អានតួអត្ថបទ
អ.ស.ប-កូរ៉េខាងជើង

អ.ស.ប.៖​កូរ៉េខាងជើង​បាន​ប្រើប្រាស់​បណ្តាញ​បរទេស​លួចលាក់​ដើម្បី​គេច​ពី​ទ័ណ្ឌកម្មអន្តរជាតិ

នៅ​ថ្ងៃ​សុក្រ ទី២៤ កុម្ភៈ អង្គការ​សហប្រជាជាតិ​បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានការណ៍​នៅ​កូរ៉េខាងជើង។ របាយការណ៍​ដែល​មាន​កម្រាស់ ១០០ទំព័រ​បាន​បង្ហាញ​ថា របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​បាន​ប្រើប្រាស់​បណ្តាញ​អន្តរជាតិ​មួយ​ចំនួន​ដើម្បី​បន្ត​សកម្មភាព​ពាណិជ្ជកម្ម ធនាគារ​ដោយ​លួចលាក់​គេច​ពី​ទ័ណ្ឌកម្ម​អន្តរជាតិ។ ទន្ទឹម​គ្នា​នេះ របាយការណ៍​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ដើម្បី​រឹតបន្តឹង​ទ័ណ្ឌកម្ម​លើ​កូរ៉េខាងជើង​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ។

ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​កំពុង​ទស្សនា​កន្លែង​តាំង​ពិព័រណ៍នេសាទ
ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​កំពុង​ទស្សនា​កន្លែង​តាំង​ពិព័រណ៍នេសាទ Reuters
ផ្សាយពាណិជ្ជកម្ម

ពិត​ជា​របាយការណ៍​មួយ​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល និង​នឹក​ស្មាន​មិន​ដល់​ទាល់​តែ​សោះ។ ភ្ញាក់ផ្អើល និង​នឹក​ស្មាន​មិន​ដល់​ព្រោះ​ពិត​មែន​តែ​កូរ៉េខាងជើង​បាន​ជាប់​ទ័ណ្ឌកម្ម​អន្តរជាតិ​ជា​ច្រើន​ឆ្នាំ​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ក៏​ដោយ ក៏​របប​កុម្មុយនិស្ត​មួយ​នេះ​អាច​បន្ត​រស់រាន​មាន​ជីវិត និង​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​តាម​រយៈ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល។ តាម​ពិត​ទៅ និង​បើ​ផ្អែក​តាម​របាយការណ៍​កម្រាស់ ១០០ទំព័រ​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​បន្ត​ធ្វើ​ពាណិជ្ជកម្ម និង​ប្រើ​គណនី​នៅ​បរទេស​ដោយ​ប្រើ​បណ្តាញ​បច្ចេកវិទ្យា​លួចលាក់​តាម​រយៈ​ការ​ជួយ​ពី​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន។

យោង​តាម​របាយការណ៍ រដ្ឋអំណាច​កូរ៉េខាងជើង​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រក​ចំណូល​ដោយ​គេច​ពី​ទ័ណ្ឌកម្ម​អន្តរជាតិ ពិសេស​ការ​ទទួល​យក​ការ​ទូរទាត់​ជា​លុយសុទ្ធ ឬ​ជា​មាស ពោល​ចៀងវាង​ការ​ផ្ទេរ និង​បញ្ជូន​លុយ​តាម​ប្រព័ន្ធ​ធនាគារ​ដែល​មាន​ការ​ហាម​ឃាត់​នៅ​ក្នុង​ទ័ណ្ឌកម្ម។ ក្រុម​អ្នកជំនាញ​ដែល​បាន​តាក់តែង​របាយការណ៍​នេះ​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​បន្ត និង​បង្កើន​ការ​នាំ​ចេញ​រ៉ែ​គ្រប់​ប្រភេទ​ដែល​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស របាយការណ៍​បាន​អះអាង​ថា មាន​ក្រុមហ៊ុន​បរទេស​ចំនួន​ពីរ​បាន​ជួយ​កូរ៉េខាងជើង​ឲ្យ​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គេច​ពី​ទ័ណ្ឌកម្ម​អន្តរជាតិ។

របាយការណ៍​បាន​យល់​ឃើញ​ថា ទ័ណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង​នៅ​ខ្សោយ និង​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ នៅ​ក្នុង​ន័យ​នេះ របាយការណ៍​បាន​ចេញ​អនុសាសន៍​ឲ្យ​រឹតបន្តឹង​ទ័ណ្ឌកម្ម និង​ទាមទារ​ឲ្យ​គ្រប់ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​តាម​ឃ្លាំមើល​លើ​សកម្មភាព​មន្រ្តីការទូត​កូរ៉េខាងជើង​នៅ​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ