង​ជើង ដែល​នៅតែ​ជា​បញ្ហា​ចោទ នៅ​ក្នុង​តំបន់។

នៅទីចុងបញ្ចប់​នៃ​ជំនួបកំពូល មេដឹកនាំ​ប្រទេស​ទាំងបី​មិនបាន​ចុះ​​​កិច្ចព្រមព្រៀង​នៅ​ក្នុង​វិស័យណាមួយនោះទេ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ជំនួបកំពូល​ថ្ងៃ​នេះ​​គឺ​ជា​និមិត្តរូប​ដ៏សំខាន់មួយ នៃ​ការ​បន្ធូរបន្ថយភាព​តានតឹង ដែល​បាន​បំពុល​ទំនាក់ទំនង​ក្នុង​តំបន់ តាំង​ពី​ចុងឆ្នាំ​២០១២​មក គឺ​តាំង​ពីពេល​ដែល​លោកស្ហ៊ីនហ្សូ អាបេ បាន​ឡើង​កាន់អំណាច​នៅ​ជប៉ុន ហើយ​បាន​ដាក់ចេញ​នូវ​​​នយោបាយ​ជាតិ​និយម​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ស្នាម​របួស​ចាស់​របស់​ចិន និង​កូរ៉េ​ខាង​ត្បូង ដែល​សុទ្ធសឹង​ជា​ប្រទេស​ធ្លាប់​រងគ្រោះ​ដោយសារ​នយោបាយ​វាតទី​និយម​របស់​ជប៉ុន កាល​ពីសម័យ​សង្រ្គាម។

ក្រៅពី​ជំនួបកំពូល​ត្រីភាគី នៅថ្ងៃ​អាទិត្យ​នេះ ជំហាន​ជាវិជ្ជមាន​មួយ​ទៀត​នៃ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់ គឺ​ជំនួបកំពូល​ទ្វេភាគី រវាង​លោកស្រី​ប៉ាក់ គុនហេ និង​លោក​ស្ហ៊ីនហ្សូ អាបេ នៅថ្ងៃ​ចន្ទ​ស្អែក។

គួររំឭកឡើងវិញ​ថា ចាប់តាំង​ពី​បាន​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង កាល​ពីឆ្នាំ​២០១៣ លោកស្រី​ប៉ាក់ គុនហេ តែងតែ​បដិសេធ​មិនព្រម​ជួប​ជាមួយ​លោក​ស្ហ៊ីនហ្សូ អាបេ​នោះទេ។ ទំនាស់ រវាង​ប្រទេស​ទាំងពីរ​នេះ ដែល​សុទ្ធសឹង​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​បំផុត​របស់​អាមេរិក ក្នុង​តំបន់​អាស៊ី គឺ​ជា​បញ្ហា​ឈឺក្បាល​ដ៏ធំមួយ សម្រាប់​លោក​អូបាម៉ា​ ដែល​បាន​កំណត់​យក​តំបន់​អាស៊ី ជា​អាទិភាព​ធំបំផុត នៅ​ក្នុង​នយោបាយ​ការបរទេស​របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ