អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ​ដូរចិត្ត មកទទួល​ស្គាល់​គោលការណ៍​ចិន​តែមួយ​វិញ

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​និយាយ​ប្រាប់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង ថា អាមេរិក​នឹង​ទទួលស្គាល់​គោលការណ៍​ចិន​តែមួយ។ តាម​សេតវិមាន ប្រមុខ​ដឹកនាំ​កំពូល​ចិន និង​អាមេរិក​បាន​ពិភាក្សា​គ្នា​តាមទូរស័ព្ទ​ជា​លើក​ទី១ ចាប់តាំង​ពី​លោក​ដូណាល់ ត្រាំ បាន​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់អាមេរិក។ 

ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​អាមេរិក​
ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​អាមេរិក​ REUTERS/Toby Melville/Lucas Jackson/File Photos
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ចង់​រំងាប់​កំហឹង​របស់​ចិន នៅក្នុង​រឿង​តៃវ៉ាន់។ ទីក្រុង​ប៉េកាំង បាន​ខឹងឆេះដុំ បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ដែល​នេះ​ជាលើក​ទី១ ចាប់តាំង​អាមេរិក​បាន​យល់ព្រម​ទទួល​ស្គាល់​គោលការណ៍​ចិន តែមួយ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិកាំង កាលពី​ខែ​ធ្នូ លោក​ដូណាល់ ត្រាំ នៅ​បាន​និយាយ​ទៀត​ថា លោក​ដូច​ជា​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​គោរព​គោលការណ៍​ចិន​តែ​មួយ​នោះ​ទេ។

 
សំដី​របស់​ម្ចាស់​សេតវិមាន​បាន​បង្ក​ឲ្យ​មាន​មតិប្រឆាំង​ខ្លាំង​ពី​រដ្ឋាភិបាល​ចិន រហូត​ធ្វើឲ្យ​គេ​បារម្ភ​ថា នៅក្រោម​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ ចិន និង​អាមេរិក នឹង​អាច​តានតឹង​ខ្លាំង​នឹង​គ្នា។

ប៉ុន្តែ នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ នៅថ្ងៃ​ម្សិលមិញ ជាមួយ​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង លោកដូណាល់ ត្រាំ បែរ​ជា​មក​និយាយ​ផ្អែម​វិញ សម្រាល​ភាពតានតឹង ដោយថា លោក​បាន​ដូរចិត្ត ហើយ​និង​ថា លោក​នឹង​ទទួល​ស្គាល់​គោលការណ៍​ចិន​តែមួយ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន បាន​បង្ហាញថា ទៅតាម​ការសុំ​របស់​ប្រធានាធិបតី​ចិន លោកដូណាល់ ត្រាំ សុខចិត្ត​ទទួល​ស្គាល់ គោលការណ៍​ចិន​តែមួយ ដែល​អាមេរិក​បាន​អនុវត្ត តាំង​ពី​ឆ្នាំ ១៩៧៩។

នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ ប្រមុខដឹកនាំ​ចិន និង​អាមេរិក​បាន​និយាយ​ថា នៅពេល​ណា​ដែល​បញ្ហា​ចិនតែមួយ ត្រូវ​បាន​ដោះស្រាយ នោះ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​នឹង​ល្អ​ធម្មតា​ឡើងវិញ។ តៃវ៉ាន់​ជា​សំណុំរឿង​រសើប​សម្រាប់​ប្រទេស​ចិន ដែល​បាន​ចាត់ទុក​តៃវ៉ាន់ ជា​ដីកោះ​មួយ​របស់ខ្លួន។ លោក​James Zimmerman អតីត​ប្រធាន​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​ចិន ​បានវាយតម្លៃថា លោកដូណាល់ ត្រាំ មិនគួរ​លើក​សើរើ​ពីរឿង​ចិន​តែមួយ​ទាល់​តែ​សោះ។ សម្រាប់​អតីត​ប្រធាន​សភា ពាណិជ្ជកម្ម​អាមេរិក នៅ​ចិន មាន​មធ្យោបាយ​ច្រើន​ណាស់​ដើម្បី​ចរចា ជាមួយ​ចិន។ ប៉ុន្តែ បើសិន​គេ​យក​ការគំរាម​ដែល​ប៉ះពាល់​ដល់​មូលដ្ឋាន​គ្រឹះ​របស់​ចិន ដូចជា​រឿង​កោះតៃវ៉ាន់​ជាដើមនោះ នោះ គេ​នឹង​មិនបាន​អ្វី​ពី​ចិន​សោះឡើយ។ ផ្ទុយទៅវិញ គេ​មាន​តែ​បង្ក​បញ្ហា ប្រឈមមុខ​កាន់តែខ្លាំង​ជាមួយ​ចិន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​ពិភពលោក។

តាម​អតីត​ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​ចិន ដោយ​ប្រែក្រឡាស់​សំដី លឿន យ៉ាងដូច្នេះ នៅទីបំផុត លោកដូណាល់ ត្រាំ បានបង្ហាញ​ឲ្យ​ពិភពលោក​ឃើញថា លោក តាមពិត​គ្រាន់តែ​ជា​ខ្លាក្រដាស ដែល​បាន​ត្រឹម​តែ​គំរាម ប៉ុន្តែ នៅ​ទីបំផុត គ្មាន​សមត្ថភាព និង​មធ្យោបាយ​ដើម្បី ជំនះ​ឧបសគ្គ បញ្ហា​ដែល​លោក​ជាអ្នក​បង្កឡើង​នោះទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ