អានតួអត្ថបទ
ជប៉ុន-អេមីរ៉ាតអារ៉ាប់រួម

ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​​លោក​ស្ហ៊ីនហ្សូ អាបេ​ផ្តើម​ទស្សនកិច្ចមួយជុំ​តំបន់​មជ្ឈិមបូព៌ា

នៅ​ថ្ងៃ​ចន្ទ ទី៣០ មេសា លោក​នាយរដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​មជ្ឈិមបូព៌ា។ អេមីរ៉ាតអារ៉ាប់រួម​ជា​ប្រទេស​ដែល​លោក​អាបេ​បាន​ទៅ​ទស្សនកិច្ច​មុន​គេ មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្សកដានី អ៊ីស្រាអែល និង​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន។ ទស្សនកិច្ច​រយៈពេល ២៤ម៉ោង​នៅ​ក្នុង​ទឹកដី​អេមីរ៉ាតអារ៉ាប់រួម ទីក្រុង​តូក្យូ និង​ទីក្រុង​អាប៊ូដាប៊ី​បាន​គូសបញ្ជាក់​ពី​ឆន្ទៈ​ក្នុង​ការ​បង្កើន​ការ​អភិវឌ្ឍន៍​រវាង​គ្នា​នៅ​សឹង​គ្រប់​វិស័យ ពិសេស​វិស័យ​ថាមពល។

ស្តេច​អេមីរ៉ាតអារ៉ាប់រួម Bin Saeed Al Mansoori និង​នាយករដ្ឋន្រ្តី​ជប៉ុន​លោក​ Shinzo Abe
ស្តេច​អេមីរ៉ាតអារ៉ាប់រួម Bin Saeed Al Mansoori និង​នាយករដ្ឋន្រ្តី​ជប៉ុន​លោក​ Shinzo Abe Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ប្តេជ្ញាចិត្ត​របស់​ជប៉ុន និង​អេមីរ៉ាតអារ៉ាប់រួម​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ដោយ​ផ្តោត​លើ​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​ផ្នែក​ថាមពល​កកើត​ឡើង​វិញ ការ​ចម្រាញ់ទឹកស្អាត បញ្ញា​សិប្បនិមិត្ម សុខភាព និង​សម្ភារៈបរិក្ខារ​ពេទ្យ។ ទន្ទឹម​គ្នា​នេះ ក្រុង​តូក្យូ និង​ក្រុង​អាប៊ូដាប៊ី​ក៏​បាន​សន្យា​ធ្វើ​ការ​អភិវឌ្ឍន៍​រវាង​គ្នា​នៅ​ក្នុង​វិស័យ​ផ្សេង ក្រៅ​ពី​ថាមពល​ដែរ។ ថ្លែង​នៅ​ក្នុង​វេទិកា​ជំនួញ​ជប៉ុន អេមីរ៉ាតអារ៉ាប់រួម លោក​នាករដ្ឋមន្រ្តី​ជប៉ុន​អាបេ​បាន​លើក​ឡើង​ពី​ភាព​រីកចម្រើន​ដ៏​អស្ចារ្យ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដែល​លោក​ហៅ​ថា ជា​ទំនាក់ទំនង​យុទ្ធសាស្រ្ត។

សូម​ជម្រាប​ជូន​ថា អេមីរ៉ាតអារ៉ាប់រួម​ជា​ដែគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ជប៉ុន​នៅ​តំបន់​មជ្ឈិមបូព៌ា ហើយ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ប្រេងឆៅ​លំដាប់​ទី២ ឲ្យ​ជប៉ុន បន្ទាប់​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែរ។ នៅ​ក្នុង​ន័យ​នេះ លោក​អាបេ​មិន​ភ្លេច​អរគុណ​​ទីក្រុង​អាប៊ូដាប៊ី​ដែល​ទើប​បាន​បន្ត​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ជប៉ុន​ដែល​កំពុង​បោះទុន​រក​ស៊ី​នៅ​ក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ ក្នុង​ឆ្នាំ ២០១៧ កន្លង​ទៅ ទឹកប្រាក់​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​អេមីរ៉ាតអារ៉ាប់រួម​ចំនួន ២៨ ០០០លានដុល្លារ មាន​ជាង​ពាក់​កណ្តាល​ទាក់ទង​ក្នុង​វិស័យ​ថាមពល។

ក្រៅ​ពី​ពាណិជ្ជកម្ម សេចក្តីថ្លែងការណ៍​រួម​ក៏​បាន​គូសបញ្ជាក់​ពី​ឆន្ទៈ​រួម​គ្នា​ក្នុង​ការ​ផ្តល់​សន្ទុះ​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​យោធា ពិសេស​ក្នុង​ផ្នែក​សម្ភារៈបរិក្ខារ​យោធា និង​បច្ចេកវិទ្យា។ បន្ទាប់​ពី​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម លោក​អាបេ​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្សកដានី អ៊ីស្រាអែល និង​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ