អានតួអត្ថបទ
ចិន​

ចិន​​សន្យា​​បន្ត​​កំណែ​​ទម្រង់​ ​និង​​ធ្វើអោយ​​កំណើន​​សេដ្ឋកិច្ច​​មាន​លំនឹង​​ ក្នុងឆ្នាំ​​២០១៨​​

ចិន​បាន​បើក​សន្និសីទ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ ​ដោយ​មា​នវត្តមាន​ថ្នាក់ដឹកនាំ​សំខាន់ៗ​ក្នុង​ប្រទេស​ចូលរួម។ រដ្ឋាភិបាល​ចិន​បាន​សន្យា​ថា នឹង​បន្ត​ធ្វើកំណែទម្រង់​នៅឆ្នាំ​២០១៨ តទៅទៀត ហើយ​នឹង​ធ្វើការ​ប្រុងប្រយ័ត្ន​ក្នុង​នយោបាយ​រូបិយ​វត្ថុ។

ក្រុងសៀងហៃ
ក្រុងសៀងហៃ Wikipedia
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មា​នផ្លូវការ​ចិន បានចុះផ្សាយ​នៅថ្ងៃ​ពុធ​នេះថា ឆ្នាំ​២០១៨​ខាងមុខ​នេះ រដ្ឋាភិបាល​ប៉េកាំង​នឹង​បន្ត​កំណែទម្រង់​តទៅទៀត ដោយ​ធ្វើយ៉ាងណា​អោយ​កំណើន​សេដ្ឋកិច្ច​​មានលំនឹង។ ​ចិន​លើកឡើង​ថា ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន​បាន​ឈានចូល​​យុគមួយថ្មី ហើយ​សេដ្ឋកិច្ច​ចិន​បាន​ឈានជើង​ពីដំណាក់កាល​នៃ​​កំណើន​ឆាប់រហ័ស មកដល់​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់។

គិត​ត្រឹម​៩ខែ​ដើមឆ្នាំ​២០១៧នេះ ​ផលិតផល​សុរប​ជាតិ​ក្នុង​ស្រុក​ចិន​បានកើនឡើង​៦,៩ភាគរយ ​ប្រៀបនឹង​រយៈ​ពេល​ដដែល​ ក្នុង​ឆ្នាំ​២០១៦។ ​​ដូច្នេះ សម្រាប់​ឆ្នាំ​២០១៧​ទាំងមូល​ រដ្ឋ​ចិន​អាច​នឹង​សម្រេចទិសដៅ​ហួស​​ពីគម្រោង​ខ្លួន ដែល​ចង់​អោយ​ភាគរយ​ផលិតផល​សុរបជាតិ​ក្នុងស្រុក​មាន​៦,៥ភាគរយ។ ​ផលវិជ្ជមាន​នេះគឺ​បាន​មកពី​ការ​នាំចេញ​ក្រៅស្រុក​ និង​ចំណាយ​​សាធារណៈ​។ ​​

ក្នុង​គំរោងបន្ត​​កំណែទម្រង់​សេដ្ឋកិច្ច​នៅឆ្នាំ​២០១៨​ខាងមុខ​​ ចិន​គ្រោង​កាត់បន្ថយ​ការ​ប្រថុយ​ប្រថាន​ពាក់ព័ន្ធ​​នឹង​បំណុល គឺធ្វើយ៉ាងណា​ត្រូវចៀសវៀង​កំណើន​បំណុល​តែម្តង។ យោងតាម​ធនាគារ​អន្តរជាតិមួយ​ហៅកាត់ថា​​ ​BRI ឆ្នាំ​២០១៧​នេះ ចិន​មាន​ធ្វើការ​គ្រប់គ្រង​បំណុល​ខ្លួន​បាន​ល្អ។

ដោយឡែក ក្នុង​សន្និសីទ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ អ្នកចូលរួម​មិនបាន​លើកឡើង​ពី​ទិសដៅ​បន្ថយ​បំណុល​សហគ្រាស​ទេ តែក្រុមជំនាញ​លើកឡើង​ថា ការកាត់​​បន្ថយ​បំណុល​សហគ្រាស​​​នេះ វា​នៅតែ​ស្ថិត​ក្នុង​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​របស់​រដ្ឋ​ចិន​តែ​ដដែល​ហ្នឹង។ ក្រៅពី​បំណុល​ រដ្ឋចិន​ក៏​គ្រោង​រក្សា​លំនឹង​ទីផ្សារ​អចលនទ្រព្យ​ផងដែរ។ ប៉ុន្មានឆ្នាំ​ចុងក្រោ​យេនះ តម្លៃ​អចលនទ្រព្យ​បាន​ឡើង​រហ័ស​គួរកត់​សម្គាល់ ​ប៉ុន្តែ​ឆ្នាំ​២០១៧​នេះ​ តម្លៃ​អចលនទ្រព្យ​​​មិនឡើង​រហ័ស​ដូចមុនទៀតទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ