អានតួអត្ថបទ
កូរ៉េខាងជើង-រុស្ស៊ី

អគ្គមគ្គុទេសក៍​កូរ៉េខា​ងជើង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​

គោលដៅ​ចម្បង​នៃ​ទស្សនកិច្ច​លោក គីម ជុងអ៊ុន នៅ​ក្រុង​ម៉ូស្គូ នៅ​ខែ​ឧសភា ខាង​មុខ តាម​ដែល​វិមាន​ក្រេមឡាំង​បាន​ប្រកាស​ថ្ងៃ​២៨​មករា​នេះ គឺ​ដើម្បី​ចូលរួម​ក្នុង​ពិធី​រំលឹក ខួបទី​៧០ នៃ មហា​ជ័យជំនះ​លើ​របប​ហ្វាស៊ីស្ត​អាល្លឺម៉ង់ ដណ្តើម​បាន​ដោយ សហភាព​សូវៀត ក្នុង​មហា​សង្គ្រាម​ការពារ​មាតុភូមិ​ពី​ឆ្នាំ​១៩៤១ ដល់ ១៩៤៥។ គឺ​ជា​លើក​ទី​១ ដែល លោក គីម ជុងអ៊ុន នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ​បរទេស គិតពី​ឆ្នាំ​២០១១​មក ឆ្នាំ​ដែល​គាត់​បាន​ឡើង​កាន់ តំណែង​កំពូល ដោយ​ស្នង​អំណាច​ពី​បិតា​គាត់ លោក គីម ជុងអ៊ិល។ 

ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន
ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន REUTERS
ផ្សាយពាណិជ្ជកម្ម

ពិធី​ដ៏​មហោឡារឹក ឧទ្ទិស​ដល់​ជ័យជំនះ​នេះ នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​៩​ឧសភា​ឆ្នាំ​២០១៥ ដែល​ជា​កាលបរិច្ឆេទ​ខួប​គម្រប់​៧០​ឆ្នាំ​គត់ គិតពី​ថ្ងៃ​៩​ឧសភា​ឆ្នាំ​១៩៤៥ ពេល​ដែល​មេទ័ព​របប​ហ្វាស៊ីស្តហ៊ីត្លែរ បាន​ចុះ​ហត្ថលេខា​សុំ​ចុះចាញ់​នៅ​ពី​មុខ​មេទ័ព​សូវៀត ខ័ណ្ឌ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ នៅ​ទ្វីប​អឺរ៉ុប ចំណែក​នៅ​ទ្វីប​អាស៊ី​វិញ សង្គ្រាម​នេះ បាន​ចប់​ជា​ស្រេចបាច់ គឺ លុះ​នៅ​ថ្ងៃ​ទី​២​កញ្ញា​ឆ្នាំ​១៩៤៥​នោះ​ឯង ដោយការ​ចុះហត្ថលេខា​សុំចុះចាញ់​នៃ​មេទ័ព​ជប៉ុន។

 
ថ្នាក់​ដឹកនាំ​រុស្ស៊ី ប្រទេស​ដែល​បន្ត​កេរ្ត៏​ពី​សហភាព​សូវៀត បាន​ផ្ញើ​លិខិត​អញ្ជើញ ទៅ​កាន់ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល បណ្តា​ប្រទេស​ដែល​បាន​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ដ៏​សែន​វិនាស​នេះ ឲ្យ​មក​វត្តមាន​អបអរ​សាទរ​នៅ​រដ្ឋធានី​រុស្ស៊ី។

ក្នុង​បទសម្ភាសន៍​ទៅ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េ​ខាងត្បូង Renhap អ្នកនាំពាក្យ​ផ្លូវការ​របស់ ប្រធានាធិបតី​រុស្ស៊ី លោក Dmitri Peskov បាន​ឲ្យ​ដឹង​ថា មាន​មេដឹកនាំ​២០​ប្រទេស​ទៅ​ហើយ បាន​បញ្ជាក់​ថា គេ​នឹង​វត្តមាន​ដោយ​ផ្ទាល់ ក្នុង​ពិធីបុណ្យ​នៅ​ម៉ូស្គូ ពីក្នុងនោះ មាន​ជាអាទិ៍ គឺ អគ្គមគ្គុទេសក៍​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន។

កាសែត​រុស្ស៊ី​ដោយ​ចុះផ្សាយ​ដំណឹង​នេះ កត់​សម្គាល់​ថា គឺ​ជា​លើក​ទី​១ ដែល លោក គីម ជុងអ៊ុន នឹង​ធ្វើទស្សនកិច្ច​នៅ​បរទេស​គិត​ពី​ឆ្នាំ​២០១១​មក ឆ្នាំ​ដែល​គាត់​បាន ស្នង​តំណែង​កំពូល​ពី​បិតា​គាត់​លោក គីម ជុងអ៊ិល ដែល​បាន​ទទួល​អនិច្ចកម្ម​ក្នុង​ឆ្នាំ​នោះ​ឯង។

គួរ​រំលឹកថា លោក គីម ជុងអ៊ិល ជា​ឳពុក កាល​គាត់​នៅ​កាន់​អំណាច តាម​សេចក្តី​អញ្ជើញ​នៃ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ធ្លាប់​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​យ៉ាង​យូរ ដល់​ទៅ​២៤​ថ្ងៃ នៅ​រុស្ស៊ី ក្នុង​ខែ​កក្កដា-សីហា​ឆ្នាំ​២០០១ ដោយ​ជិះ​ក្នុង​រថភ្លើងក្រោះ​របស់​គាត់ សម្រាប់​ធានា​សុវត្ថិភាព​ដល់​រូប​គាត់ ដែល​បាន​បើក​តាម​ខ្សែផ្លូវដែក ឆ្លង​កាត់​តំបន់​ស៊ីបេរី​ទាំង​មូល ដ្បិត​គាត់ តែង​ខ្លាច​មិនហ៊ាន​ជិះយន្តហោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ