អានតួអត្ថបទ
ជប៉ុន

នាយក​រដ្ឋមន្ត្រី​ជប៉ុន​​​​​ចេញ​​ដំណើរ​​នៅ​​ថ្ងៃ​​សុក្រ​​នេះ​​ដើម្បី​​ទៅ​​បំពេញ​​ទស្សនកិច្ច​​នៅ​​តំបន់​​មជ្ឈិមបូព៌ា​​

លោក​​ស៊ីនហ្សូ​ អាបេ​ ​នាយក​​រដ្ឋមន្ត្រី​ជប៉ុន​​បាន​​ចាក​ចេញ​​​ពី​​ក្រុង​តូក្យូ​​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​​ទៅ​​បំពេញ​​ទស្សនកិច្ច​​នៅ​​ប្រទេស​​មួយ​​ចំនួន​​ក្នុង​​តំបន់​​មជ្ឈិមបូព៌ា។ ​គោលដៅ​​នៃ​​ដំណើរ​​ទស្សនកិច្ច​​​គឺ​​​ដើម្បី​​ពង្រឹង​​តួនាទី​​​ជប៉ុន​​​នៅ​លើ​វិស័យ​សេដ្ឋកិច្ច​នៅ​​ក្នុង​​តំប​ន់​យុទ្ធសាស្រ្ត​​មួយ​​នេះ។​

នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe
នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

នៅ​មុនពេល​ចាកចេញ​ពី​ទីក្រុង​តូក្យូ ​លោក​ស៊ីនហ្សូ-អាបេ បាន​ថ្លែង​ប្រាប់​អ្នកកាសែត អំពី​ជំហរ​ ត្រៀម​ខ្លួន​របស់​ជប៉ុន ដើម្បី​ការគាំទ្រ​មួយ​ចំពោះ​តំបន់​មជ្ឈិម​បូព៌ា​នៅ​ក្នុង​​វិស័យ​សេដ្ឋកិច្ច​និង​ការ​រួម​វិភាគទាន​នៅ​លើ​ការ​កសាង​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។

 
ដំណើរ​ទស្សនកិច្ច​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅក្រោយ​បន្ទាប់​ពី​មាន​អំពើ​ភេរវកម្ម​ដ៏​ព្រៃផ្សៃ​នៅ​កណ្តាល​​ទី​ក្រុង​ប៉ារីស​ដែល​បង្ក​ឡើង​ដោយ​ពួក​អ៊ីស្លាម​ជ្រុលនិយម។ ឆ្លៀត​ឱកាស​នោះ​ លោក អាបេ​ បាន​សង្កត់​​ទៀត​ថា «​សាសនា​អ៊ីស្លាម​និង​ពួក​​អ៊ីស្លាម​ជ្រុលនិយម ជា​រឿង​ពីរ​​ដាច់​ស្រឡះ​ដោយ​ឡែក​ពី​គ្នា ហើយ​​​ជប៉ុន​ចង់​រួម​ចំណែក​ជាមួយ​បណ្តា​​ប្រទេស​​នៅ​តំបន់​មជ្ឈិមបូព៌ាដើម្បី​ ​កសាង​សង្គម​មួយ​ដែល​មាន​ការ​អត់​ឧន​គ្នា​ជា​ពិសេស​ខាងផ្លូ​វ​សាសនា។

អម​ដំណើរ​ដោយ​គណប្រតិភូ​ដ៏​សំខាន់​មួយ​ដែល​មាន​គ្នា​សុទ្ធសឹង​ជា​ក្រុម​អ្នកជំនួញ​ធំៗ  ដំណើរ​​ទស្សនកិច្ច​​របស់​លោកអាបេ ​ក៏មាន​គោលដៅ​ដ៏​សំខាន់​មួយដែរ​គឺការព​ង្រឹង​​ទំនាក់​ទំនង​នៅ​លើ​វិស័យ​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​និង​ក៏​ដើម្បី​​បង្កើន​ការ​នាំ​ផលិតផល​ជប៉ុន​​ចេញ​ទៅ​ក្រៅ​ប្រទេស​ឲ្យបាន​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត-នេះ​ជា​ការ​ថ្លែង​បញ្ជាក់​​របស់​លោក Yoshihide Suga អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន។

នៅ​ថ្ងៃ​សៅរ៍​ស្អែក​លោក​អាបេ​នឹង​ចាប់ផ្តើមជួប​ប្រាស្រ័យ​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប​លោក ​ Abdel Fattah al-Sissi។ នៅ​ថ្ងៃ​អាទិត្យ​នាយករដ្ឋមន្ត្រី​ជប៉ុន ​នឹង​អញ្ជើញ​ទៅ​កាន់​ហ្ស៊កដានី ដើម្បី​​ពិភាក្សា​ជាមួយ​ព្រះចៅ Abdallahទី ២ និង​​​ជូន​ដំណឹង​អំពី​ការគាំទ្រ​របស់​ជប៉ុន​ចំពោះ​ប្រទេស​នេះ​ដែល​កំពុង​ប្រឈម​មុខ​នឹង​ចំនួន​ជន​ភៀស​ខ្លួន​ស៊ីរី​ដ៏​សម្បើម​អស្ចារ្យ​ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​សង្រ្គាមនៅក្នុងប្រទេសខ្លួន។​

នៅ​ទីបញ្ចប់​លោក​អាបេ​នឹង​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu និង​បន្ទាប់មក​នឹង​ជួប​ជាមួយ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាម៊ូដ​អាបាស។ គួររំលឹកថា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​ជា​អ្នកគាំទ្រចំពោះ​ដំណោះស្រាយ​ឲ្យ​មាន​រដ្ឋ​ពីរ ​គឺ​រដ្ឋ​អ៊ីស្រាអែល​និង​រដ្ឋ​ប៉ាឡេស្ទីននោះ​ ប្រហែល​ជា​នឹង​ធ្វើ​ការ​ក្រើន​រំលឹក​ដល់​ភាគី​ទាំង​ពីរ​ឲ្យ​​ចាប់​ផ្តើម​​កិច្ច​​ចរចា​សន្តិភាព​ជាមួយ​គ្នា​ឡើង​វិញដែរ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ